រដ្ឋាភិបាល​គ្រោង​ទិញ​ថាមពល​អគ្គិសនី​ពី​ប្រទេស​ឡាវ​ ចំនួន​ ២៤០០​ មេ​ហ្កា​វ៉ាត់

0

​ដោយ ​វុត្ថា​

ភ្នំពេញ​៖ គណៈរដ្ឋ​មន្ត្រី​ នឹង​ចាប់ផ្តើម​ប្រជុំ​ពិភាក្សា​លើ​គម្រោង​ទិញ​ថាមពល​អគ្គិសនី​ផលិត​ដោយ​ធ្យូងថ្ម​ ២៤០០​ មេ​ហ្កា​វ៉ាត់​ពី​ប្រទេស​ឡាវ​នៅ​ថ្ងៃទី១១​ ​ខែកញ្ញា​ ឆ្នាំ២០១៩នេះ​ ​ក្រោម​អធិបតីភាព​របស់​សម្តេច​អគ្គមហាសេនា​បតី​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋ​មន្រ្តី​នសក​ម្ពុ​ជា​។

លោក​ ផៃ​ ស៊ី​ផាន​ អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុ​ជាប​ បានឱ្យ​ដឹង​នៅ​ថ្ងៃទី​ ៩ ខែកញ្ញា​ ឆ្នាំ​ ២០១៩​ នេះ​ថា​ ក្រៅពី​ពិភាក្សា​ទិញ​ថាមពល​អគ្គិសនី​ផលិត​ដោយ​ធ្យូងថ្ម​ ២៤០០​ មេ​ហ្កា​វ៉ាត់​ពី​ប្រទេស​ឡាវ​ គណៈរដ្ឋ​មន្ត្រី​ ក៏​នឹង​ពិភាក្សា​ និង​ឆ្លង​លើ​របៀបវារៈ​ដូចជា​សំណើសុំ​ការយល់ព្រម​ពី​គណៈរដ្ឋមន្រ្តី​ ដើម្បី​សុំ​ការ​អនុម័ត​យល់ព្រម​ពី​ស្ថាប័ន​នីតិប្បញ្ញត្តិ​លើ​៖ កិច្ច​ព្រមព្រៀង​អាស៊ាន​ស្តី​ពី​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ ​និង​ កិច្ច​ព្រមព្រៀង​ស្តី​ពី​ការបង្កើត​ក្របខណ្ឌ​សម្ព័ន្ធភាព​ថាមពល​ព្រះអាទិត្យ​អន្តរជាតិ​ផង​ដែរ​ ។

រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ ប៉ាន​ សូរ​ស័ក្តិ​ កាលពី​កន្លង​ទៅ​ថ្មី​ៗនេះ​ បាន​ស្នើ​ប្រទេស​ឡាវ​ ជួយ​សម្របសម្រួល​ និង​ពន្លឿន​ការ​បញ្ជូន​អគ្គិសនី​មកកាន់​ប្រទេស​កម្ពុជា​ ដោយ​អនុលោម​តាម​កិច្ច​ព្រមព្រៀង​ទិញ​-លក់​អគ្គីស​នី​ ដែល​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ​បាន​ចុះហត្ថលេខា​ កាលពី​កំឡុង​ខែមីនា​ ឆ្នាំ២០១៩​ ដើម្បី​ធានា​ស្ថិរភាព​ការប្រើ​ប្រាស់​វិស័យ​ថាមពល​ នៅក្នុង​ប្រទេស​កម្ពុជា​។

លោក​បន្ត​ថា​ ប្រទេស​ឡាវ​ បាន​ឯកភាព​ជួយ​បំពេញ​តម្រូវការ​ប្រើប្រាស់​ថាមពលអគ្គីសនី​នៅក្នុង​ប្រទេស​ ខណៈ​ដែល​កម្ពុជា​កំពុង​សម្រុក​សាងសង់​រោងចក្រអគ្គិសនី​ ដើរ​ដោយ​ធ្យូងថ្ម​ ៧០០មេ​ហ្កា​វ៉ាត់​ នៅ​ខេត្ត​ព្រះសីហនុ​ និង​រោងចក្រ​ដើរ​ដោយ​ពន្លឺ​ព្រះអាទិត្យ​ ២៤០មេ​ហ្កា​វ៉ាត់​ នៅ​ខេត្ត​កំពង់ស្ពឺ​ កំពង់ឆ្នាំង​ និង​ពោធិ៍សាត់​ ដើម្បី​ដាក់​ឱ្យ​ដំណើរការ​ជាបន្តបន្ទាប់​នៅក្នុង​ឆ្នាំនេះ​ និង​ឆ្នាំក្រោយ​។

លោក​រដ្ឋមន្ត្រី​បញ្ជាក់​ទៀត​ថា​ ក្រៅពី​គម្រោង​ខាងលើ​ កម្ពុជា​ក៏បាន​ទិញ​ម៉ាស៊ីន​ភ្លើង​ធំៗ​ចំនួន​ពីរ​ ពី​ប្រទេស​ហ្វាំងឡង់​ និង​អាល្លឺម៉ង់​ ដើម្បី​បង្ការ​មិន​ឱ្យ​មាន​បញ្ហា​កង្វះ​អគ្គិសនី​កើតឡើង​ឆ្នាំក្រោយ​ ហើយ​នៅ​ថ្ងៃ​អនាគត​ បើសិនជា​យើង​មាន​ថាមពល​ប្រើប្រាស់​គ្រប់គ្រាន់​ លើស​ពី​តម្រូវការ​ យើង​នឹង​លក់​ថាមពល​អគ្គិសនី​ ដែល​សល់​ពី​ការប្រើ​ប្រាស់​ក្នុង​ស្រុក​ ទៅកាន់​ប្រទេស​សមាជិក​អាស៊ាន​ផង​ដែរ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here