ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ នៅក្នុងគោលដៅជំរុញ និងលើកកម្ពស់វិស័យអាជីវកម្ម ជាពិសេស លើកទឹកចិត្តដល់បណ្តាសហគ្រិនទាំងអស់នៅកម្ពុជា ក្រុមហ៊ុន CEO Master Club Investment PLC បានចាប់ផ្តើមសម្ពោធបើកដំណើរការជាផ្លូវការណ៍ក្រោមការទទួលស្គាល់ និងគាំទ្រយ៉ាងពេញទំហឹងពីសំណាក់គណៈកម្មការមូលប័ត្រកម្ពុជា។
ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន CEO Master Club Investment PLC លោក អោម សេងបូរ៉ា បានមានប្រសាសន៍នៅក្នុងឱកាសពិធីបើកសម្ពោធដំណើរជាការផ្លូវកាលពីល្ងាចថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៩នេះថា ក្រុមហ៊ុន CEO Master Club Investment PLC បង្កើតឡើងដើម្បីអាចទទួលបាន និងបែងចែកប្រយោជន៍ជាច្រើនដល់បណ្តាសហគ្រិននានាដែលកំពុងតែធ្វើការវិនិយោគដោយផ្ទាល់នៅកម្ពុជា ក៏ដូចជាជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាផងដែរ។
-->
លោកបានបន្តទៀតថា “នៅកម្ពុជានាពេលបច្ចុប្បន្ននេះ មានសហគ្រិនជាច្រើនដែលពោរពេញទៅដោយសក្ដានុពល ហើយក្រុមហ៊ុននឹងធ្វើការជាសហគ្រិនទាំងអស់នេះ”។
លោកបានបន្តទៀតថា “ជាក់ស្ដែងពេលនេះ សហគ្រិនជាច្រើនដែលកំពុងតែមានសក្ដានុពល គឺកំពុងតែទទួលបានចំណេញ ហើយមានឱកាសក្នុងការពង្រីកខ្លួន ប៉ុន្តែទាស់ត្រង់ថា មានបញ្ហាមួយគឺដើមទុន។ ដូច្នេះ តើពួកគាត់គួរធ្វើយ៉ាងណាដើម្បីទទួលបានដើមទុនមកពង្រីកអាជីវកម្មរបស់ពួកគាត់។
តាមរយៈ CEO Master Club Investment PLC ពួកគាត់នឹងអាចទទួលបានទុនបន្ថែមប្រកបដោយភាពរឹងមាំ”។ លោកបានបន្តទៀតថា “កាលពីមុនពួកគាត់ចង់បានទុន ពួកគាត់អាចស្វែងរកដើមទន់ពីសាច់ញាតិ មិត្តភ័ក្ដិ ឫចងការពីធនាគារជាដើម ប៉ុន្តែពេលនេះ ពួកគាត់អាចមានជម្រើសល្អជាងពេលមុនក្រោយពេលពួកគាត់ដែលជាសហគ្រិនចូលរួមជាមួយក្រុមហ៊ុន CEO Master Club Investment PLC ”។
លោក អោម សេងបូរ៉ា បានបន្តទៀតថា “CEO Master Club Investment PLC ចង់ឃើញកម្ពុជា គឺជាប្រទេសមួយដែលមានភាពជឿនលឿន និងមានបានយ៉ាងឆាប់រហ័ស”។ លោកបន្តថា “កាលពីមុនបណ្តាអ្នកវិនិយោគ និងអភិវឌ្ឍន៍ធំៗនៅលើពិភពលោកនិយាយថា កម្ពុជាអាចដើរយឺតជាងប្រទេសថៃរហូតដល់៥០ឆ្នាំ។ ដើរយឺតជាងប្រទេសវៀតណាមជាង ៣០ឆ្នាំ ។ យឺតជាងសាំងហ្គាពួររហូតដល់ ១០០ឆ្នាំ”។
គ្រប់បណ្តាប្រទេសទាំងអស់ដែលមានភាពរឹងមាំ និងក្លាយជាប្រទេសមហាអំណាច គឺសុទ្ធតែមានភាពខ្លាំងខាងផ្នែកសេដ្ឋកិច្ច និងការដឹកនាំប្រកបដោយស្ថិរភាពផ្នែកនយោបាយ និងសន្តិសុខទាំងអស់។ កម្ពុជាបានឆ្លងកាត់នូវបញ្ហាជាច្រើនរាប់មិនអស់ ដូចជាបញ្ហាសង្គ្រាមជាដើម ដែលជាហេតុធ្វើឱ្យមានភាពខ្វះបទពិសោធន៍ និងការជំរុញផ្នែកវិនិយោគអាជីវកម្ម ដែលតម្រូវឱ្យមានការខិតខំសិក្សាបន្ថែមពីបណ្តាប្រទេសនានាដែលមានភាពចាស់ទុំផ្នែកមុខជំនួញ និងសេដ្ឋកិច្ចជាចាំបាច់។
ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន CEO Master Club Investment PLC បានបញ្ជាក់ថា “នៅកម្ពុជា ភាគច្រើនមុខជំនួញនានាជាលក្ខណៈគ្រួសារនៅឡើយ ស្ទើរតែប្រៀបបានទៅនឹងទាសករអាជីវកម្ម ដែលវាមិនទាន់មានលក្ខណៈស្ដង់ដារនៅឡើយនោះទេ”។
លោកបានបន្តទៀតថា “តាមរយៈក្រុមហ៊ុន CEO Master Club Investment PLC ខ្ញុំនឹងយកបទពិសោធន៍របស់ខ្ញុំដែលមានការទទួលស្គាល់យ៉ាងទូលាយជាសកល មកចែករំលែក និងជួយជ្រោមជ្រែង ពង្រឹង និងពង្រីកអាជីវកម្មលក្ខណៈគ្រួសាររបស់សហគ្រិនជាសមាជិក ឱ្យមានការវិវត្តន៍ទៅជាលក្ខណៈស្ដង់ដារអន្តរជាតិយ៉ាងប្រាកដ”។
លោកបានបញ្ជាក់ទៀតថា “សហគ្រិនភាពនៅកម្ពុជា បានចូលរួមចំណែកយ៉ាងច្រើននៅក្នុងសង្គម ដែលក្រៅពីអាចទទួលបានចំណេញលើអាជីវកម្ម ថែមទាំងអាចជួយចូលរួមដល់សង្គមជាតិទាំងមូល ដូចជាការផ្តល់ឱកាសការងារ ការបណ្តុះចំណេះដឹង និងជំនាញបន្ថែមដល់បុគ្គលិក ជាពិសេសចូលរួមជួយបង្កើនចំណូលដល់សេដ្ឋកិច្ចជាតិតាមរយៈការបង់ពន្ធលើប្រាក់ចំណូល” ៕






