ដោយ នៅ វឌ្ឍនា
ភ្នំពេញៈ អគ្គនាយកផ្សារមូលបត្រកម្ពុជា លោកហុង សុហួរបានមានប្រសាសន៍លើកកទឹកចិត្តដល់ម្ចាស់អាជីវកម្មទាំអស់ ត្រូវចេះយកលុយអ្នកដទៃ ដើម្បីពង្រីកអាជីវកម្មឬគំរោងវិនិយោគរបស់ខ្លួនឱ្យមានការរីកចំរើន និងធំធាត់កានតែខ្លាំងបន្ថែមទៀត។

-->
លោកហុង សុហួរបានមានប្រសាសន៍៍បែបនេះនៅក្នុងពិធីសម្ពោធក្រុមហ៊ុន CEO Master Club Investment PLCនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ ២០១៩កន្លងមកនេះ។ លោកបន្តថា ម្ចាស់អាជីវកម្មទាំងអស់ត្រូវចេះ ប្រើបា្រស់លុយអ្នកដទៃ ដើម្បីពង្រីកអាជីវកម្មរបស់ខ្លួន ដោយកុំទន្ទឹងរងចាំប្រាក់ចំណេញ ដែលសន្សំពីអាជីវកម្មរបស់ខ្លួន ព្រោះវាអាចប្រើពេលយូ ដោយយ៉ាងហោចណាស់ប្រើពេល២ទៅ៣ឆ្នាំ។
ក្នុងន័យនេះ លោកហុង សុហួរបានស្នើដល់ម្ចាស់អាជីវកម្មទាំងអស់ អាចទៅខ្ចីលុយពីធនាគា ដោយយកប្លង់ដីយកបញ្ចាំងដើម្បីបានលុយយកមកពង្រីកអាជីវកម្មរបស់ខ្លួន។ ជំរើសមួយទៀតសម្រាប់អាជីវកម្ម ដែលទើបបង្កើតថ្មីគឺប្រើលុយអ្នកដទៃ ក្នុងនាមជាភាគហ៊ុន។
លោកបានលើកជាឧទាហរណ៍ថា បើមានលុយ២លានដុល្លារបើកហាងមួយ ទទួលបានប្រាក់ចំណេញហើយ កុំទន្ទឹងរងចាំប្រាក់ដែលសន្សំពីអាជីវកម្មមួយខែបន្តិចៗ ទំរាំបានលុយបើកអាជីវកម្មទី២នោះ ត្រូវប្រើពេលយូណាស់ ហើយអាចនឹងមានហានីភ័យដោយសារតែមានការចម្លងតាមគ្នា។
លោកថា “ចឹងខ្ញុំសូមលើកទឹកចិត្តឱ្យចេះប្រើប្រាស់លុយរបស់អ្នកដទៃ នៅពេលឃើញអាជីវកម្មរបស់ខ្លួនមានភាពជោគជ័យហើយ និងរីកចំរើនហើយ ត្រូវយកលុយគេមកពង្រីកបន្ថែមទៀត”។
លោកហុង សុហួរបានបញ្ជាក់ទៀតថា ការធ្វើបែបនេះ គឺដើម្បីឱ្យអ្នកមានធនធាន ហើយពុំមានពេលគ្រប់គ្រាន់ មានលទ្ធចូលរួមវិនិយោគជាមួយ ក្នុងការពង្រីកអាជីវកម្ម ដើម្បីទទួលបានផលចំណេញទាំងអស់គ្នា គឺចំណេញទាំងអាជីវកម្ម និងក្រុមហ៊ុនផ្ទាល់។
លោកបញ្ជាក់ទៀតថា សម្រាប់អ្នកមានលុយច្រើនរួចហើយ បានបោះទុនវិនិយោគជាមួយក្រុមហ៊ុនដែលមានសក្តានុពល នឹងទទួលបានផលចំណេញច្រើនជាងយកលុយទៅដាក់ក្នុងធនាគារ ដោយគ្រាន់តែចំណាយ២ម៉ឺនដុល្លារអាមេរិក នឹងចំណេញដល់៤ម៉ឺនដុល្លារសហរដ្ឋអាមេរិក ; បើក្រុមហ៊ុននោះគ្រប់គ្រងបានល្អ៕