ដោយៈ រ៉ាណេត
ភ្នំពេញៈ កម្ចីពីធនាគារ គឺជាជម្រើសមួយដ៏ល្អ សម្រាប់អ្នកដែលខ្វះសាច់ប្រាក់ក្នុងកិច្ចប្រតិបត្តិការអាជីវកម្មក្នុងរយៈពេលខ្លី និងមានភាពច្បាស់លាស់ថា អាចទទួលបានប្រាក់ចំណេញត្រឡប់មកវិញក្នុងរយៈពេលខ្លី។ ប៉ុន្តែបើខ្ចីលុយពីធនាគារ ដើម្បីបណ្តាក់ទុនវិនិយោគក្នុងរយៈពេលវែង វាមិនមែនជាជម្រើសដែលត្រូវទទួលយកនោះទេ។

-->
អគ្គនាយកគណកម្មការមូលបត្រកម្ពុជា លោកស៊ូ សុជាតិ បានលើកឡើងក្នុងពេលចូលរួមពិធីសម្ភោធក្រុមហ៊ុន CEO Master Club Investment Plc នាល្ងាចថ្ងៃទី៩ កញ្ញាកន្លងមកថា មុនពេលសម្រេចចិត្តវិនិយោគលើវិស័យណាមួយ ដាច់ខាតត្រូវតែមានដើមទុនបម្រុង និងគ្រប់គ្រាន់ជាមុនសិន ដោយមិនត្រូវអាស្រ័យទៅលើប្រាក់កម្ចីពីធនាគារមកធ្វើការវិនិយោគនោះទេ។

លោកបានបន្តទៀតថា“បើខ្ចីលុយពីធនាគារ ដើម្បីធ្វើអាជីវកម្មដើម្បីទទួលទានក្នុងលក្ខណៈឬទ្រង់ទ្រាយតូច ដោយមានគម្រោងនិងទំនុកចិត្តថា អាចទទួលបានប្រាក់ចំណេញត្រឡប់មកវិញយ៉ាងប្រាកដនោះគឺជាជម្រើសល្អ”។
លោកស៊ូ សុជាតិបានបន្តទៀតថា “ក្រុមហ៊ុនគ្រប់គ្រងមូលនិធិរួម ដែលស្ថិតនៅក្រោមគណកម្មការមូលបត្រកម្ពុជា ត្រូវការតែអ្នកដែលសល់សាច់ប្រាក់ ប៉ុន្តែមិនមានឱកាស ឬលទ្ធភាពវិនិយោគដោយខ្លួនឯងតែប៉ុណ្ណោះ។
លោកបន្តទៀតថា “មូលបត្របំណុល ឬគម្រោងវិនិយោគរួម ជាការបោះផ្សារលក់មូលបត្ររបស់ក្រុមហ៊ុនមួយ ដើម្បីប្រមូលទុនទៅវិនិយោគឬពង្រីកក្រុមហ៊ុនរបស់ខ្លួន”។
លោកបានបន្តទៀតថា “សាធារណៈជន ក៏ដូចជាអ្នកវិនិយោគនានា អាចចូលរួមទិញមូលបត្របំណុលពីក្រុមហ៊ុនណាមួយនោះ និងទទួលបានអត្រាការប្រាក់ក្នុងចំនួនថេរមួយ ស្របតាមបទបញ្ញត្តិដាក់ចេញរវាងក្រុមហ៊ុន និងគណៈកម្មការមូលបត្រកម្ពុជា ដែលស្ម័គ្រចិត្តទិញមូលបត្របំណុលនៃក្រុមហ៊ុនណាមួយនោះ”។

សម្រាប់អ្នកដែលចូលរួមនៅក្នុងគម្រោងវិនិយោគ ចាំបាច់ត្រូវតែគិត និងទទួលស្គាល់ថា អាចទទួលបានចំណេញនិងខាត ដែលវាមិនមែនសុទ្ធតែអាចទទួលបានចំណេញទាំងស្រុងនោះទេ។ ប៉ុន្តែមុនពេលសម្រេចចិត្តបោះទុនចូលរួម ដាច់ខាតត្រូវតែសិក្សាលម្អិតពីក្រុមហ៊ុនដែលប្រកាសប្រមូលទុន ជៀសវាងចាញ់បើកជនខិលខូច ដែលកំពុងតែមានសកម្មភាពនាពេលបច្ចុប្បន្ននេះ៕