តំបន់​ឧស្ម័ន​ត្រួតស៊ីគ្នា​រវាង​កម្ពុជា​និង​ថៃ​ដែល​មាន​ឧស្ម័ន​រហូតដល់​ ៥០០លាន​បារ៉ែល​ ខណៈ​រដ្ឋាភិបាល​ទាំងពីរ​ពិភាក្សា​ពី​ការ​ទាញ​យក​

0

ដោយ​ ម៉ា​ណេត​

ភ្នំពេញ​៖ កម្ពុជា​ និង​ថៃ​បាន​ព្រមព្រៀង​ពិចារណា​លើ​ការ​បើក​កិច្ចពិភាក្សា​ឡើងវិញ​ស្តី​ពី​ការ​អភិវឌ្ឍ​តំបន់​ប្រេង​ និង​ឧស្ម័ន​ត្រួតស៊ីគ្នា​ (OCA​) នៅក្នុង​ឈូងសមុទ្រ​ថៃ​ដែល​មាន​ឧស្ម័ន​រហូតដល់៥០០លាន​បារ៉ែល​។ នេះ​យោង​តាម​ប្រសាសន៍​របស់​រដ្ឋមន្រ្តី​ក្រសួង​ថាមពល​ថៃ​ ចុះផ្សាយ​កាល​នៅ​កាសែត​ថៃ​កាលពី​ពេល​ថ្មី​ៗនេះ​។

ដំណោះស្រាយ​ត្រូវ​បាន​បង្ហាញ​ដោយ​ Sontirat​ Sontijirawong​ រដ្ឋមន្រ្តី​ក្រសួង​ថាមពល​ថៃ​ បន្ទាប់ពី​កិច្ចប្រជុំ​ជាមួយ​រដ្ឋមន្រ្តី​ក្រសួង​រ៉ែ​ និង​ថាមពល​នៅ​ក្រៅ​កិច្ចប្រជុំ​រដ្ឋមន្រ្តី​ថាមពល​អាស៊ាន​លើក​ទី៣៧នៅ​ទីក្រុង​បាងកក​។ កិច្ចប្រជុំ​បាន​ចាប់ផ្តើម​នៅ​ថ្ងៃ​ ច័ន្ទ​ ហើយ​គ្រោង​នឹង​បញ្ចប់​នៅ​ថ្ងៃសុក្រ​។

នៅក្នុង​កិច្ចពិភាក្សា​នេះ​ តំណាង​មក​ពី​ប្រទេស​ទាំងពីរ​បាន​ឯកភាព​គ្នា​ថា​ តំបន់​ត្រួតស៊ីគ្នា​គួរតែ​ត្រូវ​បាន​អភិវឌ្ឍ​តាមរបៀប​មួយ​ ដែល​ផ្តល់​ផលប្រយោជន៍​ដល់​ថៃ​ និង​កម្ពុជា​ ហើយ​កិច្ចពិភាក្សា​គួរតែ​ត្រូវ​បាន​ធ្វើឡើង​ឱ្យ​បាន​ឆាប់​បំផុត​។

លោក ​Sontirat​ មានប្រសាសន៍​ថា​ “យើង​កំពុង​ស្វែងរក​វិធី​ល្អ​បំផុត​ ដើម្បី​បន្ត​ការពិភាក្សា​លើ​បញ្ហា​នេះ​ បន្ទាប់ពី​មាន​ការ​ពន្យា​ពេល​ជាច្រើន​ទសវត្សរ៍​”។លោក​បាន​បន្ត​ថា​ “ខណៈ​ពេល​ដែល​ពេលវេលា​ជាក់លាក់​មិន​ត្រូវ​បាន​ព្រមព្រៀង​គ្នា​ កម្ពុជា​នឹង​ត្រូវ​បាន​ជូនដំណឹង​នៅពេល​ដែល​យើង​គ្រប់គ្រង​ ដើម្បី​លុបបំបាត់​ឧបសគ្គ​នៅ​ខាងយើង​ហើយ​សង្ឃឹមថា​ ការពិភាក្សា​អាច​នឹង​បន្ត​ឡើងវិញ​នៅពេល​នោះ​”។

លោក​ Sontirat​ ក៏បាន​មានប្រសាសន៍​ថា​ ប្រទេស​ទាំងពីរ​បាន​ឯកភាព​ជាគោល​ការណ៍​ថា​ តំបន់​ត្រួតស៊ីគ្នា​គួរតែ​ត្រូវ​បាន​អភិវឌ្ឍន៍​ ដើម្បី​ផលប្រយោជន៍​ទៅវិញទៅមក​។

សិទ្ធិ​អភិវឌ្ឍន៍​នៅ​លើ​តំបន់​ត្រួតស៊ីគ្នា​មាន​ទំហំ២៦​,០០០​ គីឡូម៉ែត្រ​ការ៉េ​រវាង​កម្ពុជា​ និង​ថៃ​ និង​ជា​តំបន់​ជម្លោះ​ដែល​ភាគី​ទាំងពីរ​បាន​ទាម​ទារ​រៀង​ៗខ្លួន​ តាំងពី​ដើម​ទត​វត្សរ៍​ឆ្នាំ១៩៧០​។

អនុស្សរណៈ​យោគយល់​គ្នា​ ដើម្បី​រុករក​រួមគ្នា​ក្នុង​តំបន់​ត្រូវ​បាន​ចុះហត្ថលេខា​កាលពី​ឆ្នាំ២០០១​ តែ​ក្រោយមក​រដ្ឋាភិបាល​ថៃ​បាន​ទុកចោល​នៅ​ឆ្នាំ២០០៩​។

តំបន់​អះអាង​ត្រួតស៊ីគ្នា​ត្រូវ​បាន​ប៉ាន់ប្រមាណ​ថា​ មាន​ប្រេង​និង​ឧស្ម័ន៥០០លាន​បារ៉ែល​នៅ​ក្រោម​បាតសមុទ្រ​។

លោក​ជៀប​ សួរ​ អ្នកនាំពាក្យ​ក្រសួង​រ៉ែ​ និង​ថាមពល​ បាន​ប្រាប់​កាសែត​អន្តរជាតិ​មួយ​ថា​ តាម​ផលទ្ធផល​កិច្ច​នៅ​ទីក្រុង​បាងកក​កាលពី​ថ្ងៃ​ ៦ ខែកញ្ញា​នេះ​ កម្ពុជា​ និង​ថៃ​បាន​ឯកភាព​គ្នា​បន្ត​ពិភាក្សា​ឡើងវិញ​ ពី​គម្រោង​អភិវឌ្ឍន៍​ថាម​ពេល​នៅ​តំបន់​ដែល​អះអាង​ថា​ត្រួតស៊ីគ្នា​ដែល​បា​នព​ន្យា​ពេល​យូរ​មក​ហើយ​។

លោក​បានឱ្យ​ដឹង​ទៀត​ថា​ “ក្នុងនាម​ជា​ប្រទេស​មាន​សេដ្ឋកិច្ច​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​ទាំង​ថៃ​ និង​កម្ពុជា​ត្រូវការ​ប្រភព​ប្រេង​ និង​ឧស្ម័ន​បន្ថែម​ទៀត​ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​ថាមពល​ក្នុង​ស្រុក​ដែល​កំពុង​កើនឡើង​”។

លោក​រដ្ឋមន្រ្តី​ក៏បាន​លើកឡើង​ផង​ដែរ​ថា​ លោក​សង្ឃឹមថា​ថៃ​ និង​កម្ពុជា​អាច​ធ្វើ​កិច្ច​ព្រមព្រៀង​ដែល​ស្រដៀងគ្នា​ ទៅ​នឹង​តំបន់​អភិវឌ្ឍន៍​រួមគ្នា​ម៉ាឡេស៊ី​-ថៃ​ (JDA​) ដែល​អនុញ្ញាត​ឱ្យ​ប្រទេស​នី​មួយ​ៗទាមទារ៥០ភាគរយ​នៃ​ទិន្នផល​ឧស្ម័ន​សរុប​របស់​តំបន់​នេះ​។

លោក ​Sontirat​ បាន​លើកឡើង​ផង​ដែរ​ថា​ ថៃ​បាន​ស្នើសុំ​ឱ្យ​កម្ពុជា​បង្កើត​វិធានការណ៍​ដើម្បី​ទាក់ទាញ​ក្រុមហ៊ុន​ថាមពល​ឯកជន​ថៃ​ ក៏ដូចជា​ ក្រុមហ៊ុន​ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​ថៃ​ឱ្យមក​វិនិយោគ​នៅក្នុង​វិស័យ​ថាមពល​នៅ​កម្ពុជា​។

លោក​រដ្ឋមន្រ្តី​បានឱ្យ​ដឹង​ថា​ ថៃ​បាន​ផ្តល់​ការ​លក់​អគ្គិសនី​មួយចំនួន​ ដល់​កម្ពុជា​ដែល​នៅតែ​មិន​អាច​ផលិត​ថាមពលអគ្គីសនី​បាន​គ្រប់គ្រាន់​ ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​ក្នុង​ស្រុក​របស់​ខ្លួន​។

លោក ​Sontirat​ បាន​មានប្រសាសន៍​ថា​ “អាជ្ញាធរ​អគ្គិសនី​ថៃ​នឹង​ព្យាយាម​ចុះ​កិច្ច​ព្រមព្រៀង​ជាមួយ​កម្ពុជា​នា​ពេល​អនាគត​ដ៏​ខ្លី​ខាងមុខ​”៕

LEAVE A REPLY

Please enter your comment!
Please enter your name here