ដោយ វុត្ថា
ភ្នំពេញៈ រដ្ឋាភិបាលតាមរយៈក្រសួងទេសចរណ៍ និងគណៈកម្មធិការជាតិវាយតម្លៃទីក្រុងស្អាត បានដាក់ចេញឱ្យមានការប្រកួតប្រជែងគូរប្លង់ស្ថាបត្យកម្ម “វិថីលក់ម្ហូបអាហារ “ Street Food នៅក្នុងខេត្តជាប់ឆ្នេរចំនួន២គឺខេត្តកែប និងខេត្តកំពត ដើម្បីបង្កើនគុណភាព និងភាពទាក់ទាញលើវិស័យទេសចរណ៍។

-->
យោងតាមសេចក្តីជូនដំណឹង របស់គណៈកម្មធិការជាតិវាយតម្លៃទីក្រុងស្អាត ផ្សព្វផ្សាយកាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៩ ម្សិលមិញនធាគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ក្រសួងទេសចរណ៍ សហការជាមួយរដ្ឋបាលខេត្តកែប និងសហភាពសហពន្ធ័យុវជនកម្ពុជា មានសេចក្តីសោមន្សរីករាយ សូមប្រកាសដាក់ចេញនូវកម្មវិធីប្រកួតប្រជែងគម្រោងប្លង់ស្ថាបត្យកម្ម លើគម្រោងស្ថាបត្យកម្មវិថីលក់ម្ហូបអាហារ (FOOD STREET) សម្រាប់ក្រុងកែប ដែលជាជ័យលាភីទីក្រុងស្អាតចំណាត់ថ្នាក់ផ្ការំដួលបីទងថ្នាក់ជាតិ និងជ័យលាភីទីក្រុងទេសចរណ៍ស្អាតអាស៊ាន។
ដោយឡែកកាលពីកន្លងទៅរដ្ឋាភិបាល ក៏បានដាក់ចេញឱ្យមានការប្រកួតប្រជែងគូរគម្រោងស្ថាបត្យកម្ម “វិថីលក់ម្ហូបអាហារ” នៅក្នុងខេត្តកំពតផងដែរដើម្បីអបអរសាទរពិធីបុណ្យសមុទ្រលើកទី៨ ជុំទី២នៅខេត្តកំពត ដែលនឹងប្រព្រឹត្តទៅនាចុងឆ្នាំ២០១៩នេះ។
លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកប្រចាំកម្ពុជា (PATA) បានឱ្យដឹងនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ ២០១៩ នេះថា ការដាក់ឱ្យមានការប្រកួតប្រជែងស្ថាបត្យកម្ម និងបង្កើតឱ្យមានវិថីលក់ម្ហូបអាហារ (FOOD STREET)នៅក្នុងខេត្តទាំងពីរនេះ ពិតជាល្អណាស់សម្រាប់ប្រទេសកម្ពុជា ក្នុងការទាក់ទាញភ្ញៀវទេសចរណ៍បន្ថែបទៀត។ លោកពន្យល់ថា នៅតាមបណ្តាប្រទេសនានាដូចជាប្រទេសថៃ តៃវ៉ាន់ និងកូរ៉េជាដើម មានវិថីលក់ម្ហូបអាហារ (FOOD STREET) រួចហើយ និងមានការទាក់ទាញភ្ញៀវទេសចរណ៍ទៅលេងកម្សាន្តយ៉ាងច្រើន ។
លោកបន្តថា “ រដ្ឋាភិបាលគួរតែបង្តើតវិថីលក់ម្ហូបអាហារ (FOOD STREET) នេះឱ្យបានច្រើន ទីកន្លែងនៅទូទំាងប្រទេសកម្ពុជា មិនមែនមានតែនៅក្នុងខេត្តកែប និងកំពតនេះទេ ដើម្បីបង្កើននិងទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិមកលេងកម្សាន្តកាន់តែច្រើន។

លោក ណេប សាមុត អគ្គលេខាធិការគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត និងជាអគ្គនាយកគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ បានឱ្យដឹងកន្លងមកនេះថា “វិថីលក់ម្ហូបអាហារ” ត្រូវបានពិភពលោកចាត់ទុកជាភាពទាក់ទាញថ្មីមួយដ៏សំខាន់ សម្រាប់គោលដៅទេសចរណ៍នីមួយៗ។ លើសពីនេះ ម្ហូបអាហារបាននិងកំពុងអភិវឌ្ឍន៍ជាបណ្តើរក្លាយជាមូលហេតុចម្បង នៃការជ្រើសរើសគោលដៅទេសចរណ៍ សម្រាប់ដំណើរកម្សាន្តរបស់ទេសចរ។
លោកបន្តថា “វិថីលក់ម្ហូបអាហារ” ជារបៀបមួយនៃពិព័រណ៍ម្ហូបអាហារដ៏ពេញនិយម ដែលត្រូវបានចាត់ទុកជាផលិតផលទេសចរណ៍មួយដ៏ទាក់ទាញ ជួយពន្យារពេលស្នាក់នៅរបស់ភ្ញៀវទេសចរឱ្យកាន់តែយូរ និងចូលរួមលើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋាន”។
លោកណេប សាមុត បានបញ្ជាក់បន្ថែមថា ការប្រឡងប្រណាំងនេះ គឺបើកទូលាយជាសាធារណៈឱ្យដល់និស្សិតឆ្នាំទី៣ ឆ្នាំទី៤និងឆ្នាំទី៥ ឬបញ្ចប់ការសិក្សាលើជំនាញស្ថាបត្យកម្ម នគរូបនីយវិទ្យា ទេសចរណ៍ឬជំនាញពាក់ព័ន្ធ អាចចុះឈ្មោះបានដោយសេរី តាមរយៈអនឡាញក៏បាន (ស្កេន QR Code នៅលើខិត្តបណ្ណផ្សព្វផ្សាយ) ឬអាចដាក់ពាក្យដោយផ្ទាល់នៅអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ដែលមានទីតាំងនៅទីស្ដីការក្រសួងទេសចរណ៍៕


