សម្តេច​តេជោ​ជំរុញ​មីយ៉ាន់ម៉ា​ពិនិត្យមើល​លទ្ធភាព​ចុះ​កិច្ច​ព្រមព្រៀង​ដើម្បី​បង្កើន​វិស័យ​សេដ្ឋកិច្ច​ និង​ពាណិជ្ជកម្ម​

0

ដោយ​ វុត្ថា​

ភ្នំពេញ​៖ សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា​ បាន​ជំរុញ​ឱ្យ​ប្រទស​មីយ៉ាន់ម៉ា​ ពិនិត្យមើល​នូវ​កិច្ច​ព្រមព្រៀង​នានា​រវាង​កម្ពុជា​-មីយ៉ាន់ម៉ា​ក្នុង​ការ​ផ្តល់​លទ្ធភាព​កចុះ​ហត្ថ​ទ្វេភាគី​ដើម្បី​បង្កើន​សេដ្ឋកិច្ច​ និង​ពាណិជ្ជកម្ម​ ខណៈ​ទំហំ​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំងពីរ​នៅ​មានកម្រិត​ទាប​នៅឡើយ​។

សម្តេច​តេជោ​ បាន​មានប្រសាសន៍​នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​ លោក​ Thit​ Linn​ Ohn​ ឯកអគ្គ​រដ្ឋទូត​មី​យ៉ា​ម៉ា​ថ្មី​ ប្រចាំ​នៅ​កម្ពុជា​នា​ថ្ងៃទី​ ១០​ ខែកញ្ញា​ ឆ្នាំ​ ២០១៩​ នេះ​បានឱ្យ​ដឹង​ថា​ ប្រទេស​ទាំងពីរ​ (កម្ពុជា​-មីយ៉ាន់ម៉ា​) គឺ​មាន​ទំនាក់ ទំនង​ជាមួយគ្នា​ជា​យូរលង់​ណាស់​មក​ហើយ​ ហើយ​នៅ​ឆ្នាំក្រោយ​នេះ​ក៏​ជា​ខួប​លើក​ទី៦៥​ ឆ្នាំ​នៃ​ការបង្កើត​ទំនាក់ទំនង​រវាង​ប្រទេស​យើង​ទាំងពីរ​ផង​ដែរ​។

សម្តេច​តេជោ​បន្ត​ថា​ “យើង​គួរ​ពិនិត្យមើល​ តើ​យើង​គួរ​ធ្វើសកម្មភាព​អ្វីខ្លះ​? ដើម្បី​ប្រារព្ធ​ខួប​អនុស្សាវរីយ៍​លើក​ទី៦៥​ ឆ្នាំ​នៃ​ទំនាក់ទំនង​នេះ​។ ជាមួយគ្នា​នោះ​យើង​គប្បី​ពិនិត្យមើល​ទៅលើ​កិច្ច​ព្រមព្រៀង​ខ្លះ​ ដែល​អាច​នឹង​ត្រូវ​ចុះហត្ថលេខា​ ដើម្បី​ជំរុញ​នូវ​កិច្ច​សហប្រតិបត្តិ​ការ​នៅ​គ្រប់​វិស័យ​ និង​ជំរុញ​កិច្ច​ព្រមព្រៀង​ដែល​មានស្រាប់​ផង​ដែរ​ ដើម្បី​បង្កើន​នូវ​វិស័យ​សេដ្ឋកិច្ច​ ពាណិជ្ជកម្ម​ ការ​វិនិយោគ​ និង​ទេសចរណ៍​ជាដើម​”។

សម្ដេច​តេជោ​បន្ថែម​ថា​ “ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​យើង​ទាំងពីរ​នៅ​មានកម្រិត​នៅឡើយ​ ដោយ​មិនទាន់​សក្តិ​សម​ទៅ​នឹង​សក្តា​នុ​ពល​ដែល​ប្រទេស​ទាំងពីរ​មាន​នោះ​ទេ​។ ដូច្នេះ​ សូមឲ្យ​មានការ​ជំរុញ​បន្ថែម​ទៀត​ក្នុង​ការ​បង្កើន​នៅ​កិច្ច​សហប្រតិបត្តិ​ការ​លើ​វិ​ស័យ​ផ្សេង​ៗជាច្រើន​ទៀត​”។

សម្ដេច​តេជោ​ក៏បាន​ជំរុញ​ឲ្យ​ការ​ធ្វើ​ពាណិជ្ជកម្ម​ច្រើន​បន្ថែម​ទៀត​ក្នុង​តំបន់​អាស៊ាន​ ដើម្បី​បង្កើត​ទីផ្សារ​នៃ​ប្រទេស​ទាំងពីរ​ឲ្យ​កាន់តែ​ទូលំទូលាយ​ ដោយ​ជំរុញ​ឲ្យ​មានការ​ពិនិត្យមើល​ លើស​កម្ម​ភាព​នានា​ ដើម្បី​ជំរុញ​ឲ្យ​ទំហំ​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំងពីរ​កាន់តែ​មាន​ទំហំ​ធំឡើង​នា​ពេល​ខាងមុខនេះ​។

សម្តេច​តេជោ​ថា​ “ហើយ​យើង​គួរតែ​ពិនិត្យមើល​ទៅលើ​កិច្ច​ព្រមព្រៀង​ថ្មី​បន្ថែម​ទៀត​ដូចជា​កិច្ច​ព្រមព្រៀង​ទៅលើ​ការ​មិន​យកពន្ធ​ត្រួតស៊ីគ្នា​ និង​កិច្ច​គាំពារ​វិនិយោគ​ជាដើម​ ដែល​ទាំងអស់​នេះ​ គឺជា​កត្តា​ដែល​ជំរុញ​ឲ្យ​អ្នក​វិនិយោគ​មានការ​ចាប់ អារម្មណ៍​ខ្លាំង​ និង​មានទំនុក​ចិត្ត​ ព្រមទាំង​ធ្វើឲ្យ​កិច្ច​សហប្រតិបត្តិ​ការ​នៃ​ប្រទេស​យើង​ទាំងពីរ​កាន់តែ​មាន​ភាព​ស្អិត​រមួត​ថែម​ឡើង​ទៀត​”។

លោក​ Thit​ Linn​ Ohn​ ជាឯក​អគ្គរដ្ឋទូត​មី​យ៉ា​ម៉ា​ថ្មី​ ប្រចាំ​នៅ​ប្រចាំ​កម្ពុជា​ បានឱ្យ​ដឹង​ថា​ សម្រាប់​វត្តមាន​រូបលោក​នៅក្នុង​អាណត្តិ​នេះ​ និង​បាន​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការជំរុញ​បន្ថែម​ទៀត​នូវ​ទំនាក់ទំនង​ក៏ដូចជា​កិច្ច​សហប្រតិបត្តិ​ការ​រវាង​កម្ពុជា​ និង​មីយ៉ាន់ម៉ា​។

លោក​ថា​ “ខ្ញុំ​ពិតជា​រីករាយ​ដែល​បាន​មក​បំពេញបេសកកម្ម​ការងារ​នៅក្នុង​ប្រទេស​កម្ពុជា​ ហើយនឹង​ខិតខំ​ប្រឹងប្រែង​បំពេញការងារ​ជាពិសេស​លើ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​ឲ្យ​កាន់តែ​មាន​ភាពល្អ​ប្រសើរ​”៕

LEAVE A REPLY

Please enter your comment!
Please enter your name here