ក្រុងចំនួន៣ និងស្រុកមួយនៃប្រទេសកម្ពុជាកំពុងមានសក្តានុពលសម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ

0

ដោយ ៖ វុត្ថា

ភ្នំពេញ ៖ មន្រ្តីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូនបានអះអាងថា  ក្រុងចំនួន៣ និងស្រុកមួយនៃប្រទេសកម្ពុជា រួមមាន ក្រុងបាត់ដំបង ក្រុងកំពត ក្រុងក្រចេះ និងស្រុកឆ្លូង គឺជាក្រុងដែលមាន សក្តានុពលសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ។

លោក ហេង រត្នពិសិដ្ឋ អគ្គនាយកនៃអគ្គនាយកដ្ឋាន បានថ្លែងនៅក្នុងសិក្ខាសាលាលើកដំបូងស្តីពី គម្រោងសិក្សាវាយតម្លៃពីភាពងាយរងគ្រោះ និងការបន្ស៊ាំទៅនឹងអាកាសធាតុ នៃគម្រោងអភិវឌ្ឍន៍ដោយចីរភាពនៃទីក្រុងប្រទេសកម្ពុជា នាថ្ងៃទី១០ ខែកញ្ញាឆ្នាំ ២០១៩ នេះថា ក្រុងចំនួនបី និងស្រុកមួយ ជាគម្រោងអាទិភាពសម្រាប់យើង ដើម្បីធានាបាននូវគុណ ភាពហេដ្ឋារចនាសម្ព័ន្ធ និងភាពទាក់ទាញសម្រាប់ការវិនិយោគទាំងផ្នែកវប្បធម៌ ឧស្សាហកម្ម និងទេសចរណ៍ និងជាការចូលរួមចំណែកនៅក្នុងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពផងដែរ។

លោកបន្តថា “បច្ចុប្បន្ននេះការអភិវឌ្ឍទីក្រុងក្នុងទីរួមខេត្ត ហាក់មានសន្ទុះលឿន យើងដឹងហើយថា ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចតាមបណ្តាទីក្រុង និងការធ្វើឱ្យប្រ​សើរឡើងនូវសេវាមូលដ្ឋាន គឺជាបញ្ហាប្រឈមសម្រាប់រក្សាលំនឹងនៃការអភិវឌ្ឍទាំងថ្នាក់ជាតិ និងមូលដ្ឋាន”។

ក្រសួងសាងធារណៈការ និងដឹកជញ្ជូន បានរៀបសិក្ខាសាលាលើកដំបូងស្តីពីគម្រោងសិក្សាវាយតម្លៃពីភាពងាយរងគ្រោះ និងការបន្ស៊ាំទៅនឹងអាកាសធាតុ នៃគម្រោងអភិវឌ្ឍន៍ដោយចីរភាពនៃទីក្រុងប្រទេសកម្ពុជា ក្នុងគោលបំណងរាយការណ៍ជូនអំពីលទ្ធផលនៃរបាយការណ៍ដំបូងចំពខេត្តទាំងបី ដែលសិក្សាដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស NIRAS ដើម្បីពិនិត្យពិភាក្សា ផ្តល់ធាតុចូល និងអនុសាសន៍ណែនាំបន្ថែមលើរបាយការ​ណ៍ដំបូងនេះ។

បន្ថែមពីនេះ ក្រសួងទេសចរណ៍ និងទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) បានកាលពីកន្លងទៅបានប្ដេជ្ញាជំរុញការអនុវត្តគម្រោង «ទីក្រុងប្រកបដោយបរិយាប័ន្ន» សម្រាប់ទីក្រុងនៅក្នុងខេត្តចំនួន៣ រួមមាន ខេត្តកំពត ខេត្តបាត់ដំបង និងខេត្តក្រចេះ ជាគោលដៅទេសចរណ៍ដ៏ទាក់ទាញទី២ (secondary urban tourism destination) បន្ទាប់ពីគោលដៅទេសចរណ៍ធំៗរបស់កម្ពុជា ដូចជា សៀមរាប-អង្គរ រាជធានីភ្នំពេញ និងតំបន់ឆ្នេរសមុទ្រ។

រដ្ឋាភិបាលតាមរយៈក្រសួងទេសចរណ៍ និងក្រសួងវប្បធ៌ម និងវិចិត្រសិល្បៈកាលពីកន្លងទៅនេះ ក៏បានរៀបចំឯកសារពាក់ព័ន្ឋ ដើម្បីស្នើទៅអង្គការយូណេស្កូ ដើម្បីសុំដាក់បញ្ចូលទីក្រុងចំនួនទាំង បីនេះ ចូលជាទីក្រុងបុរាណផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here