ដោយ វុត្ថា
ភ្នំពេញ៖ គណៈរដ្ឋមន្ត្រីបានផ្តើមពិភាក្សាគម្រោងទិញប្រភពអគ្គិសនីផ្ទាល់ពីរោងចក្រផលិតអគ្គិសនីដុតធ្យុងថ្មចំនួន ២ របស់ប្រទេសឡាវ ដែលមានអានុភាពសរុប ២៤០០ មេហ្កាវ៉ាត ឋិតនៅតំបន់រ៉ែធ្យុងថ្មនៃខេត្តសេកុង ប្រទេសឡាវ ក្រោមអធិតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

-->
យោងតាមខ្លឹមសារនៃកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០១៩ នេះ បានឱ្យដឹងថា ការទិញអគ្គិសនីបន្ថែមនេះ គឺដើម្បីផ្គត់ផ្គង់សេចក្តីត្រូវការឲ្យបានគ្រប់គ្រាន់នៅក្នុងប្រទេសកម្ពុជា។
ប្រភពដដែលបន្តថា ស្ថេរភាពនយោបាយ និងសន្តិភាពនៅកម្ពុជា បាននាំមកនូវការវិនិយោគផ្នែកសេដ្ឋកិច្ចដ៏ច្រើនលើគ្រប់វិស័យជាបន្ទាប់ រួចស្ថានភាពកាន់តែល្អនៅក្រោយការបោះឆ្នោតសកលឆ្នាំ ២០១៨ បានធ្វើឲ្យសកម្មភាពវិនិយោគនេះកើនលើពេលមុនៗ ជះឥទ្ធិពលឲ្យសេចក្តីត្រូវការប្រើបា្រស់អគ្គិសនីកើនឡើងច្រើនលើសពីការគ្រោងទុក ។
គម្រោងវិនិយោគលើរោងចក្រផលិតអគ្គិសនីទាំង ២ ដែលមានអានុភាព ២៤០០ មេហ្កាវ៉ាត់ ក្នុងទឹកដីប្រទេសឡាវ គឺជាគម្រោងប្រើបា្រស់រ៉ែធ្យូងថ្មនៅនឹងកន្លែង ហើយត្រូវផ្គត់ផ្គង់អគ្គិសនីផ្តាច់មុខទាំងអស់មកប្រទេសកម្ពុជា ដោយភ្ជាប់ផ្ទាល់មកប្រព័ន្ធផ្គត់ផ្គង់អគ្គិសនីរបស់កម្ពុជា ដូចគម្រោងប្រភពអគ្គិសនីក្នុងប្រទេសកម្ពុជា មិនឆ្លងកាត់ប្រព័ន្ធផ្គត់ផ្គង់អគ្គិសនីឡាវឡើយ ។
ទំហំវិនិយោគរបស់គម្រោងទាំង ២ សរុបចំនួន ៤៩៧០ លានដុល្លារអាមេរិក ដែលគិតទាំងហេដ្ឋារចនាសម្ព័នអណ្តូងរ៉ែធ្យុងថ្ម រោងចក្រផលិតអគ្គិសនី អនុស្ថានីយ និងខែ្សបណ្តាញបញ្ជូនអគ្គិសនីមកដល់ព្រំដែនកម្ពុជា-ឡាវ ៕