ដោយ វុត្ថា
ភ្នំពេញៈ សម្តេចតេជោហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជាបានឱ្យដឹងថា លុយដែលប្រមូលបានពីការលក់ប្រេងរបស់កម្ពុជា នឹងយកទៅចំណាយលើការអភិវឌ្ឍហេដ្ឋារចនសម្ព័ន្ធជាតិ មិនមែនយកមកប្រើក្នុងចំណាយចរន្តឡើយ។នេះ បើតាមការលើកឡើងរបស់លោក ខៀវ កញ្ញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន។
លោករដ្ឋមន្ត្រីបានសរសេរនៅលើទំព័រហ្វេសបុកនៅថ្ងៃនេះថា “នៅពេលដែលយើងមានប្រេង លុយដែលបានពីប្រេងនេះ នឹងមិនយកមកប្រើក្នុងចំណាយចរន្តឡើយ តែគឺសំរាប់ហេដ្ឋារចនាសម្ព័ន្ធបំរើអភិវឌ្ឍន៍ជាតិ។ សម្តេចហ៊ុនសែនថ្លែងក្នុងសម័យប្រជុំគណរដ្ឋមន្ត្រីថ្ងៃ ទី១១ កញ្ញា ២០១៩”។
-->
កម្ពុជាកាលពីកន្លងទៅថ្មីៗនេះ បានអនុម័តជាផ្លូវការនូវច្បាប់ប្រេងកាតកម្ពុជា ដើម្បីអនុញ្ញាតឱ្យក្រុមហ៊ុនជាតិ និងអន្តរជាតិចូលរួមវិនិយោគលើវិស័យប្រេងកាត នៅក្នុងប្រទេស និងជំរុញការអភិវឌ្ឍវិស័យប្រេងកាតប្រកបដោយនិរន្តរភាព និងប្រសិទ្ធភាព ដើម្បីរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងផលប្រយោជន៍យូរអង្វែងរបស់ប្រទេសជាតិ។
រដ្ឋមន្រ្ដីក្រសួងរ៉ែ និងថាមពល លោកស៊ុយ សែម ធ្លាប់បានឲ្យដឹងកន្លងមកនេះថា កម្ពុជានឹងមានតំណក់ប្រេងប្រើប្រាស់ផ្ទាល់ខ្លួន នៅពេលខាងមុខនេះ ខណៈកម្ពុជានាពេលបច្ចុប្បន្នមានប្លុកប្រេងកាត ដែលអាចបូមខូងចំនួន២៥កន្លែងនៅទូទាំងប្រទេស រាប់ទាំងដែនសមុទ្រនិងដែនគោក។
លោកថា “ការគូសប្រេងកាតនេះ ផ្អែកទាំងស្រុកលើលក្ខខណៈ ភូគព្ភសាស្ត្រ ទាំងដែនគោក និងដែនដែនសមុទ្រ ហើយមកដល់បច្ចុប្បន្ននេះ កម្ពុជាមានប្លុកប្រេងកាតចំនួន២៥ ក្នុងនោះដែនសមុទ្រ៦ប្លុក ដែនគោក១៩ប្លុក និង៤តំបន់នៅដែនសមុទ្រ ត្រួតគ្នារវាងកម្ពុជា-ថៃ”។
រដ្ឋាភិបាលកម្ពុជាកាលពីថ្មីៗនេះ បានយល់ព្រមលើសំណើរបស់ក្រុមហ៊ុន Angkor Gold Corp សម្រាប់ការអភិវឌ្ឍប្លុកប្រេងទី៨ (Block VIII) តាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន EnerCam Resources Co. Ltd។ ជាមួយនឹងការយល់ព្រមនេះក្រុមហ៊ុន Angkorកំពុងបន្តការចរចារកិច្ចព្រមព្រៀងស្តីពី ការចែករំលែកផលិតកម្មទាក់ទងនឹងអាជ្ញាប័ណ្ណនេះ។ ការអនុម័តនេះក៏អនុញ្ញាតឱ្យក្រុមហ៊ុនបន្តការរុករកប្រេង និងឧស្ម័ននៅប្លុកទី៨៕