ដោយ Donald Lee
ហុងកុងៈ មេដឹកនាំទីក្រុងហុងកុង ដែលគាំទ្រដោយទីក្រុងប៉េកាំងបានស្តីបន្ទោសអាមេរិកពីការជ្រៀតជ្រែកចូលក្នុងនយោបាយខ្លួន។
លោកស្រី Carrie Lam អភិបាលក្រុងហុងកុង ដែលជាតំបន់ពាក់កណ្តាលស្វ័យត្ន ចិនបាននិយាយកាលក្នុងសប្តាហ៍នេះថា វាមិនអាចទទួលយកបានទេ ដែលអាមេរិកព្យាយាមជះឥទ្ធិពលលើកិច្ចការផ្ទៃក្នុងរបស់ទីក្រុងហុងកុង។ លោកស្រីបានថ្លែងក្នុងសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍ របស់លោកស្រីសំដៅដល់អាមេរិកថា “រដ្ឋាភិបាលហុងកុងមិនយល់ស្របដាច់ខាត និងសម្តែងការសោកស្តាយយ៉ាងខ្លាំង ដែលរដ្ឋសភាបរទេសកំពុងជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់យើងតាមរយៈច្បាប់”។
-->
សមាជិកសភាអាមេរិក នឹងបោះឆ្នោតលើច្បាប់មួយដែលមានឈ្មោះថា “ច្បាប់សិទ្ធិមនុស្ស និងប្រជាធិបតេយ្យហុងកុងឆ្នាំ២០១៩”។
ច្បាប់នេះ ត្រូវបានណែនាំដោយសមាជិកសភាអាមេរិក Chris Smith និងមានការគាំទ្រជាទូទៅពីគណបក្សនយោបាយទាំងពីរនៅអាមេរិក។ ប្រសិនបើត្រូវបានអនុម័ត ច្បាប់នេះ អាចនឹងបង្កផលប៉ះពាល់បន្ថែមទៀតដល់សេដ្ឋកិច្ចហុងកុង ដែលកំពុងស្ថិតក្នុងគន្លងឆ្ពោះទៅរកការធ្លាក់ចុះសេដ្ឋកិច្ច។
សមាជិកព្រឹទ្ធសភាអាមេរិក លោក Marco Rubio បាននិយាយនៅក្នុងសន្និសីទកាសែតមួយថា “អាមេរិកត្រូវតែបញ្ជាក់ឱ្យបានច្បាស់ចំពោះប្រទេសចិនថា ការជ្រៀតជ្រែករបស់ខ្លួននៅក្នុងកិច្ចការហុងកុងនឹងចេញជាលទ្ធផលផេ្សងៗ”។
ស្ថានភាពនៅហុងកុងកាន់តែតានតឹងឡើងៗ ខណៈមនុស្សរាប់ពាន់នាក់បានដើរនៅខាងក្រៅស្ថានកុងស៊ុល អាមេរិកក្នុងការតវ៉ាកាលពីចុងសប្តាហ៍ ដោយស្រែកអំពាវនាវដល់ប្រធានាធិបតីអាមេរិកលោក Donald Trump ឲ្យ «រំដោះទីក្រុង»។

បាតុកម្មគាំទ្រលទ្ធិប្រជាធិបតេយ្យ កំពុងឆ្ពោះទៅកាន់សប្តាហ៍ទី១៥ របស់ខ្លួនដែលធ្វើឱ្យមជ្ឈមណ្ឌលភ័ស្តុភារ និងហិរញ្ញវត្ថុធំបំផុតមួយនៅលើពិភពលោកនេះ មានភាពជាប់គាំង៕