ដោយ វុត្ថា
បាត់ដំបងៈ អាជ្ញាធរខេត្តបាត់ដំបង បានបើកិច្ចប្រជុំពិភាក្សាការរៀបចំអភិរក្ស ថែទាំអគារចាស់សាលាខេត្ត ឱ្យក្លាយជាសារមន្ទីរប្រវត្តិសាស្ត្រខេត្តបាត់ដំបង ខណៈអគារនេះ ត្រូវបានកែរលំអររួចហើយអោយមានសោភ័ណភាពកាន់តែល្អប្រសើរ។
យោងតាមកិច្ចប្រជុំរបស់មន្ត្រីពាក់ព័ន្ធ នៃសាលាខេត្តបាត់នៅថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០១៩ នេះបានឱ្យដឹងថា អគារចាស់សាលាខេត្ត មានទីតាំងស្ថិតនៅក្នុងបរិវេណសាលាខេត្តបាត់ដំបង ផ្លូវលេខ០១ ទល់មុខស្ពានថ្មចាស់ ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដែលមានអាយុកាល១១៤ ឆ្នាំ (១៩០៥-២០១៩)។
-->
លោកងួន រតនៈអភិបាលខេត្តបាត់ដំបង ធ្លាប់បានឱ្យដឹងកន្លងមកនេះថា អតីតអរគាសាលាខេត្ត ដែលមានអាយុកាលដ៏ចំណាស់ខាងលើនេះ ក្រៅពីគោលបំណងអភិរក្ស និងថែរទាំអោយបានគង់វង្ស ក៏មានគោលបំណងសំខាន់ផងដែរ សំដៅការទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិឲ្យចូលមកទស្សនាកម្សាន្ត ក្នុងខេត្តបាត់ដំបងអោយបានកាន់តែកើនឡើងថែមទៀតពីមួយឆ្នាំទៅឆ្នាំ។
អគារចាស់រដ្ឋបាលខេត្ត បានកសាងឡើងនៅក្នុងសម័យលោកម្ចាស់កថាថន ឈុំ ពេលដែលខេត្តបាត់ដំបង ស្ថិតក្រោមការគ្រប់គ្រងរបស់ថៃពីឆ្នាំ១៧៩៥ ដល់១៩០៧ ដោយលោកម្ចាស់កថាថន ឈុំ គឺជាពូជពង្សរបស់ចៅហ្វាបែន ដែលបានគ្រប់គ្រងខេត្តបាត់ដំបងរហូត៥ជំនាន់តៗគ្នា។
ក្នុងឆ្នាំ១៩០៥ ស្ដេចត្រាញ់កថាថន ឈុំ បានជួលស្ថាបត្យករអ៊ីតាលីពីទីក្រុងបាងកកឲ្យមកសាងសង់អគារនេះឡើង សម្រាប់ធ្វើជាលំនៅឋានផ្ទាល់ខ្លួន ប៉ុន្តែក្នុងឆ្នាំ១៩០៧ ពេលដែលបារាំងទាមទារបានខេត្តទាំងបី រួមមាន ខេត្តបាត់ដំបង សិរីសោភណ្ឌ (ស្វាយស៊ីសុផុន) និងអង្គរ (សៀមរាប) ពីថៃមកឲ្យកម្ពុជាវិញ ស្ដេចត្រាញ់រូបនេះក៏បានលក់លំនៅឋានរបស់លោកទាំងអស់ រួមទាំងអាគារនេះផង ដែលលោកមិនទាន់បានរស់នៅនៅឡើយឲ្យមកអាជ្ញាធរបារាំង។
អគារនេះក៏ត្រូវបានប្រើប្រាស់ជាកន្លែងធ្វើការ និងកន្លែងស្នាក់នៅរបស់មន្ត្រីជាន់ខ្ពស់បារាំង និងក្រោយមកជាសាលាខេត្តបាត់ដំបង រហូតមកដល់ឆ្នាំ២០១៩។ បច្ចុប្បន្នអាជ្ញាធរខេត្តបាន រៀបចំអតីតអគារសាលាខេត្តនេះ ឲ្យទៅជាសារមន្ទីរបេតិកភ័ណរបស់ខេត្ត ដើម្បីឲ្យភ្ញៀវជាតិ និងអន្តរជាតិចូលទស្សនាកម្សាន្ត ដោយមានការដាក់តាំងរូបភាព ទស្សនីយភាពផ្សេងៗ ដែលកើតឡើងក្នុងសម័យគ្រប់គ្រង ដោយលោកម្ចាស់នីមួយៗរហូតដល់ឆ្នាំ១៩០៧ និងក្នុងសម័យអាណានិគមនិយមបារាំងផងដែរ៕