ចិនគ្រោងហក់ចូលទីផ្សារលំនៅដ្ឋានតម្លៃសមរម្យនៅកម្ពុជា

0

ដោយ ដួង ចន្រ្ទា

ភ្នំពេញ៖ ក្រុមហ៊ុនចិន China Construction Development Corporation (CCDC) បាននិងកំពុងហក់ចូលទីផ្សារលំនៅដ្ឋានតម្លៃសមរម្យនៅកម្ពុជា ក្នុង​គោលដៅរួមចំណែកកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។

ក្នុងជំនួបជាមួយលោកទេសរដ្ឋមន្រ្តីជា សុផារ៉ា ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួ​ងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់កាលពីម្សិលម៉ិញ លោកGu Shan និងគណប្រតិភូជាច្រើនរូបទៀត បានបង្ហាញមានបំណងវិនិយោគលើប្រភេទលំនៅឋានមានតម្លៃសមរម្យនៅកម្ពុជា ដោយលោកបានមានប្រសាសន៍ថា ដើម្បីចូលរួមក្នុងការអភិវឌ្ឍប្រទេសកម្ពុជា ឲ្យឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់កម្ពុជា ស្របពេលដែលកម្ពុជាមានកំណើនសេដ្ឋកិច្ចខ្ពស់ ក្រុមហ៊ុនលោកមានបំណងចង់ធ្វើការវិនិយោគលើវិស័យសំណង់នៅកម្ពុជា។

 

លោកបន្តថា ក្រុមហ៊ុនលោកមានឯកទេសវិនិយោគ លើវិស័យសំណង់ព្រ​លានយន្តហោះ សំណង់អគារខ្ពស់ៗ និងផ្សារទំនើប ជាពិសេសការសាងសង់លំនៅឋានមានតម្លៃសមរម្យ ជូនប្រជាជនដែលមានចំណូលទាប និងមធ្យមជាអាទិ៍ភាព។

 

លោកបន្ថែមថា ក្រុមហ៊ុនលោកក៏មានបំណងសិក្សាស្វែងយល់ពីកាលានុវត្តន៍ភាពវិស័យសំណង់នៅកម្ពុជា ព្រមទាំងគោលនយោបាយ និងឯកសារគតិយុត្តិនានាពាក់ព័ន្ឋនឹងវិស័យសំណង់។ ទន្ទឹមនេះ លោកក៏បានស្នើសុំស្វែងរកព័ត៌មានពាក់ព័ន្ធ នឹងការសាងសង់លំនៅឋានមានតម្លៃសមរម្យ ដើម្បីសុំកិច្ចសហប្រតិបត្តិការធ្វើការវិនិយោគ និងចុះអនុសារណៈយោគយល់គ្នារវាងក្រសួងក្រ​សួ​ងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ជាមួយក្រុមហ៊ុន CCDCផងដែរ។

 

ទេសរដ្ឋមន្រ្តី ជា សុផារ៉ា ស្វាគមន៍ចំពោះក្រុមហ៊ុនដែលមានឆន្ទៈចង់វិនិយោ​​គ លើវិស័យលំនៅឋានតម្លៃមានសមរម្យនៅកម្ពុជា ដើម្បីជាចំណែកមួយក្នុងការកាត់បន្ថយភាពក្រីក្រនៅកម្ពុជាបន្ថែមទៀត។លោកទេសរដ្ឋមន្រ្តីក៏បានស្នើឱ្យក្រុមហ៊ុននេះ បើកការិយាល័យរបស់ខ្លួនផ្ទាល់នៅកម្ពុជា ដើម្បីធ្វើការគ្រប់គ្រង និងអនុវត្តផ្ទាល់ស្របទៅតាមច្បាប់នៅកម្ពុជា។

ប្រទេសចិនជាប្រទេស ដែលវិនិយោគលើវិស័យសំណង់នៅកម្ពុជាធំជាងគេបំផុតកាលពីឆ្នាំ២០១៧ ដោយមានចំនួន១២៨គម្រោង ក្នុងទំហំទឹកប្រាក់ប្រមា​ណជាង២ពាន់លានដុល្លារអាមេរិក ក្នុងចំណោមទុនវិនិយោគលើវិស័យសំណង់សរុបក្នុងឆ្នាំ២០១៧ មានទឹកប្រាក់ជាង៦ពាន់៤រយលានដុល្លារអាមេរិក។

 

នាយិកកាប្រចាំប្រទេសនៃក្រុមហ៊ុន CBRE Cambodia អ្នកនាង អាន សុធីតាបានថ្លែងថា ទីផ្សារលំនៅដ្ឋានសម្រាប់ប្រជាជន មានប្រាក់ចំណូលទាបកំពុង ទទួលបានជោគជ័យ ដោយសារទីផ្សារលំនៅដ្ឋានតម្លៃខ្ពស់ ហាក់មានការពិបាក​លក់បន្តិច ដោយសារអ្នកមានប្រាក់បានទិញផ្ទះបានអស់ហើយ ហេតុនេះទីផ្សារ​បានងាកទៅកាន់ប្រជាជនមានប្រាក់ចំណូលមធម្យម ដែលមានចំនួនច្រើនជាងគេ ហើយការវិនិយោគសំដៅលើប្រជាជនក្រុមនេះ នឹងទទួលបានជោគជ័យ។

 

លោកបន្តថា “ទីផ្សារលំនៅដ្ឋានតម្លៃចាប់ពី២ ទៅ៣ម៉ឺនដុល្លារកំពុងលក់ដាច់ខ្លាំង ហើយនេះជានិន្នាការទីផ្សារ ដែលអ្នកវិនិយោគនានាបានចាប់ផ្តើមចាប់អារម្មណ៍”។

 

ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា លោកឧកញ៉ា លី ហួរ បាន​មានប្រសាសន៍ថា ការលក់លំនៅដ្ឋានតម្លៃខ្ពស់ ហាក់មានភាពយឺតយ៉ាវបន្តិចនាពេលនេះ ប៉ុន្តែមិនលំបាកខ្លាំងនោះទេ។ ផ្ទុយទៅវិញលំនៅដ្ឋានតម្លៃមធ្យមមានការលក់ដាច់ខ្លាំង ដោយសារនិន្នាការទីផ្សារបានងាក រកប្រជាជនមានជីវភាពមធម្យម ដែលកំពុងកើនឡើងនៅកម្ពុជា ស្របពេលកម្ពុជាមានសុខសន្តិភាព និងកំនើនសេដ្ឋកិច្ចល្អប្រសើរ៕









LEAVE A REPLY

Please enter your comment!
Please enter your name here