បុរាណ​វិ​ទូៈ​ចង់​ប្រែក្លាយ​តំបន់​មួយ​ក្នុង​ខេត្តក្រចេះ​ជា​រមណីយដ្ឋាន​ទេសចរណ៍​

0

ដោយ​គង់​ សូ​រិយា​

ភ្នំ​ពេញៈ​ បុរាណ​វិទូ​ទើប​រក​ឃើញ​ប្រាសាទ​ប្រមាណ ៤០កន្លែង​ នៅ​ទីតាំង​មួយ​នៃ​អតីត​នគរចេនឡា​ ដោយមាន​បំណង​ប្រែក្លាយ​តំបន់​នេះ​ ជា​រមណីយដ្ឋាន​ទេសចរណ៍​វប្ប​ធ៌ម​ និង​ប្រវត្តិ​សាស្រ្ត​។

អនុប្រធាន​វិទ្យាស្ថាន​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា​ លោក​បណ្ឌិ​តធុយ​ ចាន់​ធួន​បាន​មានប្រសាសន៍​ឲ្យដឹង​កាលពី​ចុង​សប្តាហ៍​មុន​ថា​ កាលពី​ពេល​ថ្មី​ៗនេះ​ បាន​រក​ឃើញ​ប្រាសាទ​ជាង៤០នៅ​ស្រុក​សំបូរ​ ខេត្តក្រចេះ​ ដែល​ជា​តំបន់​អតីត​រាជធានី​ខ្មែរ​នៅ​សម័យ​ចេនឡា​។

ទន្ទឹមគ្នា​នឹង​ការ​ចុះទៅ​ទីតាំង​ផ្ទាល់​ លោក​បាន​ចងក្រង​ឯកសារ​បាន​ជាង២០០ទំព័រ​ និង​ចង់​ប្រែក្លាយ​អតីត​រាជ​ធា​នី​សម្ភុ​បុរៈ​ ឲ្យ​ក្លាយជា​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​ប្រវត្តិសាស្ត្រ​ ទេសចរណ៍​ និង​បរិស្ថាន​ ដើម្បីឲ្យ​កូនខ្មែរ​ជំនាន់​ក្រោយ​ បាន​សិក្សា​ស្រាវជ្រាវ​បន្ត​ទៀត​

លោក​សាស្រ្តា​ចារ្យ​ធុយ​ ចាន់​ធួន​បាន​បន្ត​ថា​ នៅពេល​គេ​និយាយ​ពី​រាជធានី​សម័យ​នគរភ្នំ​ ដែល​ជា​ចំណុច​ចាប់ផ្តើម​នៃ​កំណើត​ប្រទេសខ្មែរ​ ពលរដ្ឋ​ និង​អ្នក​សិក្សា​ជាច្រើន​បាន​ស្គាល់​ទីតាំង​យ៉ាង​ច្បាស់លាស់​ គឺ​ស្ថិតនៅ​ក្នុង​ស្រុក​អង្គ​បុរី​ខេត្តតាកែវ​បច្ចុប្បន្ន​។ ដូចគ្នា​ដែរ​ នៅពេល​គេ​និយាយ​ពី​រាជធានី​ខ្មែរ​នៅ​សម័យ​អង្គរ​ ដែល​ជាស​ម័យ​កាល​ដ៏​រុងរឿង​នៃ​អាណាចក្រ​ខ្មែរ​ គេ​បាន​ស្គាល់​ភ្លាម​ថា​ស្ថិតនៅ​ក្នុង​ខេត្តសៀមរាប​បច្ចុប្បន្ន​។

ប៉ុន្តែ​នៅពេល​គេ​និយាយ​ពី​រាជ​ធា​នី​សម្ភុ​បុរៈ​ ដែល​ជា​អតីត​រាជធានី​ខ្មែរ​សម័យ​ចេនឡា​ មាន​ប្រជាជន​តិចតួច​ប៉ុណ្ណោះ​ ដែល​បាន​ស្គាល់​ទីតាំង​នោះ​ ស្រប​ពេល​ដែល​មិនសូវ​មាន​ឯកសារ​ ដែល​រៀបរាប់​រឿងរ៉ាវ​នៅក្នុង​សម័យ​ចេនឡា​។

លោក​បណ្ឌិត​ ធុយ​ ចាន់​ធួន​បាន​អះអាង​ថា​ តំបន់​នេះ​ គឺជា​អតីត​រាជ​ធា​នី​សម្ភុ​បុរៈ​នៃ​ប្រទេស​ចេនឡា​ទឹក​ ខណៈ​អតីត​រាជធានី​ចេនឡា​គោក​ ស្ថិតនៅ​ឯខេត្ត​ចំប៉ា​សាក់​ប្រទេស​ឡាវ​បច្ចុប្បន្ន​។

លោក​បាន​បន្ត​ថា​ “ចាប់ពី​ខែមករា២០១៩រហូតមកដល់​បច្ចុប្បន្ន​ ខ្ញុំ​បាន​រក​ឃើញ​ប្រាសាទ​ចំនួន៤៣​ ជា​គ្រឹះ​ប្រាសាទ​ថ្មីសន្លាង​ ដែល​អត់មាន​ក្នុង​ឯក​សារ​ផ្សេង​ៗនោះ​ទេ​។ នេះ​ជា​រឿង​ថ្មី​មួយ​ ដែល​ខ្ញុំ​ធ្វើការ​សិក្សា​ស្រាវជ្រាវ​”។លោក​បន្ត​ថា​ “សព្វថ្ងៃ​ ប្រាសាទ​ទាំងអស់​ សល់​តែ​គ្រឹះ​ ប៉ុន្តែ​ គ្រឹះ​ប្រាសាទ​ទាំងអស់​ហ្នឹង​ នៅ​មាន​ផ្តែរ​ ហោជាង​ ជញ្ជាំង​ រូបសំណាក​ខ្លះ​ លិង្គ​ខ្លះ​ៗ។ ប្រាសាទ​ទាំងអស់​ហ្នឹង​ ៦០ភាគរយ​ស្ថិត​ក្នុង​ព្រៃរបោះ​តាម​ដងទន្លេ​មេគង្គ​ និង៣០ភាគរយ​ទៀត​នៅក្នុង​ដី​ឡូ​តិ៍​អ្នកភូមិ​ តែ​អ្នកភូមិ​តែង​ហៅ​គ្រឹះ​ប្រាសាទ​ហ្នឹង​ថា​កំណប់​”។

ក្រោយពី​បាន​រក​ឃើញ​ប្រាសាទ​ទាំងនេះ​ បណ្ឌិត​បុរាណវិទ្យា​រូប​នេះ​ ក៏​កំពុងតែ​ចងក្រង​សៀវភៅ​អំពី​ប្រាសាទ​ទាំងនេះ​ បាន​ជាង២០០ទំព័រ​ហើយ​។ យ៉ាងណាក៏ដោយ​ការស្រាវជ្រាវ​ ដែល​ពុំ​មាន​ជំនួយ​ និង​ការឧបត្ថម្ភ​ពី​ស្ថាប័ន​ណាមួយ​ បាន​ក្លាយជា​ឧបសគ្គ​ខ្លះ​ដែរ​សម្រាប់​លោក​សាស្ត្រា​ចារ្យ​។

លោក​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​ “ខ្ញុំ​ចង់​ប្រែក្លាយ​ជា​តំបន់​នេះ​ ឲ្យ​ទៅជា​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​ទេសចរណ៍​ ជា​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​បរិស្ថាន​ ជា​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​ការ​ស្វែងយល់​ពី​ប្រវត្តិសាស្ត្រ​ខ្មែរ​”។លោក​បន្ថែម​ថា​ “រាល់​ទីតាំង​ប្រវត្តិសាស្ត្រ​ ជា​មជ្ឈមណ្ឌល​សម្រាប់​ស្រាវជ្រាវ​ប្រវត្តិសាស្ត្រ​ខ្មែរ​ ដើម្បីឲ្យ​កូនខ្មែរ​យល់​ពី​ប្រវត្តិសាស្ត្រ​ខ្លួន​ឲ្យបាន​ពិតប្រាកដ​ និង​ជម្រៅ​ថា​ តើ​ប្រវត្តិសាស្ត្រ​របស់​ខ្លួនឯង​បាន​វិវត្តន៍​ ពី​ចំណុច​ណា​ដល់​ចំណុច​ណា​?”៕

LEAVE A REPLY

Please enter your comment!
Please enter your name here