Hattha top Banner

បច្ចេកវិទ្យាកំពុងជំរុញឲ្យ FMI វិនិយោគកាន់តែច្រើន

0

ដោយ ដួង ចន្រ្ទា

ភ្នំពេញ៖ ស្ថាប័នមីក្រូហិរញ្ញវត្ថុ (FMI) នានាបាននិងកំពុងវិនិយោគកាន់តែច្រើនលើប្រព័ន្ឋបច្ចេកវិទ្យា ដើម្បីឆ្លើយតបនឹងការរីកចម្រើននៃសេដ្ឋកិច្ចសង្គម ក៏ដូចជាជួយសម្រួលដល់អ្នកប្រើប្រាស់សេវាកម្មរបស់ពួកគេ។

 

អគ្គនាយកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រិតលោក ជា ផល្លារិន បានថ្លែងឲ្យដឹង​តាមទូរស័ព្ទកាលពីម្សិលម៉ិញថា គ្រឹះ​ស្ថា​នរបស់លោកបាននិងកំពុងវិនិយោគលើ​ប្រព័ន្ឋបច្ចេកវិទ្យា ដោយឆ្នាំ២០១៨នេះលោកគ្រោងវិនិយោគជាង១លានដុល្លា​រ លើប្រព័ន្ឋនេះ ដើម្បីសម្រួលដល់សង្វាក់ការងារផ្ទៃក្នុងរបស់យើង ក៏ដូចជាផ្តល់ភាពងាយស្រួល ក្នុងការទូទាត់សាច់ប្រាក់របស់អតិថិជន ព្រោះបច្ចេកវិទ្យាវាជួយឲ្យមានភាពចំណេញច្រើន ទាំងពេលវេលា និងចំណេញសាច់ប្រាក់។

 

លោកបន្តថា “ការវិនិយោគលើប្រព័ន្ឋបច្ចេកវិទ្យា ក៏ជួយសម្រួលដល់ការគ្រប់គ្រងផលបត្ររបស់យើង និងជួយសម្រួលដល់ការទូទាត់សាច់ប្រាក់ជាមួយអតិថិជន ដែលពួកគេមិនចាំបាច់មកកាន់ការិយាល័យរបស់យើង គឺពួកគេអាចប្រើប្រាស់សេវាទូទាត់តាមទូរស័ព្ទដៃ ឬស្មាតហ្វូន”។

 

អគ្គនាយកមីក្រូហិរញ្ញវត្ថុវិថី លោកបណ្ឌិតប៊ុន មុនីបានទទួលស្គាល់ថា ប  ច្ចេកវិទ្យា ពិតជាមានចំណុចល្អជាច្រើន និងជាការបង្ហាញពីវឌ្ឍនភាពរបស់យើង ដើម្បីយើងឈានទៅមុខមួយកម្រិតទៀត ប៉ុន្តែទោះជាយ៉ាងណាប្រជាពលរដ្ឋកម្ពុជានៅមានកម្រិតនៅឡើយ ដែលចេះប្រើប្រាស់បច្ចេកវិទ្យា។ ហេតុនេះយើងត្រូវ​អប់រំពួកគេ ដើម្បីធ្វើឲ្យប្រព័ន្ឋនេះដំណើរការកាន់តែទូលំទូលាយ។

 

លោក សាយ សូនី ប្រធាននាយកដ្ឋានប្រតិបត្តិការទីផ្សារនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់បានមានប្រសាសន៍ឲ្យ​ដឹងផងដែរថា ប្រាសាក់បានវិនិយោគលើប្រព័ន្ឋបច្ចេកវិទ្យានេះជាយូរមកហើយ តាមរយៈប្រព័ន្ឋ E Payment, ATM, Smart Phone, Internet ជាដើម ដើម្បីជួយសម្រួលការងារបានលឿនជាងមុន មិនសូវមានកំហុសផ្សេងៗកើតឡើង ដោយសារវាជួយសម្រួលការងារបានច្រើន ជាងការធ្វើដោយដៃដែលខាតពេលវេលា។

 

លោកបន្តថា “ទោះជាយើងប្រើប្រាស់​បច្ចេកវិទ្យាកាន់តែច្រើនក្តី ប៉ុន្តែរហូតមកទល់ពេលនេះ យើងមិនឃើញមានប៉ះពាល់ដល់ការងារនោះទេ ពោលគឺមិនមានការ​កាត់បន្ថយបុគ្គលិកទេ មានតែរើសបុគ្គលិកបន្ថែមទៀត”។

 

ទីប្រឹក្សាជាន់ខ្ពស់ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ លោកបណ្ឌិតម៉ី កល្យាណបានមានប្រសាសន៍ថា ប្រព័ន្ឋបច្ចេកវិទ្យា ពិតជាជួយសម្រួលច្រើនក្នុងសេវាកម្មទូទាត់សាច់ប្រាក់ ដែលធ្វើឲ្យអ្នកប្រើប្រាស់ចំណេញទាំងពេលវេលា ចំណេញ​លុយ និងទទួលបានសេវាកម្ម ក៏ដូចជាព៌តមានច្បាស់លាស់ជាងមុន៕









LEAVE A REPLY

Please enter your comment!
Please enter your name here