ដោយ Donald Lee
ប៉េកាំងៈ អនុរដ្ឋមន្រ្តីហិរញ្ញវត្ថុចិន Liao Min នឹងធ្វើដំណើរទៅកាន់ទីក្រុងវ៉ាស៊ីនតោននៅថ្ងៃពុធ ដើម្បីចាប់ផ្តើមការពិភាក្សាពាណិជ្ជកម្មឡើងវិញ។
លោក Liao នឹងដឹកនាំប្រតិភូរដ្ឋាភិបាលទៅកាន់រដ្ឋធានីរបស់អាមេរិក បន្ទាប់ពីទទួលយកការអញ្ជើញ ពីរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក Donald Trump។
-->
សង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងចិន បានកើនកំដៅឡើងយ៉ាងខ្លាំងអស់រយៈពេលជាងមួយឆ្នាំ។ ប៉ុន្តែថ្មីៗនេះភាគីទាំងសងខាង បានបញ្ចេញកាយវិការផ្សះផ្សាគ្នា នៅពេលដែលទីក្រុងប៉េកាំង រៀបចំសម្រាប់ខួបលើកទី៧០នៃសាធារណរដ្ឋប្រជាមានិតចិន។
ចិនបានអនុញ្ញាតឱ្យទិញសណ្តែកសៀងអាមេរិកជាង៦០ម៉ឺនតោន បន្ទាប់ពីហាមឃាត់ការនាំចូលផលិតផលកសិកម្មរបស់អាមេរិក នៅពេលកិច្ចពិភាក្សាពាណិជ្ជកម្មកាន់តែយ៉ាប់យ៉ឺនកាលពីខែមុន។
ប្រធានាធិបតីអាមេរិកលោក Donald J.Trump បានបញ្ជាឱ្យមានការពន្យាពេលនៃការតំឡើងពន្ធគយ ដើម្បីកុំឱ្យមានការរំខានដល់ការរៀបចំគម្រប់ខួបក្រុងប៉េកាំង។ ការតំឡើងពន្ធគយលើទំនិញចិន ដែលមានតម្លៃ២៥០ពាន់លានដុល្លារ នឹងចូលជាធរមានក្នុងរយៈពេល២សប្តាហ៍បន្ទាប់ពីខួបនេះ។
លោក Trump បានសរសេរនៅលើបណ្តាញទំនាក់ទំនងសង្គម Twitter កាលពីថ្ងៃពុធ “តាមសំណើរបស់ឧបនាយករដ្ឋមន្រ្តីចិន គឺលោក Liu He ហើយដោយសារតែសាធារណរដ្ឋប្រជាមានិតចិន នឹងប្រារព្ធខួបលើកទី៧០របស់ពួកគេនៅថ្ងៃទី ១ ខែ តុលា យើងបានព្រមព្រៀងគ្នា ដោយកាយវិការនៃឆន្ទៈល្អ ក្នុងការផ្លាស់ប្តូរការកើនឡើងពន្ធលើទំនិញ២៥០ពាន់លានដុល្លារ (២៥% ទៅ ៣០%) គិតចាប់ពីថ្ងៃទី១ដល់ថ្ងៃទី១៥ ខែតុលា”៕