មន្ត្រីជាន់ខ្ពស់ក្រសួងរ៉ែ និងថាមពល បានថ្លែងឲ្យដឹងថា ក្រោយពីកម្ពុជាផ្តល់អាជ្ញាប័ណ្ណក្នុងការស្វែងរុករករ៉ែ មកដល់ពេលនេះ មានក្រុមហ៊ុនចំនួនពីរ បានរុករកឃើញរ៉ែមាសខ្នាតមធ្យម ហើយបច្ចុប្បន្នក្រុមហ៊ុនទាំងនោះ កំពុងដាក់ពាក្យស្នើសុំដើម្បីធ្វើអាជីវកម្ម។
ឯកឧត្តម យស់ មុន្នីរ៉ាត់ អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ នៃក្រសួងរ៉ែ និងថាមពល បានថ្លែងលើកឡើង នៅក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី ការចូលរួម នៃវិស័យរ៉ែក្នុងកំណើនសេដ្ឋកិច្ចជាតិ ដែលធ្វើឡើងនៅអគ្គនាយកដ្ឋានប្រេងកាត កាលពីម្សិលម៉ិញនេះថា វិស័យរ៉ែនៅកម្ពុជា ជាផ្នែកមួយនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម និងជាវត្ថុធាតុដើមមួយយ៉ាងសំខាន់ សម្រាប់ផ្គត់ផ្គង់ឧស្សាហកម្មប្រើប្រាស់វត្ថុធាតុដើមរ៉ែ ដើម្បីផលិតជាផលិតផលផ្សេងៗ សម្រាប់បំពេញសេចក្តីត្រូវការនៅក្នុងប្រទេស និងការនាំចេញទៅក្រៅប្រទេសជាដើម។

-->
ឯកឧត្តម បានបន្តថា ពាក់ព័ន្ធនឹងស្ថានភាពវិនិយោគ នៅក្នុងការស្វែងរុករករ៉ែលោហៈនេះ ចាប់ពីឆ្នាំ២០១៣ មក មានក្រុមហ៊ុនបរទេសជាច្រើនបានមកសុំអាជ្ញាប័ណ្ណ ដើម្បីធ្វើអាជីវកម្មរុករករ៉ែនេះ ប៉ុន្តែដោយសារការស្វែងរុករក មិនបានជួបប្រទះនៃប្រភពរ៉ែនោះ មានក្រុមហ៊ុនមួយចំនួនបានបញ្ចប់ការស្វែងរុករកជាបណ្តើរៗ ដែលគិតរហូតមកដល់ឆមាសទី១ ឆ្នាំនេះ មានក្រុមហ៊ុនចំនួន៦៣ប៉ុណ្ណោះ នៅស្វែងរុករករ៉ែ ក្នុងនោះក្រុមហ៊ុនចំនួន៤ក្រសួងគ្រោង នឹងដកហូតអាជ្ញាប័ណ្ណ លែងឲ្យធ្វើអាជីវកម្មផងដែរ។
ឯកឧត្តម យស់ មុន្នីរ៉ាត់ បានបន្តឲ្យដឹងទៀតថា នៅក្នុងចំណោមក្រុមហ៊ុនដែលនៅសេសសល់នេះ ក្នុងនោះមានក្រុមហ៊ុនចំនួនពីរ ក្នុងនោះក្រុមហ៊ុននៅខេត្តរតនគីរី បានស្វែងរុករកឃើញរ៉ែមាសខ្នាតមធ្យមឃើញហើយ បច្ចុប្បន្នក្រុមហ៊ុននេះកំពុងរៀបចំហេដ្ឋារចនាសម្ព័ន្ធ ដើម្បីធ្វើអាជីវកម្ម ដែលយ៉ាងយូរបំផុតនៅពាក់កណ្តាលឆ្នាំ២០១៨ យើងនឹងទទួលបានកំណប់ដុំមាសនេះ ។ ចំណែកក្រុមហ៊ុនមួយទៀត ដែលជាក្រុមហ៊ុនរបស់ប្រទេសអូស្ត្រាលី ក៏បានស្វែងរុករករ៉ែមាសឃើញផងដែរ នៅក្នុងខេត្តមណ្ឌលគិរី បច្ចុប្បន្នកំពុងដាក់ពាក្យសុំធ្វើអាជីវកម្ម។ ពាក់ព័ន្ធនឹងការអភិវឌ្ឍនេះ ឯកឧត្តមបញ្ជាក់ថា ចំណែកអ្វីដែលជាបញ្ហាក្នុងការធ្វើអាជីវកម្មនេះ គឺត្រូវចំណាយពេលធ្វើការសិក្សាយ៉ាងច្រើនអំពីបរិស្ថាន មុននឹងឈានទៅទៅធ្វើអាជីវកម្មរបស់ខ្លួន។
ដោយឡែក ឯកឧត្តម ឌិត ទីណា រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល បានថ្លែងលើកឡើងថា ប្រទេសកម្ពុជាជាប្រទេសមួយពិតជាមានរ៉ែ ប៉ុន្តែប្រភេទរ៉ែទាំងនោះរាជរដ្ឋាភិបាលកម្ពុជាយើងមិនអាចមានលទ្ធភាពវិនិយោគនោះឡើយ ព្រោះការស្វែងរុករករ៉ែគឺត្រូវការមានជំនាញច្បាស់លាស់ ជាពិសេសមានឧបករណ៍គ្រប់គ្រាន់ទើបយើងអាចដំណើរការទៅបាន ពោលគឺមិនមែនការស្វែងរុករកដោយប្រថុយប្រថាននោះឡើយ ព្រោះប្រភេទរ៉ែគឺជាល្បាយហើយកបនៅក្នុងដីទៀត ផង។កាលពីឆ្នាំ២០១៦ ចំណូលជាតិដែលមិនមែនជាសារពើពន្ធ ប្រមូលបានពីវិស័យរ៉ែ មានចំនួនប្រមាណ ១៦លានដុល្លារអាមេរិក កើនឡើងជាច្រើនដង បើប្រៀបធៀបទៅនឹងឆ្នាំមុន៕