ដោយ វុត្ថា
វៀតណាមៈ ក្រុមហ៊ុន Stock Joint BIM ដែលជាក្រុមហ៊ុន អភិវឌ្ឍន៍អចលនទ្រព្យស្ថិតក្រោមក្រុមហ៊ុន BIM Group បានសម្រេចចុះកិច្ចព្រមព្រៀងជាមួយសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ដែលជាសមាជិករបស់ធនាគារពិភពលោក ដើម្បីទទួលយកនូវប្រាក់កម្ចីរហូតដល់៨៧,៥លានដុល្លារ ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍នៅក្នុងប្រទេសវៀតណាម និង ប្រទេសឡាវ។
ក្រុមហ៊ុន BIM បានឱ្យដឹងកាលពីកន្លងទៅថ្មីៗនេះថា វិស័យទេសចរណ៍គឺជាកត្តាជំរុញដល់ការអភិវឌ្ឍន៍ដ៏សំខាន់មួយ សម្រាប់ប្រទេសទាំងពីរនេះ។ កាលពីឆ្នាំមុនប្រទេសវៀតណាម បានសទទួលភ្ញៀវទេសចរបរទេសចំនួន១៥,៥ លាននាក់ ខណៈប្រទេសឡាវបានទាក់ទាញភ្ញៀវអន្តរជាតិប្រមាណ៤,២ លាននាក់គឺទាបជាងចំនួនភ្ញៀវទេសចរបរទេស៣៨លាននាក់ដែលបានមកលេងប្រទេសថៃជារៀងរាល់ឆ្នាំ។
-->
ក្រុមហ៊ុននេះបញ្ជាក់ទៀថា ទាំងប្រទេសវៀតណាម និងប្រទេសឡាវមានសក្តានុពលគួរឱ្យកត់សម្គាល់សម្រាប់កំណើនបន្ថែមទៀត។ បញ្ហាប្រឈមធំមួយនៃប្រទេសទាំងពីរនេះ គឺកង្វះកន្លែងស្នាក់នៅដែលមានគុណភាព នៅក្នុងតំបន់គោលដៅទេសចរណ៍។
លោក QàonQuốc Huy នាយកប្រតិបត្តិនៅក្រុមហ៊ុន BIM Land បានមានប្រសាសន៍ថា ក្រុមហ៊ុន BIM land នឹងសាងសង់បន្ថែមនូវចំនួន បន្ទប់សណ្ឋាគារលំដាប់អន្តរជាតិ ឬអាផាតមិន ដែលមានគុណភាពខ្ពស់ជាង១៥០០កន្លែង នៅក្នុងទីក្រុងវៀងចន្ទន៍ ទីក្រុង Long Bay និងកោះ Phú Quốc។ លើសពីនេះទៅទៀតគម្រោងនៅកោះ Phú Quốc នឹងត្រូវបង្កើតស្តង់ដារបរិស្ថាន និងសង្គមថ្មីនៅក្នុងវិស័យអចលនទ្រព្យ ដោយទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិប្រភេទថ្មី។
សាវជីវកម្ម IFC នឹងផ្តល់ប្រាក់កម្ចីរហូតដល់៥០លានដុល្លារ ពីគណនីផ្ទាល់ខ្លួននិងប្រាក់កម្ចី ដែលមានទំនុកចិត្តរហូតដល់៣៧,៥លានដុល្លារអាមេរិក ដល់ក្រុមហ៊ុន BIM Land និងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន ពីកម្មវិធីវិនិយោគផ្តល់ប្រាក់កម្ចីពហុគ្រប់គ្រង (MCPP) ដែលគ្រប់គ្រងដោយ IFC។
;យ៉ាងហោចណាស់ថវិកា១០លានដុល្លារ នៃកញ្ចប់ហិរញ្ញប្បទាននេះនឹងត្រូវផ្តល់ជូនដើម្បីអភិវឌ្ឍវិស័យទេសចរណ៍នៅប្រទេសឡាវ។
ក្រុមហ៊ុនរំពឹងថា គម្រោងនេះនឹងបង្កើតការងារប្រហែល១៤០០កន្លែង ដែល៦០ ភាគរយសម្រាប់ស្ត្រី។ ក្រៅពីការជួលបុគ្គលិក្នុងស្រុក និងបានប្រាក់ឈ្នួលខ្ពស់ គម្រោងនេះ នឹងទទួលបានប្រហែល៩០ភាគរយនៃទំនិញ និងសេវាកម្មនៅក្នុងស្រុកផងដែរ។ សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ ក៏នឹងចែករំលែកការអនុវត្តល្អៗ ដើម្បីជួយឱ្យក្រុមហ៊ុនបង្កើនការអនុវត្តការងាររបស់ខ្លួន។
លោក Kyle Kelhofer នាយក IFC ប្រចាំប្រទេសវៀតណាម និងឡាវបានមានប្រសាសន៍ថា ឧស្សាហកម្មទេសចរណ៍ ជាការចូលរួមចំណែកយ៉ាងសំខាន់ដល់ការងារប្រាក់ចំណូលពីការប្តូរប្រាក់បរទេស និងចំណូលពន្ធសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍។

យោងតាមការខិតខំរបស់រដ្ឋាភិបាល ការផ្តល់ប្រាក់កម្ចីរបស់ IFC ទៅ BIM Land នឹងជួយបង្កើតឱកាសការងារ ដែលមានជំនាញខ្ពស់សម្រាប់កម្លាំងពលកម្ម ក្នុងប្រទេសឡាវ និងវៀតណាម ដោយពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់ជំរុញកំណើនសេដ្ឋកិច្ច និងការចូលរួមរបស់វិស័យឯកជន៕