ដោយៈ រ៉ាណេត
ភ្នំពេញៈ ទំហំពាណិជ្ជកម្មកម្ពុជា អាមេរិកក្នុងរយៈពេល៧ខែនៃឆ្នាំ២០១៩កន្លងទៅនេះ មានទំហំទឹកប្រាក់រហូតដល់ចំនួន៣០៥៦,១លានដុល្លារ កើនឡើង២៩ភាគរយធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
យោងតាមរបាយកាណ៍របស់ការិយាល័យស្ថិតិពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្មអាមេរិកបានបញ្ជាក់ថា នៅរយៈពេល៧ខែ ឆ្នាំ២០១៩នេះ ទំហំពាណិជ្ជកម្មរវាងកម្ពុជាអាមេរិក ៣,០៥៦.១លានដុល្លារកើនឡើង២៩ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៨ មានចំនួន២,៣៥៥.៨លានដុល្លារអាមេរិក។ របាយការណ៍ដដែលបង្ហាញទៀតថា ទំហំនៃការនាំចេញរបស់កម្ពុជា ទៅកាន់សហរដ្ឋអាមេរិកលើស៩ដង នៃការដែលអាមេរិកនាំចូលមកកម្ពុជា។
នៅក្នុងរយៈពេល៧ខែឆ្នាំ២០១៩នេះ កម្ពុជាបាននាំចេញផលិតផលទៅអាមេរិក គិតជាទឹកប្រាក់២,៧៤៩.១លានដុល្លារអាមេរិក កើតឡើង៣០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៨ មានចំនួន២,១១២.១លានដុល្លារអាមេរិក ខណៈដែលកម្ពុជានាំចូលផលិតផលពីអាមេរិកវិញ គិតជាទំហំទឹកប្រាក់មានចំនួន៣០៧លានដុល្លារ កើនឡើង២៦ភាគរយ បើធៀបឆ្នាំ២០១៨ មានចំនួន២៤៣.៧លានដុល្លារ។
តាមទិន្ន័យរបស់ក្រសួងពាណិជ្ជកម្មកម្ពុជាបានបញ្ជាក់ថា នៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះទំនាក់ទំនងពាណិជ្ជកម្មកម្ពុជា-អាមេរិក មានកំណើនគួរឲ្យគត់សម្គាល់ ក្នុងនោះឆ្នាំ២០១៥ ទំហំពាណិជ្ជកម្មកម្ពុជា-អាមេរិកមានទឹកប្រាក់
២,៣៦៥លានដុល្លារ ក្នុងនោះកម្ពុជានាំចេញបាន២,១៣៦លានដុល្លារអាមេរិក ខណៈអាមេរិកនាំចូលមកកម្ពុជាវិញមានតែ២២៨លានដុល្លារប៉ុណ្ណោះ។
ឆ្នាំ២០១៦ ទំហំពាណិជ្ជកម្មកម្ពុជា-អាមេរិក ហាក់ថមថយបន្តិចមានទឹកប្រាក់មកនៅត្រឹម២,៣២០លានដុល្លារ ប៉ុន្តែការនាំចេញរបស់កម្ពុជាទៅអាមេរិក នៅតែបន្តកើនឡើង ដោយនាំចេញបាន២,១៤៧លានដុល្លារអាមេរិក ខណៈអាមេរិកនាំចូលមកកម្ពុជាវិញមានតែ ១៧៣លានដុល្លារប៉ុណ្ណោះ។
ឆ្នាំ២០១៧ ទំហំពាណិជ្ជកម្មកម្ពុជា អាមេរិកមានទឹកប្រាក់២,៦០៥លានដុល្លារ ក្នុងនោះកម្ពុជានាំចេញបាន២,៤០៨លានដុល្លារអាមេរិក ខណៈអាមេរិកនាំចូលមកកម្ពុជាវិញមានតែ១៩៦លានដុល្លារប៉ុណ្ណោះ និងឆ្នាំ២០១៨ ទំហំពាណិជ្ជកម្មកម្ពុជា-អាមេរិក មានទឹកប្រាក់៣,៤៣៨លានដុល្លារ ក្នុងនោះកម្ពុជានាំចេញបាន៣,០៥១លានដុល្លារអាមេរិក ខណៈអាមេរិកនាំចូលមកកម្ពុជាវិញមានតែ៣៨៦លានដុល្លារប៉ុណ្ណោះ។

ផលិតផលសំខាន់ៗ ដែលកម្ពុជានាំចេញទៅអាមេរិកមានសម្លៀកបំពាក់ សម្ភារសម្រាប់ការធ្វើដំណើរ (វ៉ាលី កាបូប) កង់ និងសម្ភារប្រើប្រាស់មួយចំនួនទៀត។ ចំណែកកម្ពុជានាំចូលពីអាមេរិកវិញ មានដូចជារថយន្ត គ្រឿងយន្ត គ្រឿងអលង្ការ គ្រឿងសំអាង សម្ភារអគ្គិសនីអេឡិចត្រូនិក និងសម្ភារប្រើប្រាស់មួយចំនួនទៀត។

កាលពីដើមឆ្នាំ២០១៨ រដ្ឋាភិបាលអាមេរិករបស់លោកប្រធាធិបតី ដូណាល់ ត្រាំ បានចុះហត្ថលេខាលើច្បាប់ ដើម្បីបន្ដប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) សម្រាប់រយៈពេល៣ឆ្នាំបន្ដទៀត ដល់កម្ពុជាចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០៕






