ដោយ ម៉ាណេត
ភ្នំពេញៈ ធនាគារពិភពលោក បានអនុម័តក្របខ័ណ្ឌភាពជាដៃគូរវាងរាជរដ្ឋាភិបាលកម្ពុជាក្នុងទឹកប្រាក់១០០០លានដុល្លារអាមេរិក សំរាប់ឆ្នាំ២០១៩ ដល់ឆ្នាំ ២០២៣ (Country Partnership Framework – CPF 2019-2023)។
ឯកសារនេះ គឺជាក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការពេញលេញរយៈមធ្យម រវាងរាជរដ្ឋាភិបាលកម្ពុជា ជាមួយនិងធនាគារពិភពលោក នឹងត្រូវបានរៀបចំដើម្បីចូលរួមចំណែកផ្តល់ហិរញ្ញប្បទានគាំទ្រ ការអនុវត្តយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ផែការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ និងតម្រូវការអាទិភាពរបស់កម្ពុជា។
-->
ការអនុម័តក្របខ័ណ្ឌ ភាពជាដៃគូរវាងរាជរដ្ឋាភិបាល ជាមួយធនាគារពិភពលោកត្រូវបានលើកក្នុងកិច្ចប្រជុំមួយរវាងលោក អូន ព័ន្ធមុន្នីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកស្រី វិចតូរៀ ខ្វាខ្វា (Victoria Kwakwa) អនុប្រធានធនាគាពិភពលោកទទួលបន្ទុកតំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិកកាលពី ថ្ងៃទី១៦ ខែកញ្ញាកន្លងមកនេះ។
លោកស្រី វិចតូរៀ ខ្វាខ្វា ធ្លាប់បានមកកម្ពុជាកាលពី៣ឆ្នាំមុន ហើយពេលនេះបានឃើញកម្ពុជាកំពុងរីកចម្រើនយ៉ាងខ្លាំង ដែលគួរអោយកោតសរសើរខ្លាំងបំផុត ជាមួយកំណើនសេដ្ឋកិច្ចជាមធ្យមពី៧%ទៅ៨% ហើយអត្រាកាត់បន្ថយភាពក្រីក្រ និងអត្រាស្លាប់របស់ទារកនៅពេលកើតក៏បានថយចុះ។ នេះជាជោគជ័យបញ្ជាក់ថាកម្ពុជាកំពុងតែបោះជំហានលើផ្លូវមួយត្រឹមត្រូវ។
ក្របខ័ណ្ឌភាពជាដៃគូសម្រាប់ប្រទេសថ្មីនេះ នឹងផ្តោតលើការលើកកម្ពស់ប្រសិទ្ធភាពរដ្ឋ និងជំរុញការអភិវឌ្ឍវិស័យឯកជន ពន្លឿនការអភិវឌ្ឍមនុស្ស និងកែលម្អផលិតផលកសិកម្មឲ្យប្រសើរ និងពង្រីកការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយចីរភាព។ ការពង្រឹងអភិបាលកិច្ច ស្ថាប័ន និងការចូលរួមជាសាធារណៈ ជាមូលបទអន្តរវិស័យគន្លឹះមួយដែលបានដាក់ចូលក្នុងសកម្មភាពទាំងអស់ នៃក្របខ័ណ្ឌភាពជាដៃគូសម្រាប់ប្រទេសថ្មីនេះ។
វិស័យនានាដែលក្របខ័ណ្ឌនេះ ផ្តោតការយកចិត្តទុកដាក់គឺស៊ីគ្នាទៅនឹងសកម្មភាពអាទិភាពជាតិ ដែលបានចែងក្នុងយុទ្ធសាស្រ្តចតុកោណ ដំណាកកាលទី៤រដ្ឋាភិបាល សម្រាប់កំណើន ការងារ សមធម៌ និងប្រសិទ្ធភាព។ ក្របខ័ណ្ឌភាពជាដៃគូសម្រាប់ប្រទេសថ្មីនេះ បានដាក់បញ្ចូលនូវការរកឃើញនានា ពីការវិនិច្ឆ័យស្ថានភាពប្រទេសដែលមានលក្ខណៈជាប្រព័ន្ធរបស់ធនាគារពិភពលោក និងមតិប្រឡប់នានាដែលបានមកពីកិច្ចប្រជុំពិគ្រោះយោបល់ជាសាធារណៈនាពេលថ្មីៗនេះ។
លោកស្រី អ៊ីនហ្គូណា ដូប្រាចា នាយិកាគ្រប់គ្រងធនាគារពិភពលោកប្រចាំប្រទេសកម្ពុជាមានប្រសាសន៍ថា “ប្រទេសកម្ពុជាទទួលកំណើនសេដ្ឋកិច្ចខ្ពស់ ហើយការកាត់បន្ថយភាពក្រីក្របានថយចុះយ៉ាងខ្លាំង ក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយ និងមានភាពប្រសើរលើស្តង់ដាររស់នៅរបស់គ្រួសារជាច្រើន”។
លោកស្រីបានបន្តថា “សម្រាប់ពេលខាងមុខ កម្ពុជាជួបប្រទះនូវការប្រឈមបី ដើម្បីឈានឆ្ពោះទៅរកមូលដ្ឋានសេដ្ឋកិច្ច ដែលមានលក្ខណះចំរុះបែប និងមានតម្លៃខ្ពស់ជាងមុន ដើម្បីកសាងទុនមនុស្សសម្រាប់សេដ្ឋកិច្ចទូលំទាយ និងដើម្បីលើកកម្ពស់សេដ្ឋកិច្ចប្រកបដោយបរិយាប័នដែលមានប្រយោជន៍ដល់ប្រជាជនក្រីក្រ”។
លោកស្រីបានឱ្យដឹងទៀតថា ធនាគារពិភពលោក នឹងធ្វើការជាដៃគូជាមួយកម្ពុជា ដើម្បីទទួលបានគោលដៅនានា ស្របពេលដែលត្រូវពង្រឹងការចូលរួមរបស់ប្រជាពលរដ្ឋក្នុងដំណើរការអភិវឌ្ឍន៍។
លោក ខែល ខេលលោហ្វើ នាយកគ្រប់គ្រងប្រទេសនៃសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិសម្រាប់ប្រទេសកម្ពុជា ឡាវ និងវៀតណាម មានប្រសាសន៍ថា “IFC ជាមួយនឹងការយកចិត្តទុកដាក់របស់ខ្លួនលើការអភិវឌ្ឍវិស័យឯកជន នឹងបន្តកៀងគរការផ្តល់ហិរញ្ញវត្ថុដល់វិស័យឯកជន និងការសហការគ្នាក្នុងក្រុមធនាគារពិភពលោក ដើម្បីធ្វើឲ្យវិស័យឯកជនឲ្យរស់រវើកនៅកម្ពុជា”។
លោកបានថ្លែងថា “ការផ្តោតការយកចិត្តទុកដាក់របស់យើង នឹងឈានទៅដល់ការពង្រីកការទទួលបានហិរញ្ញវត្ថុ សម្រាប់ធុរកិច្ចខ្នាតតូច និងការធ្វើឲ្យប្រសើរលើការប្រកួតប្រជែងផ្នែកកសិកម្មរបស់ប្រទេស និងលើកកម្ពស់សេវាហេដ្ឋារចនាសម្ព័ន្ធដែលមានសារសំខាន់សម្រាប់ការអភិវឌ្ឍធុរកិច្ច”៕