ដោយៈ រ៉ាណេត
ភ្នំពេញៈ ក្រសួងទេសចរណ៍បានបង្គាប់ឱ្យមន្ត្រីថ្នាក់ខេត្តទូទាំងប្រទេស រៀបចំឱ្យនៅតាមវត្តអារាមនានាឱ្យមានសោភ័ណភាព ពង្រឹងគុណភាពសេវាកម្ម អនាម័យ បរិស្ថាន បដិសណ្ឋារកិច្ច ដើម្បីបង្ហាញ និងទាក់ទាញចំណាបើ់អារម្មណ៍ពីបណ្តាភ្ញៀវទេសចរជាតិ អន្តរជាតិឱ្យកាន់តែល្អប្រសើរ។

-->
ក្នុងកិច្ចប្រជុំបូកសរុបការងារទេសចរណ៍រយៈពេល៩ខែ ដើមឆ្នាំ២០១៩ និងទិសដៅអនុវត្តបន្តត្រីមាសទី៤ ឆ្នាំ២០១៩ នៅទីស្តីការក្រសួងទេសចរណ៍ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ រដ្ឋមន្ត្រីក្រសួងទេសចរណ៍លោក ថោង ខុន បានណែនាំឱ្យប្រធានមន្ទីរទេសចរណ៍គ្រប់រាជធានី-ខេត្ត ត្រូវសហការជាមួយកម្លាំងសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធក្នុងការការពារសុវត្ថិភាពភ្ញៀវទេសចរឱ្យបានហ្មត់ចត់ នៅតាមគោលដៅទេសចរណ៍នីមួយៗក្នុងដែនសមត្ថកិច្ចរបស់ខ្លួនផងដែរ។
ក្រៅពីការណែនាំ និងបង្គាប់សម្រាប់ឱកាសបុណ្យភ្ជុំបិណ្ឌខាងលើនេះ លោក ថោង ខុន ក៏បានដាក់ចេញការងារសំខាន់ៗមួយចំនួន ដែលក្រសួងទេសចរណ៍ និងមន្ទីរទេសចរណ៍គ្រប់រាជធានី-ខេត្ត ត្រូវយកចិត្តទុកដាក់អនុវត្តឲ្យមានប្រសិទ្ធភាព ក្នុងនោះរួមមាន ទី១ ការរៀបចំផែនការមេសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ នៅខេត្តសៀមរាប ខេត្តមណ្ឌលគិរីទៅជាតំបន់ទេសចរណ៍ សមាហរណពិសេស និងខេត្តកែប ទៅជាតំបន់ទេសចរណ៍ធម្មជាតិ។ ទី២ ការរៀបចំកែសម្រួលសេចក្តីសម្រេចស្តីពី ការបង្កើតគណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍ទៅជាអនុក្រឹត្យស្តីពី ការបង្កើតគណៈកម្មការអភិវឌ្ឍន៍ទេសចរណ៍។
ទី៣ ការរៀបចំលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នងរបស់ក្រុមប្រឹក្សាសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា។ ទី៣ វិធានការទប់ស្កាត់រាល់សកម្មភាពលក់កញ្ចប់ទស្សនកិច្ចថ្លៃទាប (Low Cost) ថ្លៃសូន្យ (Zero Package Tour) ឬក្រោមសូន (Minus Tour) និងការទប់ស្កាត់ និងលុបបំបាត់ការលក់ដូរវត្ថុអនុស្សាវរីយ៍ក្លែងក្លាយ។ ទី៤ ការដាក់ចេញនូវផែនការបញ្ជ្រាបការយល់ដឹងជាសាធារណៈអំពីទេសចរណ៍ ឆ្នាំ២០២០-២០២៣។
ទី៥ ការអភិវឌ្ឍផលិតផលទេសចរណ៍ថ្មីៗ ដូចជា រមណីយដ្ឋានទេសចរណ៍ សហគមន៍ទេសចរណ៍ វត្តទេសចរណ៍ជាដើម ការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ (បុគ្គលិកម្នាក់ ជំនាញមួយ) ការពង្រឹងគុណភាពផលិតផល និងសេវាកម្មទេសចរណ៍ (សេវាមួយ ស្តង់ដាមួយ)។ ទី៦ការអនុវត្តស្តង់ដារសេវាកម្មវិថីលក់ម្ហូបអាហារ (Food Street) និងប្រព័ន្ធចំណាត់ថ្នាក់សេវាកម្មតូបលក់ម្ហូបអាហារ (Street Food)ជាដើម។
លោករដ្ឋមន្ត្រីក៏បានណែនាំដល់ប្រធានមន្ទីរទេសចរណ៍រាជធានី-ខេត្ត ត្រូវខិតខំអនុវត្តឲ្យមានប្រសិទ្ធភាពនូវសារាចរណែនាំស្តីពី ការពង្រឹងគុណភាពផលិតផលទេសចរណ៍ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ ចាប់ពីថ្ងៃទី២៧-២៨-២៩ ខែកញ្ញា ឆ្នាំ២០១៩ ពិសេសត្រូវខិតខំសហការជាមួយក្រសួងធម្មការ និងសាសនា អាជ្ញាធរមូលដ្ឋាន ដើម្បីរៀបចំវត្តទេសចរណ៍គំរូ និងវិថីម្ហូបអាហារ។
អភិបាលនៃគណៈអភិបាលខេត្តកែប លោកកែន សត្ថាបានមានប្រសាសន៍ថា វិស័យទេសចរណ៍ គឺជាវិស័យស្នូលរបស់ខេត្តកែប ហេតុនេះដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យកាន់តែច្រើនថែមទៀត ទាមទារឱ្យមានការកែលម្អបន្ថែម ទាំងហេដ្ឋារចនាសម្ព័ន្ធ ការបំរើសេវាទេចរណ៍ ការធ្វើបដិសណ្ឋារកិច្ចភ្ញៀវ។ លោកបានបន្តទៀតថា ការកែលម្អសោភ័ណ្ឌភាពអនាម័យបរិស្ថាន ធ្វើឱ្យខេត្តកែបទាំងមូលមានភាពបៃតង ខ្យល់អាកាសបរិសុទ្ធ និងគ្មានការបំពុលបរិស្ថាន គឺជាអាទិភាពដែលត្រូវតែធ្វើ។
លោកបន្តថា “ក្នុងរយៈពេលបីថ្ងៃ នៃការប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ គ្រប់មន្ទីរអង្គភាពទាំងអស់ត្រូវធ្វើវេនយាមប្រចាំការទទួលខុសត្រូវ ចាំដោះស្រាយបញ្ហាដែលកើតឡើងជាយថាហេតុ ក្រៅពីនេះមន្ទីរ មន្ទីរសុខាភិបាល និងមន្ទីរទេសចរណ៍ខេត្ត ត្រូវអប់រំណែនាំ ដល់គ្រប់ផ្ទះសំណាក់ សណ្ឋាគារ ភោជនីយដ្ឋាន អាហារដ្ឋាន និងប្រតិបត្តិករទេចរណ៍ទាំងអស់ លើផ្នែកអនាម័យ ម្ហូបអាហារ កុំតម្លើងតម្លៃហួសហេតុ និងការគ្រប់មាត្រសាស្ត្រជាដើមឱ្យបានត្រឹមត្រូវ”៕