ដោយ វុត្ថា
ភ្នំពេញៈ ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានាបាន ចេញសេចក្ដីថ្លែងការណ៍បញ្ជាក់ទៅកាន់ក្រុមប្រឹក្សាសិទ្ធិមនុស្ស អង្គការសហប្រជាជាតិថា បញ្ហាហុងកុង និងស៊ីងជាំង គឺស្ថិតនៅក្រោម យុត្តាធិការផ្ទៃក្នុងរបស់ប្រទេសចិន។
យោងតាមសេចក្ដីថ្លែងការណ៍របស់ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិស្ដីពី កិច្ចពិភាក្សាទូទៅស្តីពីសិទ្ធិមនុស្ស ដែលទទួលការចាប់អារម្មណ៍ពិសេស ពីក្រុមប្រឹក្សារបៀបវារៈទី៤ នៃកិច្ចប្រជុំលើកទី៤២ របស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស នៅហ្សឺណែវ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩បានឱ្យដឹងថា សិទ្ធិមនុស្សគួរត្រូវបានវាយតម្លៃជារួម ជាជាងការពិនិត្យតែលើករណីដោយឡែកណាមួយ។
-->
សេចក្តីថ្លែងការណ៍ដដែលបន្តថា សិទ្ធិទាំងអស់គួរទទួលបានការយកចិត្តទុកដាក់ និងសារសំខាន់ដូចៗគ្នា។ ការលើកកម្ពស់ និងការការពារសិទ្ធិមនុស្ស គួរត្រូវបានអនុវត្ត ដោយអនុលោមតាមគោលការណ៍មិនលម្អៀង អព្យាក្រឹត្យភាព មិនច្បិចយកបញ្ហាតែមួយជ្រុង ព្រមទាំងប្រកាន់ខ្ជាប់ឱ្យបានម៉ឺងម៉ាត់ នូវគោលការណ៍ធម្មនុញ្ញអង្គការសហប្រជាជាតិ ជាពិសេសមាត្រា២ (៧)។ សិទ្ធិមនុស្សមិនគួរត្រូវបាន គេយកមកប្រើជាឧបករណ៍នយោបាយ ដើម្បីជ្រៀតជ្រែក ចូលយុត្តាធិការផ្ទៃក្នុង របស់រដ្ឋដទៃផ្សេងទៀតឡើយ។
សេចក្ដីថ្លែងការណ៍ដដែលនេះបន្តថា អាស្រ័យហេតុនេះហើយ នៅពេលដែលក្រុមប្រឹក្សាសិទ្ធិមនុស្ស លើកយកបញ្ហាហុងកុង និងស៊ីងជាំងមកធ្វើការពិភាក្សា កម្ពុជាយល់ឃើញថា បញ្ហាទាំងនេះស្ថិតនៅក្រោមយុត្តាធិការផ្ទៃក្នុង របស់សាធារណរដ្ឋ ប្រជាមានិតចិន ដែលត្រូវតែគោរព ហើយការជ្រៀតជ្រែកចូលក្នុងកិច្ចការនេះ ត្រូវហាមឃាត់ជាដាច់ខាត។ វិធានការដែលដាក់ចេញដោយប្រទេសចិន និងតំបន់រដ្ឋបាលពិសេសហុងកុង ដើម្បីថែរក្សាសន្តិភាពនិងសន្តិសុខជាតិ អនុលោមតាមច្បាប់ក្រុង និងច្បាប់អន្តរជាតិ ដែលមានស្រាប់គួរទទួលបានការស្វាគមន៍។
សេចក្ដីថ្លែងការណ៍ដែលដឹងបន្ថែមថា ចំពោះបញ្ហានៅខេត្តស៊ីងជាង យើងខ្ញុំសូមអបអរសាទរ ចំពោះកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលនានា ដែលសម្រេចបានរបស់ប្រទេសចិន ក្នុងការអនុវត្តការប្រយុទ្ធប្រឆាំងអំពើភេរវកម្ម រាប់បញ្ចូលទាំងការបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ សម្រាប់ឱ្យសិក្ខាកាម រៀនជំនាញចិញ្ចឹមជីវិត និងរំដោះខ្លួន ឱ្យរួចផុតពីភាពជ្រុលនិយមខាងសាសនា។ ជាលទ្ធផលក្នុងរយៈពេលបីឆ្នាំ មិនមានសេចក្តីរាយការណ៍ អំពីការកើតមានឡើង នូវការវាយប្រហារភេរវកម្មណាមួយទេ ហើយសុវត្ថិភាពនិងសន្តិសុខនៅខេត្តស៊ីងជាំង ក៏ត្រូវបានស្ដារត្រឡប់មកវិញ៕