ដោយ វុត្ថា
ភ្នំពេញៈ សម្តេតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា នឹងបំពេញទស្សនិច្ចនៅក្នុងប្រទេសកូរ៉េ នៅខែធ្នូ ចុងឆ្នាំ ២០១៩ ខាងមុខនេះ ដើម្បីចូលរួមកិច្ចប្រជុំចំនួន ២ផ្សេងគ្នា។
សម្តេចតេជោ នៅក្នុងជំនួបពិភាក្សាការងារជាមួយលោកបណ្ឌិត Won Meok Lee សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ កន់ យ៉ាង នៅថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០១៩ នេះថា នៅពេលខាងមុខនេះ ពោលគឺនៅក្នុងអំឡុងខែវិច្ឆិកា សម្ដេចតេជោនឹងអញ្ជើញទៅសាធារណរដ្ឋកូរ៉េ ដើម្បីចូលរួមកិច្ចប្រជុំ២ ដែលទី១គឺកិច្ចប្រជុំអាស៊ាន-កូរ៉េ និងទី២ កិច្ចប្រជុំកំពូលមេគង្គ-កូរ៉េ ដែលគ្រោងនឹងធ្វើនៅទីក្រុងប៊ូសាននាពេលខាងមុខនេះ។
-->
សម្ដេចតេជោ ហ៊ុន សែន ក៏បានអរគុណដល់ប្រទេសកូរ៉េ ដែលកន្លងមកធ្លាប់បានជួយដល់ប្រទេសកម្ពុជាលើវិស័យផ្សេងៗ ជាពិសេសដល់ផ្នែកវិស័យសុខាភិបាល ក៏ដូចជាវិស័យអប់រំ។ មិនតែប៉ុណ្ណោះភាគីកូរ៉េ បានជួយក្នុងការផ្ដល់នូវការព្យាបាលជំងឺភ្នែកដល់ប្រជាជនកម្ពុជា ដែលប្រជាជនកម្ពុជាជាច្រើនមានបញ្ហាជំងឺភ្នែកនេះ ហើយពួកគាត់ពិតជាត្រូវការចាំបាច់នូវសេវាព្យាបាលបញ្ហានៃជំងឺភ្នែក រួមទាំងជំងឺគថ្លង់ផងដែរ។
សម្តេចតេជោបានមានប្រសាសន៍ទៀតថា កន្លងមកនេះ រាជរដ្ឋាភិបាលយើងក៏ទទួលបានភាពជោគជ័យផងដែរ ទាក់ទងទៅនឹងការបង្ការទប់ស្កាត់នូវជំងឺមួយចំនួនដូចជា ជំងឺគ្រុនស្វិតដៃជើង ជំងឺកញ្ជ្រិល និងជំងឺតេតាណូសជាដើម។ ហើយបច្ចុប្បន្ននេះកម្ពុជា កំពុងតែយកចិត្តទុកដាក់ទៅលើការប្រយុទ្ធប្រឆាំងជំងឺរបេង ជំងឺជំងឺលើសឈាម និងជំងឺគ្រុនចាញ់ជាដើម។
សម្ដេចតេជោក៏បានមានប្រសាសន៍ផងដែរថា បច្ចុប្បន្ននេះរាជរដ្ឋាភិបាលកម្ពុជាក៏បានធ្វើការវិនិយោគយ៉ាងច្រើន ទៅលើវិស័យសង្គមកិច្ច ជាពិសេសក្នុងការផ្ដល់នូវថវិកាជាតិទៅលើវិស័យអប់រំ វិស័យសុខាភិបាល ដើម្បីផ្ដល់នូវប្រយោជន៍ ក៏ដូចជាបម្រើនូវសេវាដល់បងប្អូនប្រជាពលរដ្ឋ។
លោកបណ្ឌិត Won Meok Lee បានជម្រាបជូនសម្ដេចតេជោនាយករដ្ឋមន្ត្រីផងដែរថា លោកបានធ្លាប់មកកាន់ប្រទេសកម្ពុជា ម្ដងរួចមកហើយកាលពី១០ឆ្នាំមុន ហើយក៏បានជួបសម្ដេចតេជោនាយករដ្ឋមន្ត្រីផងដែរកាលពេលនោះ។ លោកបណ្ឌិតបានអរគុណចំពោះសម្ដេចតេជោ ហ៊ុន សែន ដែលបានអនុញ្ញាតឲ្យរូបលោក និងគណៈប្រតិភូចូលជួបសំដែងការគួរសម និងពិភាក្សាការងារនាពេលនេះ។

លោកបណ្ឌិតក៏បានជម្រាបជូនសម្តេចតេជោថា កន្លងមកលោកបានជួយដល់ការងារផ្នែកសុខាភិបាលច្រើន ជាពិសេសការយកចិត្តទុកដាក់ និងការព្យាបាលជំងឺភ្នែកតាមរយៈមជ្ឈមណ្ឌលដែលនៅមន្ទីពេទ្យព្រះអង្គឌួងនោះ ហើយលោកប្ដេជ្ញាថា នឹងខិតខំជួយដល់កម្ពុជាជាបន្តបន្ទាប់ទៀតផងដែរ។
តបតាមការអញ្ជើញរបស់លោកបណ្ឌិត សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ កន់យ៉ាង សម្ដេចតេជោបានឲ្យរកពេលវេលាណាសមស្រប ដើម្បីសម្ដេចអញ្ជើញទៅទស្សនកិច្ចនៅសាកលវិទ្យាល័យ កន់យ៉ាងនៃប្រទេសកូរ៉េផងដែរ៕