ដោយ Donald Lee
វ៉ាស៊ីនតោន៖ មន្ត្រីជាន់ខ្ពស់អាមេរិក និងចិននឹងជួបគ្នានៅទីក្រុងវ៉ាស៊ីនតោននៅថ្ងៃ ព្រហស្បតិ៍នេះ ដើម្បីចាប់ផ្តើមកិច្ចពិភាក្សាពាណិជ្ជកម្មឡើងវិញ ដែលបានធ្វើឱ្យខកខាន រយៈពេលពីរខែកន្លងមក នៅក្នុងសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងចិនដែលកំពុងកើនឡើង។
សង្គ្រាមពាណិជ្ជកម្មរយៈពេល១៤ខែមកនេះ បានបង្កឱ្យខាតបង់ចំណូលរាប់ពាន់លានដុល្លារនៅជុំវិញពិភពលោក និងជាកត្តាចំបងដែលធ្វើឱ្យសេដ្ឋកិច្ចពិភពលោកកំពុងធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ច។
-->
ភាគីទាំងសងខាងបានរងផលប៉ះពាល់ពីសង្រ្គាមពាណិជ្ជកម្មនេះ ខណៈប្រធានាធិបតីអាមេរិក Donald Trump ស្វែងរកសំលេងក្នុងការបោះឆ្នោតឡើងវិញនៅឆ្នាំ២០២០ និងប្រធានាធិបតីចិនលោកស៊ី ជីនពីង តស៊ូដើម្បីរក្សាកំណើនសេដ្ឋកិច្ចរបស់ខ្លួនឱ្យដើរទៅមុខ ស្របពេលវិស័យផលិតកម្មនៅតែបន្តធ្លាក់ចុះ។
លើសពីនេះធនាគារកណ្តាលនៅជុំវិញពិភពលោក កំពុងបញ្ចុះអត្រាការប្រាក់ដើម្បីបញ្ចូនរូបិយប័ណ្ណបន្ថែមទៀត ទៅក្នុងសេដ្ឋកិច្ចរបស់ពួកគេ ដើម្បីជំរុញពាណិជ្ជកម្ម និងជំរុញសេដ្ឋកិច្ចក្នុងស្រុក។
ធនាគារកណ្តាលអាមេរិកបានទម្លាក់អត្រាការប្រាក់ ជាលើកទីពីរនៅឆ្នាំនេះ បន្ទាប់ពីទិន្នន័យសេដ្ឋកិច្ចពិភពលោក បានបង្ហាញពីការធ្លាក់ចុះយ៉ាងឆាប់រហ័ស នៃកំណើននៅជុំវិញពិភពលោក ដោយសារតែភាពមិនប្រាកដប្រជាផ្នែកសេដ្ឋកិច្ច បង្កឡើងដោយសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងចិន។

ធនាគារកណ្តាលអាមេរិក បានទម្លាក់អត្រាការប្រាក់ចន្លោះពី១,៧៥ ទៅ ២ ភាគរយនៅសប្តាហ៍នេះ។
លោកDonald ;Trump បានរិះគន់ប្រធានធនាគារកណ្តាលអាមេរិក លោក Jay Powell សម្រាប់ការមិនបន្ទាបអត្រាការប្រាក់បន្ថែមទៀតដល់សូន្យភាគរយ ដើម្បីផ្តល់ឱ្យក្រុមហ៊ុនអាមេរិក ងាយទទួលបានមូលនិធិក្នុងការវិនិយោគ នៅក្នុងអាជីវកម្មរបស់ពួកគេ។
លោក Trump បានសរសេរនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម Twitter ថា “លោក Jay Powell និងធនាគារបានបរាជ័យជាថ្មីម្តងទៀត។ គ្មាន” ភាពវង្វេងស្មារតី គ្មានចក្ខុវិស័យ! អ្នកទំនាក់ទំនងមិនល្អ!”៕