ដោយ វុត្ថា
ភ្នំពេញៈ ក្រុមអ្នកជំនាញបានគូសបញ្ជាក់សាជាថ្មីថា ស្ថានភាពអចលនវត្ថុនៅក្នុងប្រទេសកម្ពុជាទាំងនៅក្នុងពេលបច្ចុប្បន្ននេះ និងនាពេលអនាគតនៅតែមានស្ថានភាពល្អប្រសើរ បើទោះបីពិភពលោកមានបញ្ហាសេដ្ឋកិច្ចខ្លះ និងការចាកចេញរបស់ជនជាតិចេញពីប្រទេសកម្ពុជាក្នុងរយៈពេលកន្លងមកនេះក៏ដោយក្តី។
លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានឱ្យដឹងនៅក្នុងវេទិកាជាមួយអ្នកសារព័ត៌មាន ស្តីពី «ស្ថានភាពអចលនវត្ថុនៅកម្ពុជានាពេលបច្ចុប្បន្ននិងទៅអនាគត » នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ ២០១៩ នេះថា ពាក់ព័ន្ធនឹងការទិញដីឡូតិ៍ ទិញបុរី និងទិញអចលនទ្រព្យផ្សេងៗ នៅតែមានសក្តានុពលខ្ពស់ដោយសារមានតម្រូវការកើនឡើង ទាំងនៅក្នុងទីក្រុង និងនៅតាមបណ្តាខេត្តក្រុងនានានៅទូទាំងប្រទេសកម្ពុជា បើទោះបីមានជនជាតិចិនមួយចំនួនបានចាកចេញពីប្រទេសកម្ពុជា។
លោកបានពន្យលថា “ការចេញរបស់ជនជាតិចិន ពីប្រទេសកម្ពុជាកន្លងមកនេះ មិនមានផលប៉ះពាលល់ខ្លាំង ដល់វិស័យអចលនទ្រព្យនោះទេ គឺប៉ះពាល់បន្តិចបន្តួច តែក្នុងរយៈពេលខ្លីតែប៉ុណ្ណោះ”។លោកបន្តថា “តម្លៃអចលនទ្រព្យជារួមមកដល់ពេលនេះ មិនទាន់មានការធ្លាក់តម្លៃនោះទេ ពោលគឺមានស្ថានភាពនៅតែដដែល និងបន្តមានការរីកចំរើនមុខថែមទៀត” ។
លោកសុខនីមបានពន្យល់ទៀតថា “ការរក្សាបានស្ថេរភាពនេះ ដោយសារកត្តាស្ថេរភាពនយោបាយនៅក្នុងប្រទេសមានស្ថានភាពល្អ កំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជានៅតែរក្សាបានល្អ ព្រមទាំងមានការគាំពារពីធនាគារ ក្នុងការផ្តល់ប្រាក់កម្ចីដល់ពលរដ្ឋ”។
លោក ហ៊ឹម សីហា នាយកនៃផ្នែកស្រាវជ្រាវ ក្រុមហ៊ុន VTrust បានឱ្យដឹងដែរថា ក្នុងវិស័យនៃការផ្គត់ផ្គង់អចលនទ្រព្យ ជាពិសេសលំនៅឋាននៅតែមានកំណើនពីមួយឆ្នាំទៅមួយឆ្នាំ ដោយក្នុងរយៈពេល៥ ឬ៦ឆ្នាំចុងក្រោយនេះ គឺមានកំណើនលំនៅឋានច្រើនរហូតដល់ជាងមួយម៉ឺនខ្នងក្នុងមួយឆ្នាំៗ ជាពិសេស២ឆ្នាំចុងក្រោយនេះ (២០១៨-២០១៩) មានកំណើនខ្ពស់រហូតដល់រាប់ម៉ឺនខ្នង។
លោកបន្តថា ដោយសារតម្រូវការក្នុងស្រុកមានការកើនឡើង ហើយក៏មានតម្រូវការពីក្រៅស្រុកខ្លះដែរ បានធ្វើឲ្យតម្រូវការលំនៅឋានខ្ពស់នៅក្នុងទីក្រុងភ្នំពេញ ព្រោះមានតម្រូវការពីអ្នករៀបការថ្មីថ្មោង និងប្រជាជនមកពីតាមបណ្តាខេត្តនានាមករស់នៅក្នុងទីក្រុងភ្នំពេញ។ ស្ថានភាពបែននេះ នឹងនៅតែបន្តកើនកើនឡើងរហូតដល់ឆ្នាំ ២០៣០ ទៅមុខទៀត។
លោកពុយ គា អគ្គលេខាធិការក្លិបអ្នកកាសែតកម្ពុជាបានឱ្យដឹងថា ក្លឹបអ្នកកាសែតកម្ពុជា ( ក.អ.ក ) សហការជាមួយសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (ស.វ.អ.ក) នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩នេះបានរៀបចំវេទិកាជាមួយអ្នកសារព័ត៌មាន ស្តីពី « ស្ថានភាពអចលនវត្ថុនៅកម្ពុជានាពេលបច្ចុប្បន្ន និងទៅអនាគត » នៅភោជនីយដ្ឋានទន្លេបាសាក់២ ជិតស្ពានអាកាសក្បាលថ្នល់ ដោយមានការចូលរួមពីអ្នកជំនាញជាច្រើនរូបមកពីវិស័យអចលនទ្រព្យ។
លោកបន្តថា “ការរៀបចំវេទិកាខាងលើនេះ ដើម្បីផ្តល់ឱកាសសម្រាប់អ្នកសារព័ត៌មានបានស្វែងយល់បន្ថែមទៀត អំពីស្ថានភាពអចលនវត្ថុនៅកម្ពុជានាពេលបច្ចុប្បន្ននិងទៅអនាគត រួមទាំងសញ្ញាវិជ្ជមាននិងអវិជ្ជមាន នៃវិស័យអចលនវត្ថុនៅកម្ពុជា”៕