ប្រធាន​រដ្ឋសភា​៖ សេចក្តី​ព្រាងច្បាប់​សំណង់​នឹង​ចូលរួម​ជំរុញ​វិស័យ​នេះ​ឱ្យ​កាន់តែ​រីកចម្រើន​

0

ដោយ​ វុត្ថា​

ភ្នំពេញ​៖ សម្តេច​អគ្គ​មហា​ពញា​ចក្រី​ ហេង​ សំ​រិន​ ប្រធាន​រដ្ឋសភា​ បាន​លើកឡើង​ថា​ សេចក្តី​ព្រាងច្បាប់​ស្តី​ពី​សំណង់​ ដែល​រដ្ឋសភា​កំពុង​ពិនិត្យ​សិក្សា​ នឹង​ក្លាយជា​ច្បាប់​ដ៏​មាន​សារៈសំខាន់​ ជា​បទដ្ឋាន​គតិ​យុត្ត​ថ្មី​ បន្ថែម​លើ​អ្វី​ដែល​មានស្រាប់​ ក្នុង​ការជំរុញ​វិស័យ​សំណង់​នៅ​កម្ពុជា​ ឲ្យ​កាន់តែ​រីកចម្រើន​ គោរព​តាម​បទដ្ឋាន​បច្ចេកទេស​ សុវត្ថិភាព​ សោភ័ណភាព​ និង​បរិស្ថាន​។

សម្តេច​បាន​មានប្រសាសន៍​នៅក្នុង​ពិធី​បើក​សិក្ខាសាលា​ស្តី​ពី​ការឈ្វេងយល់​លើ​សេចក្តី​ព្រាងច្បាប់​ស្តី​ពី​សំណង់​នៅ​ថ្ងៃទី​ ២០​ ខែកញ្ញា​ ឆ្នាំ​ ២០១៩​ នេះ​ ថា​ សេចក្តី​ព្រាងច្បាប់​ស្តី​ពី​សំណង់​ តាក់តែង​ឡើង​ក្នុង​បរិបទ​វិស័យ​សំណង់​ មានការ​រីក​ដុះដាល​កាន់តែ​ច្រើន​ មាន​លក្ខណៈ​កាន់តែ​ធំ​ កាន់តែ​ខ្ពស់​។

ជាពិសេស​ក្នុង​ពេល​ដែល​វិស័យ​សំណង់​បាន​ចូលរួម​ចំណែក​យ៉ាង​ខ្លំា​ង ក្នុង​ការ​លើកកម្ពស់​កំណើន​សេដ្ឋកិច្ច​ជាតិ​ឲ្យ​រឹងមាំ​ និង​មាន​និរន្តរភាព​ ក្នុងចំណោម​វិស័យ​ផ្សេងទៀត​ ដែល​មាន​ដូចជា​ ទេសចរណ៍​ ឧស្សាហកម្ម​ ពាណិជ្ជកម្ម​ និង​ កសិកម្ម​ ជាដើម​។

សម្តេច​បន្ត​ថា​ បើ​និយាយ​អំពី​វិស័យ​សំណង់​ គឺ​គេ​នឹកឃើញ​ដល់​ស្នាដៃ​បុព្វបុរស​ខ្មែរ​ ដែល​បាន​កសាង​ ប្រាសាទអង្គរវត្ត​ និង​ប្រាសាទបាយ័ន​ និង​ប្រាសាទ​រាប់​រយ​ទៀត​នៅ​ពាសពេញ​ប្រទេស​។ ស្នាដៃ​ស្ថាបត្យកម្ម​ និង​វិស្វកម្ម​ដ៏​អស្ចារ្យ​របស់​បុព្វបុរស​ខ្មែរ​ បាន​ល្បីល្បាញ​ពាសពេញ​សកលលោក​។

លោកស្រី​ និន​ សា​ផុន​ ប្រធាន​ គណៈកម្មការ​ជំនាញ​នៃ​រដ្ឋសភា​បានឱ្យ​ដឹង​ដែរ​ថា​ សេចក្តី​ព្រាងច្បាប់​នេះ​ បាន​ឆ្លើយតប​នឹង​គោលនយោបាយ​ជាតិ​ ស្តី​ពី​ការរៀបចំ​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ចុះ​ថ្ងៃទី៨​ ខែមេសា​ ឆ្នាំ២០១១​ ផែនការ​យុទ្ធ​សាស្រ្ត​អភិវឌ្ឍន៍​ជាតិ២០១៩​-២០២៣​ និង​យុទ្ធ​សាស្រ្ត​ចតុកោណ​ ដំណាក់កាល​ទី៤​ របស់​រាជរដ្ឋាភិបាល​ ដើម្បី​កំណើន​ការងារ​ សមធម៌​ និង​ប្រសិទ្ធភាព​ កសាង​មូលដ្ឋាន​គ្រឹះ​ឆ្ពោះទៅ​សម្រេច​បាន​ចក្ខុវិស័យ​ ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិតខ្ពស់​នៅ​ឆ្នាំ២០៣០​ និង​ជា​ប្រទេស​មាន​ចំណូល​កម្រិតខ្ពស់​នៅ​ឆ្នាំ២០៥០​។

លោកស្រី​ថា​ ជាង​មួយ​ទសវត្សរ៍​ចុងក្រោយ​នេះ​ ទុន​វិនិយោគ​វិស័យ​សំណង់​មាន​កំណើនទៀងទាត់​ និង​នៅ​បន្ត​រីកចម្រើន​ជាលំដាប់​ ជាពិសេស​កា​រសាង់​សង់​សំ​ណង់​ធំៗ​ខ្ពស់​ៗ ដូចជា​អគារ​ស្នាក់នៅ​រួម​ អគារ​លក់ទំនិញ​ ផ្សារ​ទំនើប​ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ អគារ​ការិយាល័យ​ សណ្ឋាគារ​ អគារ​ពហុមុខ​ងារ​ សំណង់​ទីក្រុង​រណប​ បុរី​លំនៅឋាន​ ។ល។

លោកស្រី​សង្កត់ធ្ងន់​ថា​ សំណង់​កាន់តែ​ធំ​ កាន់តែ​ខ្ពស់​ និង​កាន់តែ​ស្មុគស្មាញ​ កាន់តែ​ទាមទារ​ឲ្យ​មានការ​អនុវត្ត​ឲ្យបាន​ត្រឹមត្រូវ​ តាម​បទដ្ឋាន​គតិ​យុត្ត​ បច្ចេកវិទ្យា​ ស្តង់ដារ​ និង​បទប្បញ្ញត្តិ​បច្ចេកទេស​ ដើម្បី​ធានា​ភាពរឹងមាំ​ គុណភាព​ សោ​ភណ្ឌ​ភាព​ និង​ចីរភាព​ សំណង់​។

លោក​ ជា​ សុ​ផា​រ៉ា​ ឧបនាយក​រដ្ឋមន្រ្តី​ រដ្ឋមន្រ្តី​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ បាន​លើកឡើង​ថា​ សេចក្តី​ព្រាងច្បាប់​សំណង់​ ដែល​មាន២២ជំពូក​ និង១១១មាត្រា​ ត្រូវ​បាន​តាក់តែង​ឡើង​តំាង​ពីឆ្នាំ២០១៧មក​ម្ល៉េះ​ ដោយមាន​ ការចូលរួម​ផ្តល់​យោបល់​ពី​អ្នកជំនាញ​នៃ​ក្រសួង​ដីធ្លី​ ហេដ្ឋារចនាសម្ព័ន្ធ​ ដឹកជញ្ជូន​ និង​ទេសចរណ៍​ នៃ​ប្រទេស​ជប៉ុន​។

លោក​បន្ត​ថា​ សេចក្តី​ព្រាងច្បាប់​ នេះ​ មាន​គោលបំណង​ ក្នុង​ការ​ពង្រឹង​ការគ្រប់គ្រង​ភាគី​ពាក់ព័ន្ធ​ និង​ការប្រតិបត្តិ​ការ​ងារ​ទំាង​ឡាយ​ក្នុង​វិស័យ​សំណង់​ ដើម្បី​ធានា​សន្តិសុខ​ សុវត្ថិភាព​ និង​សណ្តាប់​ធ្នាប់​សាធារណៈ​ ការពារ​ផលប្រយោជន៍​ម្ចាស់​សំណង់​ អ្នកប្រើ​ប្រាស់​ និង​សាធារណជន​។

ចូលរួម​ពង្រឹង​ការ​ គ្រប់គ្រង​នគរូបនីយកម្ម​ ដោយ​អភិវឌ្ឍន៍​ទីក្រុង​ឲ្យ​មាន​សោភ័ណ្ឌភាព​ និង​បរិស្ថាន​ល្អ​សម្រាប់​ការរស់នៅ​ប្រកបដោយ​ចីរភាព​ សំដៅលើ​កកម្ពស់​សុខុមាលភាព​សាធារណៈ​ ជាដើម​៕

LEAVE A REPLY

Please enter your comment!
Please enter your name here