ស្ថាប័ន​ AMRO​ ៖ កម្ពុជា​នឹង​រក្សា​បាន​កំណើន​សេដ្ឋកិច្ច​ក្នុង​អត្រា​ ៧,១​ ភាគរយ​

0

ដោយ​ ប៊ី​

ភ្នំពេញ​ ៖ កម្ពុជា​នឹង​នៅតែ​រក្សា​បាន​កំណើន​សេដ្ឋកិច្ច​ដ៏​រឹងមាំ​ ក្នុង​អត្រា៧,១​ ភាគរយ​ ជាមួយនឹង​អត្រា​អតិផរណា​ទាប​ និង​ស្ថិរភាព​រឹងមាំ​នៃ​វិស័យ​ធនាគារ​ក្នុង​ឆ្នាំនេះ​។

នេះ​បើ​យោង​តាម​ការ​អះអាង​រប​សល់​ក្រុម​បេសកកម្ម​ពិគ្រោះ​យោបល់​ របស់​ការិយាល័យ​ស្រាវជ្រាវ​ម៉ាក្រូ​សេដ្ឋកិច្ច​អាស៊ាន​+៣ (AMRO​) ដឹកនាំ​ដោយ​លោក​ Toshinori​ Doi​ ប្រធាន​ AMRO​។

បើ​តាម​ការប្រកាស​របស់​ធនាគារជាតិនៃកម្ពុជា​ លើ​ហ្វេ​សប៊ុ​កផ្លូវការ​នា​ពេល​ថ្មី​ៗនេះ​ នៅ​ធនាគារជាតិនៃកម្ពុជា​ លោក​ ជា​ ចាន់​តូ​ ទេសាភិបាល​ ធនាគារជាតិនៃកម្ពុជា​ បាន​អនុញ្ញាត​ឱ្យ​ក្រុម​បេសកកម្ម​ពិគ្រោះ​យោបល់​ របស់​ការិយាល័យ​ស្រាវជ្រាវ​ម៉ាក្រូ​សេដ្ឋកិច្ច​អាស៊ាន​+៣ (AMRO​) ដឹកនាំ​ដោយ​ លោក​ Toshinori​ Doi​ ប្រធាន​ AMRO​ ចូល​ជួប​សម្តែង​ការគួរសម​ និង​ជម្រាប​ជូន​ពី​លទ្ធផល​ នៃ​បេសកកម្ម​តាមដាន​ស្ថានភាព​សេដ្ឋកិច្ច​កម្ពុជា​ ដែល​បាន​ធ្វើឡើង​ចាប់ពី​ថ្ងៃទី១០​ ដល់​ថ្ងៃទី១៨​ ខែកញ្ញា​ ឆ្នាំ២០១៩​។

លោក​ Toshinori​ Doi​ បាន​សាទរ​ចំពោះ​វឌ្ឍនភាព​នៃ​សេដ្ឋកិច្ច​កម្ពុជា​ ដែល​រាជរដ្ឋាភិបាល​សម្រេច​បាន​។ សេដ្ឋកិច្ច​កម្ពុជា​សម្រេច​បាន​សមិទ្ធផល​ល្អ​ប្រសើរ​ ក្នុង​ឆ្នាំ២០១៨​ ហើយ​សម្រាប់​ឆ្នាំ២០១៩នេះ​ AMRO​ រំពឹង​ថា​ សេដ្ឋកិច្ច​កម្ពុជា​បន្ត​មាន​កំណើន​រឹងមាំ​ក្នុង​អត្រា​ប្រមាណ​ ៧,១​% ជាមួយនឹង​អត្រា​អតិផរណា​ទាប​ និង​ស្ថិរភាព​រឹងមាំ​នៃ​វិស័យ​ធនាគារ​។

លោក​ ទេសាភិបាល​ បាន​ថ្លែងអំណរគុណ​ចំពោះ​ការិយាល័យ​ AMRO​ ដែល​តែងតែ​រួមចំណែក​យ៉ាង​សំខាន់​ ក្នុង​ការ​ជួយ​តាមដាន​ស្ថានភាព​សេដ្ឋកិច្ច​កម្ពុជា​ ព្រមទាំង​ពង្រឹង​ការ​កសាង​សមត្ថភាព​ជំនាញ​ របស់​មន្ត្រី​បុគ្គលិក​ធនាគារជាតិនៃកម្ពុជា​៕

LEAVE A REPLY

Please enter your comment!
Please enter your name here