ដោយ វុត្ថា
ភ្នំពេញ៖ ប្រទេសកម្ពុជានឹងទទួលធ្វើម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកពីថ្ងៃទី១៨ ដល់ថ្ងៃទី២១ ខែ វិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ ដោយផ្ដោតទៅលើប្រធានបទស្ដីពី ការឆ្លើយតបចំពោះបញ្ហាប្រឈមគន្លឹះ នាពេលបច្ចុប្បន្ន៖ សន្តិភាព ការបង្រួបបង្រួមជាតិ ការពឹងពាក់គ្នាទោវិញទៅមក វិបុលភាព និងតម្លៃសកល។
លោក ឯក ថា ជាអនុប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល និងអ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រីបានឱ្យដឹងកាលពីថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០១៩នេះ ថា កិច្ចប្រជុំកំពូលនេះ នឹងមានការចូលរួមពីបណ្ដាថ្នាក់ដឹកនាំ ជាប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាល ប្រធានរដ្ឋសភា និងប្រធានព្រឹទ្ធសភា រដ្ឋមន្ត្រី និងអតីតប្រមុខរដ្ឋ និងអតីតប្រមុខរដ្ឋាភិបាល មកពីជាង៥០ប្រទេស ព្រមទាំងអ្នកមុខអ្នកការតំណាងមកពីវិស័យឯកជន សិល្បៈករ យុវជន សរុបទាំងអស់មកពីជាង១៥០ប្រទេស។
លោកបន្ថែមថា នៅក្នុងកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិក នាខែវិច្ឆិកាខាងមុខនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី នឹងមានជំនួបទ្វេភាគីជាមួយប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាល ដែលនឹងអញ្ជើញមកចូលរួមនៅក្នុងកិច្ចប្រជុំនេះ។
កិច្ចប្រជុំកំពូលនេះ ក៏នឹងមានរៀបចំនូវកម្មវិធី ការជួបជុំគ្នាលក្ខណៈជាក្រុមគ្រួសារ និងមិត្តភាពប្រមាណ៣០០០នាក់ ដែលនឹងប្រព្រឹត្តទៅនៅកោះពេជ្រ។
កាលពីខែមករា ឆ្នាំ២០១៨ រដ្ឋាភិបាលនៃប្រទេស សេណេហ្គាល់ បានសហការជាមួយសហព័ន្ធសហភាពសកល (UPF) ក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអាហ្វ្រិកលើកទីមួយ ដែលមានការចូលរួមជាង១២០០នាក់ មកពីជាង៦០ប្រទេស។ កិច្ចប្រជុំកំពូលអាហ្វ្រិកលើកទីពីរ ត្រូវបានធ្វើឡើងនៅអាហ្វ្រិកខាងត្បូង នៅក្រុងខេប។
ហើយកាលពីខែធ្នូ ឆ្នាំ២០១៨ កិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិក ត្រូវបានធ្វើឡើងនៅប្រទេសនេប៉ាល់ ដែលមានការចូលរួមពីភ្ញៀវកិត្តិយសប្រមាណ១៥០០នាក់ មកពី៤៥ប្រទេស។ នៅឆ្នាំ២០១៩នេះ រាជរដ្ឋាភិបាលកម្ពុជា បានសហការជាមួយសហព័ន្ធសហភាពសកល (UPF) ដើម្បីរៀបចំកិច្ចប្រជុំកំពូលនៅខែវិច្ឆិការឆ្នាំនេះ៕






