ដោយ ៖ រ៉ាណេត
ព្រះសីហនុ៖ ស្របពេលដែលកំណើននៃការវិនិយោគពីសំណាក់ក្រុមហ៊ុនចិនដែលកំពុងមានយ៉ាងគំហុក តំណាងរដ្ឋាភិបាលសាធារណៈរដ្ឋប្រជាមានិតចិន បានបន្តធ្វើការចុះអនុស្សារណយោគយល់ជាមួយរដ្ឋាភិបាលកម្ពុជា ដោយផ្តោតសំខាន់លើខេត្តព្រះសីហនុធ្វើជាគោលដៅពាណិជ្ជកម្មបន្ថែម ជាមួយនឹងការរឹតបណ្តឹងចំណងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ។
អភិបាលស្ដីទីខេត្តព្រះសីហនុ លោក ម៉ាង ស៊ីណេត បានមានប្រសាសន៍នៅក្នុងពិធីកិច្ចចុះហត្ថលេខាយោគយល់ជាមួយរដ្ឋាភិបាលចិន មកពីខេត្តហៃណាន កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ ម្សិលមិញនេះថា តាមរយៈកិច្ចព្រមព្រៀង និងចុះ MOU ជាមួយគ្នានេះ វាគឺជាវេទិកាការទូតរវាងខេត្តព្រះសីហនុ និងខេត្តហៃណាន (ប្រទេសចិន)លើវិស័យទេសចរណ៍ កសិកម្ម ពាណិជ្ជកម្ម វប្បធម៌ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ។
-->
លោកបានបន្តទៀតថា “បច្ចុប្បន្ននេះ ចលករដែលជំរុញឱ្យមានការអភិវឌ្ឍនៅក្នុងខេត្តព្រះសីហនុរួមមាន វិស័យកសិកម្ម ឧស្សាហកម្ម ទេសចរណ៍ ជាគោលដៅអភិវឌ្ឍន៍ខឿនសេដ្ឋកិច្ច ធ្វើឱ្យអត្រាកំណើនសេដ្ឋកិច្ចមាន ១០.៣ភាគ នៅឆ្នាំ២០១៩ ប្រជាពលរដ្ឋម្នាក់ៗមានប្រាក់ចំណូលជាមធ្យម ៣.៧២៦ដុល្លារ”។
រាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកខេត្តព្រះសីហនុ ជា”តំបន់សេដ្ឋ កិច្ចពិសេសគំរូពហុបំណង” ស្របតាមគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ២០១៥- ២០២៥ និងផែន ការមេសម្រាប់អភិវឌ្ឍន៍ក្នុងក្របខណ្ឌច្បាប់ និងនិយ័តកម្ម ព្រមទាំងយន្តការគ្រប់គ្រងចាំបាច់នានា ។
វិស័យគមនាគមន៍ ដឹកជញ្ជូនតាមផ្លូវសមុទ្រមានលក្ខណៈជាតិ និងអន្តរជាតិ ដែលមានទំនិញជាកុងតឺន័រចេញ-ចូលប្រមាណ ៧៣ភាគរយ នៃបរិមាណនាំចេញ-ចូលទូទាំងប្រទេស ។
លោក ម៉ាង ស៊ីណេត បានបញ្ជាក់ពីសក្ដានុពលនៃខេត្តព្រះសីហនុថា បច្ចុប្បន្ននេះ ព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុកំពុងប្រតិបត្តការមានក្រុមហ៊ុនអាកាសចរណ៍ចំនួន ១៤ក្រុមហ៊ុន មានជើងហោះហើរចំនួន ១៣៣ជើង ក្នុងមួយសប្តាហ៍ ក្នុងនោះជើងហោះហើរអន្តរជាតិមាន ៩១ជើង ក្នុងមួយសប្តាហ៍ មានដូចជាប្រទេស ថៃ ម៉ាឡេស៊ី វៀតណាម និងប្រទេសចិនមានចំនួន ២៥ទីក្រុង ។
ខេត្តមានតំបន់សេដ្ឋកិច្ចពិសេសចំនួន៥ កំពុងដំណើរការ មានរោងចក្រតូច-ធំ សរុប ២១០កន្លែង សិប្ប កម្ម អាជីវកម្មខ្នាតតូច ១.០៣៧ កន្លែង ស្រូបយកកម្លាំងពលកម្ម ៨១.៤៧៥នាក់ ស្រី ៣៨.៦៥២នាក់ ទុនវិនិយោគលើវិស័យឧស្សាហកម្មមានប្រមាណ ៨ពាន់លានដុល្លាអាមេរិក ។
វិស័យទេសចរណ៍ឆ្នាំ២០១៨ មានភ្ញៀវជាង ២លាននាក់ កើន ២.៦៣ភាគរយធៀបឆ្នាំ២០១៧ ហើយទេសចរចិននាំមុខគេ ។
លោក លីវ ភីងជី LIU PINGZHI អភិបាលរងខេត្តហៃណាន នៃសាធារណរដ្ឋប្រជាមានិតចិន បានលើកឡើងពីក្ដីសាទរចំពោះភាពរីកចម្រើន និងកិច្ចអភិវឌ្ឍដ៏ប្រសើររបស់ខេត្តព្រះសីហនុទាំងមូល ជាមួយនឹងការសន្យាក្នុងការជំរុញឱ្យមានការវិនិយោគបន្ថែមពីសំណាក់ក្រុមហ៊ុនដែលមានទីតាំងនៅក្នុងខេត្តហៃណានប្រទេសចិនបន្ថែមទៀត។

លោកបានបន្តទៀតថា “តំណាងឱ្យរដ្ឋាភិបាលចិន លោកនឹងព្យាយាមពង្រឹង និងពង្រីកទំនាក់ទំនងល្អ នៃកិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្ម សេដ្ឋកិច្ច ដោយជ្រើសរើសយកប្រធានបទ ទេសចរណ៍ កសិកម្ម អប់រំ និងសុខាភិបាល ការពារគ្រោះធម្មជាតិ និងចែករំលែកបទពិសោធន៍ រួមគ្នាកាត់បន្ថយគ្រោះទឹកជំនន់ និងអញ្ជើញគណៈប្រតិភូខេត្តព្រះសីហនុទៅធ្វើទស្សនៈកិច្ចពិព័រណ៍ពាណិជ្ជកម្មនៅខេត្តហៃណាននាពេលខាងមុខ៕