ដោយ វុត្ថា
បេកាំងៈ ទិន្នន័យពីក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មានរបស់ប្រទេសចិនបានបង្ហាញថា ឧបករណ៍ប្រើប្រាស់ក្នុងផ្ទះរបស់ប្រទេសចិន បានកើនឡើងជាលំដាប់ក្នុង រយៈពេល៧ខែដើមឆ្នាំនេះ។
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន ស៊ីនហួរកាលពីចុងសប្តាហ៍កន្លងមកនេះបានឲ្យដឹងថា ប្រាក់ចំណូលសរុបរបស់ក្រុមហ៊ុនផ្គត់ផ្គង់បរិក្ខា ប្រើប្រាស់នៅក្នុងគេហដ្ឋានមានទំហំទឹកប្រាក់រហូតដល់៩៣០,៤៣ ពាន់លានយ័ន ស្មើនឹងប្រមាណ១៣១,៥៥ ពាន់លានដុល្លារអាមេរិក កើនឡើង៥,៨ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។
សារព័ត៌មាននេះបន្តថា ប្រាក់ចំណេញក្នុងវិស័យនេះ បានកើនឡើង១៥,៥ ភាគរយ ដល់៦៨,១១ពាន់លានយ័នពីមួយឆ្នាំទៅមួយឆ្នាំ ក្នុងរយៈពេលពីខែមករាដល់ខែកក្កដា។
ឧបករណ៍ប្រាស់ក្នុងគេហដ្ឋាន ដែលត្រូវបានផលិត រួមមាន ទូទឹកកកប្រហែល ៥០,៤៣លានគ្រឿង កើនឡើង៤,២ ភាគរយ ម៉ាស៊ីនត្រជាក់១៣៨.៥៣ លានគ្រឿង កើនឡើង៨,៧ ភាគរយនិងម៉ាស៊ីនបោកគក់៤២,៤៤ លានគ្រឿង កើនឡើង៧,៣ភាគរយពោលគឺកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។
យោងតាមគោលការណ៍ណែនាំ ដែលចេញដោយក្រុមប្រឹក្សារដ្ឋក្នុង ខែសីហាឆ្នាំនេះបានឲ្យដឹងថា ប្រទេសចិនមានគោលបំណងណែនាំ នូវការលើកទឹកចិត្ត ដើម្បីគាំទ្រដល់អ្នកប្រើប្រាស់ ដើម្បីផ្លាស់ប្តូរឧបករណ៍ប្រើប្រាស់ ក្នុងផ្ទះចាស់ និងគ្រឿងអេឡិចត្រូនិចសម្រាប់បំរើដល់ភាពបៃតង និងឆ្លាតវៃ៕






