កម្ពុជា​បានដាក់​ការិយាល័យ​ពិសេស “តុ​ចិន” សម្រាប់​ផ្តល់ព័ត៌មាន និង​ការគាំទ្រ​ដល់​ការវិនិយោគ​ចិន​នៅ​កម្ពុជា

0

ដោយនៅ វ​ឌ្ឈ​នា

ភ្នំពេញៈ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បានដាក់​ឲ្យ​ដំណើរការ​នូវ “តុ​ចិន” ដែល​សំដៅ​ដល់​ការិយាល័យ​ពិសេស​មួយ សំរាប់​ផ្តល់​ព៌​ត​មាន​និង​គាំទ្រ​ដល់​ការវិនិយោគ​របស់​ចិន​នៅ​កម្ពុជា។

លោក សុខ ចិន្តា​សោភា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា និង​លោក​នី​ង ជី​ចឺ អនុប្រធាន​គណៈកម្មាធិកា​រ​ជាតិ​អភិវឌ្ឍន៍​និង​កំណែទម្រង់​ចិន កាលពី​ចុង​សប្តាហ៍​កន្លងមកនេះ បាន​កិច្ចប្រជុំ​ដើម្បី​ពិនិត្យ​លើ​វឌ្ឍនភាព និង​ជំរុញ​ការអនុវត្ត​អនុស្សារណៈ​យោគយល់​គ្នា​ស្តីពី កិច្ចសហប្រតិបត្តិការ​សមត្ថភាព​ផលិត​កម្ពុជា-ចិន។

លោក​បន្តថា “កម្ពុជា​បានផ្តល់​ការគាំទ្រ និង​ត្រៀមលក្ខណៈ​ផ្តល់​កិច្ច​សម្រួល ដល់​រាល់​សកម្មភាព​របស់​វិនិយោគិន​ចិន​នៅ​កម្ពុជា តាមរយៈ​ការដាក់ឱ្យ​ដំណើរការ​នូវ “តុ​ចិន” ដែលជា​ការិយាល័យ​សម្រាប់​ផ្តល់ព័ត៌មាន និង​ការគាំទ្រ​ដល់​ការវិនិយោគ​ចិន​នៅ​កម្ពុជា។

លោក​បន្តថា “ប្រទេស​កម្ពុជា ចិន​បាន​ប្តេជ្ញា​រួមគ្នា​ជំរុញ និង​សម្រួលការ​វិនិយោគ​ប្រក​ប​ដោយ​គុណភាព​ឱ្យដល់​កំរិត និង​គោលដៅ ដែល​ប្រមុខរដ្ឋ/រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរបាន​ឯកភាពគ្នា​កន្លងមក ក្នុងន័យ​ផ្តល់​ផលប្រយោជន៍​ឱ្យបាន​ជា​អតិបរិមា​ដល់​ប្រទេស​ទាំងពីរ។

យោងតាម​ការចុះផ្សាយរ​បស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) បានឱ្យដឹងថា អង្គប្រជុំ​បានកត់សម្គាល់​នូវ​វឌ្ឍនភាព ដែល​សម្រេចបាន​គួរ​ជាទី​មោទន តាមរយៈ​ការទាក់ទាញ​បាន​នូវ​លំហូ​វិនិយោគ​ចិន មក​កម្ពុជា​កាន់តែច្រើន​ឡើង ឆ្លុះបញ្ចាំង​ពី​កំណើន​វិនិយោគ​ចិន​នៅ​កម្ពុជា​ក្នុង​រយៈពេល​បី​ឆ្នាំកន្លងមក។

CDC បាន​ឲ្យ​ដឹង​បន្តថា ដើម្បី​សម្រេចបាន​នូវ​គោលដៅ​នេះ ភាគី​ចិន​បាន​ប្តេជ្ញា​សាជាថ្មី​ថា នឹង​ខិតខំ​ជំរុញ​សហគ្រាស​ចិន​ឱ្យ​បណ្តាក់ទុន ក្នុង​គម្រោង​វិនិយោគ​ដែលមាន​គុណភាព​ខ្ពស់​ទៅ​កម្ពុជា ឱ្យ​កាន់តែច្រើន​ថែមទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here