ក្រុមហ៊ុន​ជប៉ុន​ចំនួន៧​ ស្វែងរក​ឱកាស​វិនិយោគ​លើ​ថាមពល​កកើត​ឡើងវិញ​ និង​វិស័យ​ជាច្រើន​ទៀត​នៅ​កម្ពុជា​

0

ដោយ​ ប៊ី​

ភ្នំពេញ​៖​ ក្រុមហ៊ុន​ចំនួន៧របស់​ជប៉ុន​បាន​ស្វែងរក​ឱកាស​វិនិយោគ​ លើ​គម្រោង​ថាមពល​កកើត​ឡើងវិញ​ ប្រព្រឹត្តិ​កម្ម​សំណល់រឹង​-រាវ​ ឧស្សាហកម្ម​ឈើ​ អាហារ​សុខភាព​ និង​ការថែទាំ​មនុស្សចាស់​នៅ​កម្ពុជា​។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់ក្រ​សួង​បរិស្ថាន​ចេញផ្សាយ​កាលពី​ម្សិលមិញ​នេះ​។

លោក​ សាយ​ សំ​អាល់​ រដ្ឋមន្រ្តី​ក្រសួងបរិស្ថាន​បាន​អនុញ្ញាត​ឱ្យ​ប្រតិភូ​វិនិយោគិន​ជប៉ុន​ ដែល​មាន​តំណាង​ក្រុមហ៊ុន​ចំនួន៧​ ចូល​ជួបពិភាក្សា​ការងារ​ កាលពី​ថ្ងៃអាទិត្យ​ ថ្ងៃទី២២​ ខែកញ្ញា​ ឆ្នាំ២០១៩​ នៅ​ទី​ស្តី​ការក្រ​សួង​បរិស្ថាន​។

លោក​សាយ​ សំ​អាល់​ បាន​ជម្រាប​ជូន​ភ្ញៀវ​ អំ​ពី​សក្តា​នុ​ពល​សេដ្ឋកិច្ច​របស់​កម្ពុជា​ និង​គោលនយោបាយ​រាជរដ្ឋាភិបាល​ ក្នុង​ការ​គាំទ្រ​អ្នក​វិនិយោគ​បរទេស​ រួម​ទាំង​គម្រោង​គ្រប់គ្រង​បរិស្ថាន​ ការ​ការពារ​ និង​អភិរក្ស​ជីវៈ​ចម្រុះ​នៅ​កម្ពុជា​។ លោក​រដ្ឋ​មន្រ្ដី​បាន​លើកឡើង​ពី​លទ្ធភាព​ រៀបចំ​សំណើ​គម្រោង​វិនិយោគ​នៅ​ក្រោម​ “យន្តការ​ឥណទាន​កាបូន​រួមគ្នា​” (Joint​ Crediting​ Mechanism​: JCM​) ផង​ដែរ​។

កម្ពុជា​បាន​ចូលរួម​ក្នុង ​JCM​ តាំងពី​ឆ្នាំ២០១៤​ ហើយ​បច្ចុប្បន្ន​កំពុង​អនុវត្តន៍​ដោយ​ជោគជ័យ​នូវ​គម្រោង​ ដែល​ប្រើ​បច្ចេកវិទ្យា​ជប៉ុន​ទំនើប​ៗចំនួន៦​ ទាក់ទង​នឹង​ការ​បំភ្លឺ​ផ្លូវ​សាធារណៈ​ ការផលិត​អគ្គិសនី​ពី​ពន្លឺ​ព្រះអាទិត្យ​ ប្រសិទ្ធភាព​ថាមពល​ ការ​ការពារ​ និង​អភិរក្ស​ធនធាន​ធម្មជាតិ​។ ជាមួយគ្នា​នេះ​ដែរ​ លោក​ប្រធាន​តំណាង​ក្រុមហ៊ុន​ Green​ Power​ Techno​ បាន​ប្រគល់​ជូន​ លោក​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​នូវ​ម៉ាស៊ីន​ចំហេះ​ក្រៅ​ “sterling​ engine​” ចំនួន២គ្រឿង​ ក្រុមហ៊ុន​ Angkor​ Bio​ Cogen​ បាន​ប្រគល់​ជូន​នូវ​វិញ្ញាបនបត្រ​ឥណទាន​កាបូន​ដែល​មានតម្លៃ២.០០០តោន​ សមមូល​ឧស្ម័ន​កាបូ​និក​ផង​ដែរ​។

ការ​វិនិយោគ​របស់​ជប៉ុន​នៅ​កម្ពុជា​ បាន​ឈរ​លំដាប់​ទី៤ក្នុងចំណោម​បណ្តា​ប្រទេស​ដែល​បាន​វិនិយោគ​នៅ​កម្ពុជា​។ ប្រទេស​វិនិយោគ​ច្រើនជាង​គេ​ទី១នៅ​កម្ពុជា​ គឺ​ប្រទេស​ចិន​ កូរ៉េ​ សឹង្ហ​បុរី​ និង​លេខរៀង​បន្ទាប់​គឺ​ប្រទេស​ជប៉ុន​៕

LEAVE A REPLY

Please enter your comment!
Please enter your name here