ដោយ Donald Lee
ក្រុងឡុងដ៍៖ អ្នកដំណើរអង់គ្លេសជាង ១៥ ម៉ឺននាក់ត្រូវបានទុកចោលនៅជុំវិញពិភពលោក បន្ទាប់ពីក្រុមហ៊ុនទេសចរណ៍ Thomas Cook បានដួលរលំកាលពីថ្ងៃ ចន្ទ។
ក្រុមហ៊ុនទេសចរណ៍ Thomas Coo ដែលមានអាយុ ១៧៨ ឆ្នាំ និងមានក្រុមហ៊ុនអាកាសចរណ៍ សណ្ឋាគារ និងរមណីយដ្ឋាននានានៅជុំវិញពិភពលោកក្នុងផលប័ត្ររបស់ខ្លួនត្រូវបានជាប់គាំងជាមួយនឹងបំណុលជាង ១,២ ពាន់លានដុល្លារ នៅពេលដែលការចរចារបានបរាជ័យជាមួយម្ចាស់បំណុលកាលពីថ្ងៃច័ន្ទ ដោយបានបង្កើតប្រតិកម្មខ្សែសង្វាក់ដែលបានធ្វើឱ្យយន្តហោះ និងសណ្ឋាគារដែលបិទទ្វារ ហើយធ្វើឱ្យពលរដ្ឋអង់គ្លេស ១៥០,០០០ នាក់មិនអាចវិលត្រឡប់ទៅផ្ទះវិញបាន។
-->
លោក Peter Fankhauser នាយកប្រតិបត្តិបានមានប្រសាសន៍ថា “ខ្ញុំសូមអភ័យទោសដល់អតិថិជនរាប់លាននាក់ និងនិយោជិក អ្នកផ្គត់ផ្គង់ និងដៃគូរាប់ពាន់នាក់ដែលបានគាំទ្រពួកយើងអស់រយៈពេលជាច្រើនឆ្នាំ”។
រដ្ឋាភិបាលអង់គ្លេសបានឆ្លើយតបយ៉ាងឆាប់រហ័ស និងបានចេញសេចក្តីណែនាំស្តីពីការធ្វើដំណើរតាមរយៈអាជ្ញាធរអាកាសចរណ៍ស៊ីវិលថា “ក្រុមហ៊ុន Thomas Cook បានបញ្ឈប់ការធ្វើពាណិជ្ជកម្ម ដូច្នេះរាល់ការហោះហើររបស់ក្រុមហ៊ុន Thomas Cook ត្រូវបានលុបចោល”។
រដ្ឋាភិបាលអង់គ្លេសបានយកយន្ដហោះចំនួន ៤៥ គ្រឿងនៅជុំវិញពិភពលោកដើម្បីជួយដល់អ្នកទេសចរដែលជាប់គាំងនៅក្នុងផែនការជួយសង្គ្រោះមួយដែលមានឈ្មោះថា Operation Matterhorn៕