ដោយ ម៉ាណេត
ភ្នំពេញៈ ប្រធានក្រុមហ៊ុនផលិតកង់ធំបំផុតរបស់អាមេរិក Kent International បានមកកម្ពុជា ដើម្បីស្វែងរកទីតាំងសម្រាបង់ការសាងសង់រោងចក្រ ខណៈក្រុមហ៊ុនរងចាំការវិវត្តន៍ចុងក្រោយនៃចាំការចរចារពាណិជ្ជកម្មវាងអាមេរិក និងចិន។

-->
លោក Arnold Kamler ប្រធានក្រុមហ៊ុនកង់អាមេរិក Kent International បានប្រាប់សារព័ត៌មាន Fox Business ដែលមានមូលដ្ឋាននៅអាមេរិកកាលពីម្សិលមិញនេះថា ក្រុមហ៊ុនកំពុងសម្លឹងទីតាំង ដើម្បីរៀបចំរោងចក្រកង់នៅកម្ពុជា ខណៈក្រុមហ៊ុនក៏រងចាំការចរចារវាងអាមេរិក និងចិននាពេលខាងមុខ។
លោក Arnold Kamler “យើងត្រៀមខ្លួនរួចជាស្រេច ជាមួយនឹងការវិនិយោគនៅកម្ពុជា ហើយនេះគឺជាដីនៅកម្ពុជាដែលយើងកំពុងសម្លឹងមើល។ យើងមើលទៅមានបឹង និងមានទឹកនាច និងទឹកជោ ហើយពួកគេចាក់បំពេញវាបានជាមួយដី និងខ្សាច់ដែលជារឿងធម្មតាក្នុងកម្ពុជា ហើយវាជាកន្លែងរោងចក្រដែលនឹងត្រូវសាងសង់”។
លោក “ប៉ុន្តែយើងនៅមានការស្ទាក់ស្ទើរបន្តិចដើម្បីឱ្យពួកគេបន្តគម្រោងទៅមុខ (កម្ពុជា) ដោយសារការចរចាលោក Trump ជាមួយនឹងចិនទៅរួច ឬមិនរួច”។
កាលពីពេលថ្មីៗនេះ ប្រធានាធិបតីអាមេរិកលោក Donald Trump បានបញ្ជាឱ្យមានការពន្យាពេលនៃការតំឡើងពន្ធគយទំនិញចិន ដើម្បីកុំឱ្យមានការរំខានដល់ការរៀបចំខួបគម្រប់ខួបក្រុងប៉េកាំង។ ការតំឡើងពន្ធគយនៃបណ្តុំទំនិញចិន ដែលមានតម្លៃ២៥០ ពាន់លានដុល្លារនឹងចូលជាធរមាន ក្នុងរយៈពេល២សប្តាហ៍បន្ទាប់ពីខួបនេះ។
ការលើកលែងពន្ធនេះ នឹងរួមមានផលិតផលកង់ដែរ។ លោក Arnold Kamler បានឱ្យដឹងថា ការលើកលែងពន្ធនេះ នឹងសម្រាលដល់ធ្វើពាណិជ្ជកម្មរបស់លោកយ៉ាងខ្លាំង។
ប្រទេសកម្ពុជាដែលមានតម្លៃកម្លាំងពលកម្មទាប បាននិងកំពុងបង្កើនសក្តានុពលរបស់ខ្លួន ប្រែក្លាយជាមូលដ្ឋានផលិតកម្ម ជំនួសមួយសម្រាប់ចិនសម្រាប់សម្លៀកបំពាក់ និងផលិតផលផ្សេងទៀត។
ប្រការនេះនាំឱ្យមានការកើនឡើងការនាំចេញទៅអាមេរិក ដែលមានចំនួនជាង ២,២ពាន់លានដុល្លារគិតពីខែមករា ដល់មិថុនា ដែលកើនជាង ៣០ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនាមជាប្រទេសមួយ ក្នុងចំណោមប្រទេសដែលមានការអភិវឌ្ឍតិចតួច ប្រទេសកម្ពុជាមានគុណប្រយោជន៍ លើពន្ធទាបនៅពេលនាំចេញទៅអាមេរិក និងជប៉ុន។

យោងតាមសមាគមឧស្សាហកម្មម៉ូដអាមេរិកបានឲ្យដឹងថា ប្រហែលជាពាក់កណ្តាលនៃក្រុមហ៊ុនជាសមាជិក កំពុងពិចារណាពង្រីកលទ្ធកម្មនៅកម្ពុជា ក្នុងរយៈពេល២ឆ្នាំខាងមុខ។
លោកកាំង ម៉ូនីកា អគ្គលេខាធិការរងនៃសមាគមរោងចក្រកាត់ដេរនៅកម្ពុជាមានប្រសាសន៍ថា មានលំហូរផ្លាស់ប្តូរផលិតកម្មយ៉ាងច្បាស់ ហើយអ្នកផលិតនៅទីនោះចង់ចាប់យកតម្រូវការនោះ ដោយធ្វើឱ្យមានការរីកចម្រើនលើការវិនិយោគដើមទុន និងការបណ្តុះបណ្តាលកម្មករ៕