ទីរួមខេត្ត​ត្បូងឃ្មុំ​បន្ត​ភាព​ស្ងប់ស្ងាត់​ ខណៈ​តង់​ស៊ី​តេ​ប្រជាជន​នៅ​មានកម្រិត​

0

ដោយ​ដែន​ ចែងចាំង​

ភ្នំ​ពេញៈ​ ទីរួមខេត្ត​ត្បូងឃ្មុំ​ថ្មី​ ដែល​បាន​រៀប​ចំ​ឌី​សាញ​ឡើង​ប្រកបដោយ​ស្តង់​ដា​អន្តរជាតិ​ លើ​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​លើ​និង​ក្រោម​ដី​ ហាក់​នៅតែ​មាន​ភាព​ស្ងប់ស្ងាត់​ ដោយសារ​តង់​ស៊ី​តេ​របស់​ប្រជាពលរដ្ឋ​ ចូល​ទៅ​រស់នៅ​ទីក្រុង​នេះ​នៅ​មានកម្រិត​។

ក្រៅពី​សកម្មភាព​ពុះ​ដី​ឡូត៍​លក់​របស់​ក្រុមហ៊ុន​មួយចំនួន​ ស្ថិតនៅ​ជុំវិញ​ទីក្រុង​នេះ​ និង​ក្រុមហ៊ុន​ចំនួន​ពីរ​ ដែល​បាន​លើកស្លា​កអភិវឌ្ឍន៍​លំនៅ​ដ្ឋាន​ ក៏​មិនឃើញ​មាន​សកម្មភាព​សាងសង់​ណាមួយ​កើតមាន​នៅឡើយ​។

កាលពីដើម​ឆ្នាំនេះ​ លោក​ឧកញ៉ា​លី​ ហួរ​អគ្គនាយក​ក្រុមហ៊ុន​លី​ ហួរ​គ្រុប​បាន​អះអាង​ថា​ លោក​គ្រោង​នឹង​វិនិយោគ​សាងសង់​បុរី​ និង​ផ្សារ​នៅក្នុង​ទីក្រុង​ថ្មីនេះ​ ប៉ុន្តែ​វា​ត្រូវការ​ពេលវេលា​ ដើម្បី​សិក្សា​ពីទី​ផ្សារ​ និង​ស្ថានភាព​ភូមិ​សាស្រ្ត​លើ​ទីក្រុង​ថ្មីនេះ​ថា​មាន​ភាព​ អំណោយផល​ និង​ទាក់ទាញ​ការ​ចូល​ទៅ​រស់នៅ​របស់​ប្រជាពលរដ្ឋ​ឬយ៉ាងណា​។

លោក​បន្ត​ថា​ “ខ្ញុំ​គ្រោង​នឹង​អភិវឌ្ឍន៍​នៅ​ទីក្រុង​ថ្មីនេះ​ ដោយសារ​យើង​មាន​ដី​សំរាប់​ គំរោង​រួចហើយ​ តែ​អ្វី​ៗទំនងជា​ត្រូវការ​ពេលវេលា​”។

ជាមួយនឹង​ភាព​អំណោយផល​នៃ​ទីតាំង​ភូមិ​សាស្រ្ត​ ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​យ៉ាង​ល្អ​ប្រសើរ​ ទីក្រុង​នៃ​ទីរួមខេត្ត​ត្បូងឃ្មុំ​ថ្មី​ ស័ក្តិសម​សំរាប់​ការសាងសង់​ផ្ទះ​លំ​ហែរ​កាយ​ ដោយសារ​ទីក្រុង​ថ្មីនេះ​ស្ថិតនៅ​លើ​ខ្ពង់រាប​ មាន​ព្រៃឈើ​ ពិសេស​ដើម​ម៉ៃសាក់​ត្រឈឹងត្រឈៃ​ ។ជាមួយគ្នា​នេះ​ទីក្រុង​ថ្មីនេះ​ ស្ថិតនៅ​ចំ​ចំណុចប្រសព្វ​ស្រុក​ និង​ក្រុម​ចំនួន​បី​ គឺ​ស្រុក​ពញ្ញា​ក្រែក​ ក្រុង​សួង​ និង​ស្រុក​តំបែរ​។

អនុប្រធាន​សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា​ លោ​កយិន​ លាង​គង់​ដែល​បាន​ចុះ​សិក្សា​ពី​សក្តា​នុ​ពល​នៃ​ទីក្រុង​ថ្មីនេះ​បាន​មានប្រសាសន៍​ឲ្យដឹង​ថា​ ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​ល្អ​ប្រសើរ​ជា​រឿង​មួយ​គួរឲ្យ​ចាប់អារម្មណ៍​ ប៉ុន្តែ​តង់​ស៊ី​តេ​របស់​ប្រជាពលរដ្ឋ​នៅ​ក្រុង​ថ្មីនេះ​ពិតជា​មានកម្រិត​ខ្លាំង​ណាស់​ ហេតុនេះ​ការ​វិនិយោគ​សាងសង់​បុរី​ ឬសំណង់​លំនៅ​ដ្ឋាន​នៅ​ទីក្រុង​ថ្មីនេះ​ ទាមទារ​ការ​បោះទុន​ច្រើន​ និង​ត្រូវការ​ពេលវេលា​យូរ​ ដើម្បី​ប្រមូល​ទុន​ត្រលប់​មកវិញ​ ដែល​នេះ​ជា​អ្វី​ដែល​អ្នក​វិនិយោគ​តែងតែ​ពិចារណា​។

លោក​បន្ត​ថា​ “ឧបសគ្គ​នៃ​ភាព​រីកចម្រើន​របស់​ទីក្រុង​ថ្មីនេះ​ គឺ​ដី​មានតម្លៃ​ថ្លៃ​ ដោយសារ​ដី​នៅក្នុង​ទីក្រុង​នេះ​ ត្រូវ​បាន​ទិញទុក​ដោយ​អ្នកមាន​អំណាច​ និង​ប្រាក់​ច្រើន​ ហើយ​ពួកគេ​ទុក​ដី​យកចំណេញ​ ជាជាង​អភិវឌ្ឍន៍​ជា​គំរោង​អ្វីមួយ​”។ លោក​បន្ត​ថា​ “ការ​ទាក់ទាញ​ឲ្យ​ប្រជាពលរដ្ឋ​ចូល​ទៅ​រស់នៅ​ក្នុង​ទីក្រុង​នេះ​ ទាមទារ​ឲ្យ​មានការ​ដាក់ចេញ​គោលនយោបាយ​ច្បាស់លាស់​ពី​រដ្ឋាភិបាល​ ក្នុង​ការ​លើកទឹកចិត្ត​វិស័យ​ឯកជន​ឲ្យ​ចូល​ទៅ​រស់នៅ​ក្នុង​ទីក្រុង​ថ្មីនេះ​”។

លោក​បន្ត​ថា​ អ្នក​វិនិយោគ​រោងចក្រ​ សហគ្រាស​ គំរោង​លំនៅ​ដ្ឋាន​ និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​នានា​ គួរ​ទទួល​បានការ​លើកទឹកចិត្ត​ជាពិសេស​ពី​រដ្ឋាភិបាល​ ដើម្បី​ទាក់ទាញ​ការ​វិនិយោគ​ ពិសេស​ជំរុញ​ និង​ទាក់ទាញ​ប្រជាពលរដ្ឋ​ចូល​ទៅ​រស់នៅ​ទីក្រុង​ថ្មីនេះ​។

លោក​បណ្ឌិត​បេង​ហុង​ សុ​ជាតិ​ខេ​មរ៉ូ​អគ្គនាយក​នៃ​អគ្គនាយក​ដ្ឋាន​លំនៅ​ដ្ឋាន​ ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​និង​សំណង់​ និង​ជា​ស្ថាបត្យករ​រៀបចំ​គូរ​ប្លង់​លើ​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​ទីក្រុង​ថ្មីនេះ​ ធ្លាប់​បាន​មានប្រសាសន៍​ឲ្យដឹង​ថា​ នា​ពេល​អនាគត​ទីក្រុង​ថ្មីនេះ​នឹង​មាន​ភាព​រីកចម្រើន​ និង​តភ្ជាប់​ជាមួយ​ក្រុង​សួង​ និង​ស្រុក​ពញ្ញា​ក្រែក​ដែល​ស្ថិតនៅ​ក្បែរ​ទីរួមខេត្ត​ថ្មីនេះ​ ប៉ុន្តែ​វា​ត្រូវការ​ពេលវេលា៥ទៅ១០ឆ្នាំ​ ទើប​ការ​រីកចម្រើន​នេះ​នឹងអាច​ឆ្លើយតប​តាម​ចក្ខុវិស័យ​របស់​ប្លង់​គោល​ទីក្រុង​។

លោក​បន្ត​ថា​ “ខេត្ត​ត្បូងឃ្មុំ​អាច​ប្រែក្លាយ​ជា​មជ្ឈមណ្ឌល​កណ្តាល​ នៃ​កសិ​ឧស្សាហកម្ម​ ដោយសារ​បណ្តា​ខេត្ត​ជុំវិញ​នេះ​ សុទ្ឋ​តែ​ជា​ខេត្ត​មាន​លក្ខណៈ​អំណោយផល​ផ្នែក​កសិកម្ម​”។ លោក​បន្ត​ថា​ “នា​ពេល​អនាគត​ខ្សែរថ​ភ្លើង​តភ្ជាប់​អាស៊ាន​ ចិន​ភាគ​ខាងត្បូង​អាច​នឹង​តភ្ជាប់​និង​មាន​ចំណត​ឈប់​សំរាក​នៅ​ទីក្រុង​ថ្មីនេះ​ ដែល​ជំរុញ​ឲ្យ​ទីក្រុង​នេះ​មាន​ភាព​រីកចម្រើន​លឿន​នា​ពេល​អនាគត​”។

ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​នៃ​ទីក្រុង​ថ្មីនេះ​ ត្រូវ​បាន​រៀបចំ​យ៉ាង​ពិសេស​ ដោយមាន​ការបែងចែក​គ្នា​ដាច់​រវាង​ប្រព័​ន្ឋ​ទឹក​កខ្វក់​ និង​ទឹកភ្លៀង​មិន​ឲ្យ​មាន​ភាព​ច្របល់​ចូលគ្នា​នោះ​ឡើយ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here