លោក​ហ៊ុន​ ម៉ា​នី​៖ ការ​បន្ត​ហូរ​ចូល​នៃ​ក្រុមហ៊ុន​វិនិយោគ​មក​ខេត្ត​ព្រះសីហនុ​ទាមទារ​ឱ្យ​មានការ​សិក្សា​ច្បាស់លាស់​

0

ដោយ ​វុត្ថា​

ព្រះ​សី​ហនុៈ​ បើ​ទោះជា​បញ្ហា​ផ្សេង​ៗ ត្រូវ​បាន​ដោះស្រាយ​ជាបន្តបន្ទាប់​ដោយ​ជោគជ័យ​ ការ​បន្ត​ហូរ​ចូល​នៃ​ក្រុមហ៊ុន​វិនិយោគ​មក​ខេត្ត​ នេះ​ទាមទារ​អោយ​រដ្ឋបាល​ខេត្ត​បន្ត​សិក្សា​ វាយតម្លៃ​ស្ថានភាព​ក្នុង​មូលដ្ឋាន​ ដោយ​កំណត់​នូវ​ប្រភព​បញ្ហា​អោយ​បាន​ច្បាស់លាស់​ ហើយ​បន្ត​បំពេញការងារ​បម្រើប្រជាជន​ឱ្យ​បាន​សកម្ម​ និង​ប្រកបដោយ​ប្រសិទ្ធភាព​ជាង​មុន​។នេះ​ គឺជា​ការ​លើកឡើង​របស់​ លោក​ ហ៊ុន​ ម៉ា​នី​ ប្រធាន​គណៈកម្មការ​អប់រំ​ យុវជន​ កីឡា​ ធម្មការ​ កិច្ចការ​សាសនា​ វប្បធម៌​ និង​ទេសចរណ៍​នៃ​រដ្ឋសភា​ នៅក្នុង​កិច្ចប្រជុំ​ជុំ​ជាមួយ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​។

លោក​ហ៊ុន​ ម៉ា​នី​ បាន​មានប្រសាសន៍​ក្នុង​ជំនួប​ជាមួយ​ អភិបាលខេត្ត​ព្រះសីហនុ​ លោក​គួច​ ចំរើន​នា​ថ្ងៃទី​ ថ្ងៃទី២៥​ ខែកញ្ញា​ ឆ្នាំ២០១៩នេះ​ ដោយ​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ច​ខិតខំ​ប្រឹង​ប្រឹង​របស់​អាជ្ញាធរ​ខេត្ត​ ក្នុង​ការ​ដោះស្រាយ​នូវ​បញ្ហា​បន្ទាន់​ៗមួយចំនួន​ដើម្បី​ឆ្លើយតបទៅនឹង​តម្រូវការ​ជាក់ស្តែង​របស់​ប្រជាពលរដ្ឋ​ ក៏ដូចជា​ការអនុវត្ត​កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល​។

លោក​បន្ត​ថា​ “បើ​ទោះបីជា​មាន​មតិ​លើកឡើង​លើ​ចំ​ណុច​ផ្សេង​ៗ ដែល​កើតមាន​ក្នុង​ខេត្ត​ តាម​បណ្តាញ​សង្គម​ក្តី​ តែ​ក្នុង​នោះ​ក៍​មាន​សកម្មភាព​ជាច្រើន​ ដែល​ឆ្លុះបញ្ចាំង​ពី​ការ​ប្រឹងប្រែង​យ៉ាងសកម្ម​របស់​រដ្ឋបាល​ខេត្ត​ ក្នុង​ការ​ដាក់ចេញ​ជា​វិធានការ​ទាន់ពេល​វេលា​ និង​យ៉ាង​ហ្មត់ចត់​ ដើម្បី​ឆ្លើយតប​កង្វល់​ប្រជាជន​ ក៏ដូចជា​សម្រួលការ​បម្រើសេវា​សាធារណៈ​ក្នុង​ខេត្ត​ទាំងមូល​ផង​ដែរ​”។

បច្ចុប្បន្ន​រាជរដ្ឋាភិបាល​បាន​ចាត់ទុក​ខេត្ត​ព្រះសីហនុ​ ជា​តំបន់​សេដ្ឋកិច្ច​គំរូ​ពហុ​បំណង​ស្របតាម​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​ឆ្នាំ​ ២០១៥​-២០២៥​ ។ ខេត្ត​មាន​សក្កា​នុ​ពល​ ខាង​វិស័យ​កសិកម្ម​ ពាណិជ្ជកម្ម​ ឧស្សាហកម្ម​ ទេសចរណ៍​ និង​សំណង់​ ដែល​ជា​វិស័យ​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ ក្នុង​នោះ​មាន​កំពង់ផែ​ទឹកជ្រៅ​ ផ្លូវដែក​ ព្រលា​នយន្តហោះ​ តំបន់​សេដ្ឋកិច្ច​ ឆ្នេរ​ កោះ​ និង​តំបន់​ឧទ្យានជាតិ​។

ម្យ៉ាងទៀត​លំហូរ​អ្នក​វិ​និ​យោ​គគិន​ចិន​ និង​ទេសចរណ៍​ចិន​យ៉ាង​កំ​ហុ​គម​កកាន់​ខេត្ត​ព្រះសីហនុ​ ធ្វើ​ឱ្យ​ខេត្ត​មានការ​អភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស​នា​ពេល​បច្ចុប្បន្ន​នេះ​ និង​មាន​បញ្ហា​ជាច្រើន​រួមមាន​អសន្តិសុខ​ សណ្តាប់​ធ្នាប់​សធា​រណៈ​មិន​មាន​របៀប​រយ​ និង​ហេដ្ឋារចនាសម្ព័ន្ធ​មិនទាន់​ល្អជា​ដើម​។

លោក​ គួច​ ចំរើន​ អភិបាល​ នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ​ ធ្លាប់​មានប្រសាសន៍​ថា​ ខេត្ត​ព្រះសីហនុ​មាន​វិនិយោគិន​ ពាណិជ្ជករ​ អាជីវករ​ ប្រកបរបរ​រកស៊ី​កាន់​ តែ​ច្រើន​ បង្កើន​នូវ​ទំនុកចិត្ត​ពី​ភ្ញៀវ​ទេសចរ​ ដែល​មក​សម្រាក​កម្សាន្ត​នៅ​ខេត្ត​ កាន់តែ​សប្បាយរីករាយ​ និង​មាន​សុវត្ថិភាព​នៅ​លើទឹក​ដី​ខេត្ត​ព្រះសីហនុ​ ដោយ​បច្ចុប្បន្ន​អ្នក​វិនិយោគ​ចិន​ ស្ថិត​លំដាប់​លេខ១ដែល​មក​បណ្ដាក់ទុន​។

លោក​បន្ត​ថា​ ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ ខេត្ត​ព្រះសីហនុ​ មានការ​បណ្ដាក់ទុន​យ៉ាងច្រើន​សន្ធឹក​សន្ធាប់​ ពីសំណាក់​វិនិយោគិន​ ពិសេស​វិនិយោគ​ចិន​ ជាហេតុ​ធ្វើឲ្យ​ខេត្ត​ព្រះ​ សីហនុ​ មានការ​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​ ផ្អែកលើ​គ្រប់​វិស័យ​និង​បាន​ជម្រុ​ញ ឱ្យ​មាន​កំណើន​ប្រជាពលរដ្ឋ​ នៅ​តាម​បណ្ដា​ខេ​ត្ត​ផ្សង​ៗមក​ធ្វើការងារ​ និង​ប្រកបរបរ​ទៅតាម​ជំនាញ​ និង​សមត្ថភាព​ដែល​ខ្លួន​មាន​៕

LEAVE A REPLY

Please enter your comment!
Please enter your name here