ដោយ ម៉ាណេត
ភ្នំពេញៈ របាយការណ៍ថ្មីមួយរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ចេញផ្សាយនៅថ្ងៃនេះបានបង្ហាញថា សេដ្ឋកិច្ចកម្ពុជានៅតែស្ថិតក្នុងដំណើររីកចម្រើនយ៉ាងខ្លាំង នៅឆ្នាំនេះ ទោះបីផលិតផលកសិកម្មមានការកើនឡើងយឺតជាងការរំពឹងទុកក៏ដោយ។

-->
នៅក្នុងការធ្វើបច្ចុប្បន្នភាព នៃការបោះពុម្ពផ្សាយសេដ្ឋកិច្ចប្រចាំឆ្នាំ ដ៏លេចធ្លោរបស់ខ្លួនស្តីពី ចក្ខុវិស័យអភិវឌ្ឍន៍អាស៊ី (ADO) ឆ្នាំ ២០១៩ ធនាគារអភិវឌ្ឍន៍អាស៊ីបានរក្សាការព្យាករណ៍របស់ខ្លួន អំពីកំណើនផលិតផលក្នុងស្រុកសរុបសម្រាប់ កម្ពុជាមានកំណើន ៧,០ ភាគរយ នៅឆ្នាំនេះ និងមានកំណើន៦,៨ ភាគរយនៅឆ្នាំ២០២០។
លោកស្រី Sunniya Durrani-Jamal នាយកប្រចាំប្រទេសរបស់ធនាគារអភិវឌ្ឍន៍អាស៊ីបានមានប្រសាសន៍ថា “សេដ្ឋកិច្ចកម្ពុជាបន្តរីកចម្រើន ក្នុងល្បឿនមួយដ៏រឹងមាំ ដោយសារតែការបន្តពង្រឹង នៅក្នុងវិស័យប្រពៃណី ដូចជា សម្លៀកបំពាក់ ទេសចរណ៍ ពាណិជ្ជកម្ម និងសំណង់”។
លោកស្រីបានឱ្យដឹងថា “ដោយមានការកើនឡើង នូវភាពមិនប្រាកដប្រជានៅក្នុងបរិយាកាសពាណិជ្ជកម្មពិភពលោក និងផលប៉ះពាល់ លើសេវាកម្មដូចជាទេសចរណ៍ កម្ពុជាត្រូវការជាបន្ទាន់ នូវយុទ្ធសាស្ត្រធ្វើពិពិធកម្មចម្រុះទៅជាផលិតផល និងសេវាកម្មដែលមានតម្លៃខ្ពស់”។
លោកស្រីបានបន្តថា “នេះនឹងតម្រូវឱ្យកាត់បន្ថយហានិភ័យ ដែលបានមកពីការផ្តល់ប្រាក់កម្ចី ដល់វិស័យអចលនៈទ្រព្យហួសប្រមាណ ការអភិវឌ្ឍកម្លាំងពលកម្មដែលមានជំនាញ និងផលិតភាពបន្ថែមទៀត ដើម្បីបង្ហាញអំពីការកើនឡើងប្រាក់ឈ្នួល និងការទាក់ទាញការវិនិយោគដើមទុន មានគុណភាពខ្ពស់ដែលទាំងអស់នេះ ត្រូវការអភិបាលកិច្ច និងស្ថាប័នរឹងមាំ”។
របាយការណ៍នេះកត់សម្គាល់ ពីហានិភ័យចំពោះផលិតកម្មពីការប្រែប្រួលអាកាសធាតុ។ ភាពរាំងស្ងួតក្នុងឆមាសទីមួយនៃឆ្នាំនេះ បានកាត់បន្ថយផលដំណាំ និងជលផលដោយកាត់បន្ថយកំណើនកសិកម្មដល់ប្រហែល ១,១ ភាគរយ ក្នុងឆ្នាំនេះ។ កំណើនឧស្សាហកម្មមានភាពរឹងមាំ ដោយសារតែការកើនឡើងនៃការផលិតសម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរ ដែលនាំឱ្យមានការកែលម្អឡើងវិញពី ១០,១ ភាគរយ នៅក្នុងការព្យាករណ៍កាលពីខែ មេសា របស់ធនាគារអភិវឌ្ឍន៍អាស៊ីដល់ ១០,៦ ភាគរយ។

កំណើននាំចូលលឿនជាងការរំពឹងទុក បើទោះបីជាការនាំចេញទំនិញកើនឡើង និងការមកដល់របស់ភ្ញៀវទេសចរ នឹងមានឱនភាពគណនីចរន្ត ដោយមិនរាប់បញ្ចូលការផ្ទេរជាផ្លូវការលើសពីការព្យាករ។ ឱនភាពនេះត្រូវបានផ្តល់ហិរញ្ញប្បទានដោយលំហូរវិនិយោគបរទេសផ្ទាល់ ដែលត្រូវបានគេរំពឹងថានឹងបង្កើន ទុនបម្រុងអន្តរជាតិសរុបប្រមាណ ១២,៣ ពាន់លានដុល្លារនៅចុងឆ្នាំនេះ ដែលផ្តល់នូវការនាំចូលរយៈពេល៦ខែ។

ជាមួយនឹងតម្លៃប្រេងឥន្ធនៈទាប និងការឡើងថ្លៃម្ហូបអាហារបន្តិចបន្តួច អតិផរណាត្រូវបានធ្លាក់ចុះក្នុងអត្រា១,៤ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំនៅចុងខែមិថុនា ហើយត្រូវបានរំពឹងថានឹងមានអត្រាជាមធ្យម២,២ភាគរយសម្រាប់ឆ្នាំ២០១៩៕