ដើម្បី​អាច​បើក​ក្រុមហ៊ុនទេសចរណ៍​បាន​តើ​ត្រូវការ​ឯកសារ​អ្វីខ្លះ​?

0

ដោយ​ គង់​ សូ​រិយា​

ភ្នំពេញ​៖ ការ​បើក​ក្រុមហ៊ុន​មួយ​ ជា​រឿង​សាមញ្ញ​ ប៉ុន្តែ​តើមាន​និ​តិ​វិធី​និង​លក្ខខ័ណ្ឌ​តម្រូវ​អ្វីខ្លះ​ ជា​រឿង​កាន់តែ​ចាំបាច់​ ដើម្បីឲ្យ​អ្នកមាន​បំណង​បើក​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​ជា​ភ្នាក់ងារ​ទេសចរណ៍​បានដឹង​ និង​រៀបចំ​ឯកសារ​ស្នើសុំ​ទៅ​ក្រសួង​និង​ស្ថាប័ន​ពាក់​ព័ន្ឋ។

ការ​ផ្តល់​អាជ្ញាប័ណ្ណ​ទេសចរណ៍​ដល់​ការី​ទេសចរណ៍​ និង​ភ្នាក់ងារ​ទេសចរណ៍​ និង​អាជ្ញា​បណ្ណ​ទេសចរណ៍​សម្រាប់​ការី​ទេសចរណ៍​ និង​ភ្នាក់ងារ​ទេសចរណ៍​ត្រូវ​បាន​បែងចែក​ជា០៤ប្រភេទ​ ដូចជា​ ទី១​ អាជ្ញា​បណ្ណ​ទេសចរណ៍​ ផ្តល់​ដល់​ការី​ទេសចរណ៍​ដែល​នាំ​ភ្ញៀវ​ទេសចរ​ ទៅ​កម្សាន្ត​ក្រៅ​ព្រះរាជាណាចក្រ​កម្ពុជា​ (Outbound​ Tour​ Operators​)ទី២​ អាជ្ញា​បណ្ណ​ទេសចរណ៍​ ផ្តល់​ដល់​ការី​ទេសចរណ៍​ដែល​នាំ​ភ្ញៀវ​ទេសចរ​ចូល​មក​កម្សាន្ត​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ (Inbound​ Tour​ Operators​) ទី៣​ អាជ្ញា​បណ្ណ​ទេសចរណ៍​ ផ្តល់​ដល់​ការី​ទេសចរណ៍​ដែល​នាំ​ភ្ញៀវ​ទេសចរ​ កម្សាន្ត​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ (Domestic​ Tour​ Operators​)

និង​ទី៤អាជ្ញា​បណ្ណ​ទេសចរណ៍​ ផ្តល់​ដល់​ភ្នាក់ងារ​ទេសចរណ៍​ (Travel​ Agent​)។

យោង​តាម​ឯកសារ​របស់ក្រ​សួង​ទេសចរណ៍​បាន​ឲ្យដឹង​ថា​ បុគ្គល​ដែល​មានបំណង​ប្រកប​អាជីវកម្ម​ការី​ទេសចរណ៍​ និង​ភ្នាក់ងារ​ទេសចរណ៍​ ឬបើក​សាខា​ត្រូវ​បំពេញ​សំណុំ​បែបបទ​រួម​ទាំង​ឯកសារ​សំអាង​ និង​ព័ត៌មាន​មួយចំនួន​ដូច​ខាងក្រោម​ ដូចជា​ ត្រូវ​មាន​វិញ្ញាបនបត្រ​បញ្ជាក់​ពី​ការ​ចុះឈ្មោះ​ក្នុង​បញ្ជីពាណិជ្ជកម្ម​ ។មាន​ប្រាក់​តម្កល់​ធានា​អាជីវកម្ម​ពី​ធានា​ ដែល​ទទួលស្គាល់​ដោយ​ក្រសួងទេសចរណ៍​។

ឯកសារ​ដដែល​បាន​បន្ត​ឲ្យដឹង​ថា​ អ្នក​ដែល​មានបំណង​បើក​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​ ក្នុង​វិស័យ​នេះ​ក៏​ត្រូវ​មាន​ឯកសារ​មួយចំនួន​ផង​ដែរ​ ដូចជា​ ទី១​ លិខិតបញ្ជាក់​ទីស្នាក់ការ​ ឬកិច្ច​សន្យា​ជួលផ្ទះ​កិច្ចសន្យា​របស់​ប្រតិបត្តិ​ករ​ទេសចរណ៍​ក្នុង​ការ​ប្រកប​អាជីវកម្ម​ ទី២​ អត្តសញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ​ ឬលិខិតឆ្លងដែន​(សម្រាប់​ជនបរទេស​) ទី៣​ រូបថត​ម្ចាស់​អាជ្ញា​បណ្ណ​ទេសចរណ៍​ (៤x៦) ចំនួន០៣សន្លឹក​។

បុគ្គល​ដែល​ស្នើសុំ​បន្ត​អាជ្ញា​បណ្ណ​ទេសចរណ៍​សម្រាប់​ការី​ទេសចរណ៍​ និង​ភ្នាក់ងារ​ទេសចរណ៍​(រួម​ទាំង​សាខា​) ត្រូវ​បំពេញ​សំណុំ​បែបបទ​រួម​ទាំង​ឯកសារ​សំអាង​ និង​ព័ត៌មាន​មួយចំនួន​ដូចជា​ ទី១​ ​; ត្រូវ​មាន​ប្រាក់​តម្កល់​ធានា​អាជីវកម្ម​ពី​ធានា​ការដែល​ទទួលស្គាល់​ដោយ​ក្រសួងទេសចរណ៍​ ទី២​ អាជ្ញា​បណ្ណ​ទេសចរណ៍​ច្បាប់ដើម​ ទី៣​ របាយការណ៍​សកម្មភាព​អាជីវកម្ម​ឆ្នាំមុន​ ទី៤​ កិច្ចសន្យា​របស់​ប្រតិបត្តិ​ករ​ទេសចរណ៍​ក្នុង​ការ​ប្រកប​អាជីវកម្ម​ ទី៥​ រូបថត​ម្ចាស់​អាជ្ញា​បណ្ណ​ទេសចរណ៍​ (៤x៦) ចំនួន០៣សន្លឹក​។

ប្រាក់​តម្កល់​ធានា​ការ​ប្រកប​អាជីវកម្ម​ការី​ទេសចរណ៍​ និង​ភ្នាក់ងារ​ទេសចរណ៍​ ត្រូវ​បាន​កំណត់​ទៅតាម​វិសាលភាព​ និង​ទំហំ​អាជីវកម្ម​ដូចជា​ អាជ្ញា​បណ្ណ​ទេសចរណ៍​ ផ្តល់​ដល់​ការី​ទេសចរណ៍​ ដែល​នាំ​ភ្ញៀវ​ទេសចរ​ទៅ​កម្សាន្ត​ក្រៅ​ព្រះរាជាណាចក្រ​កម្ពុជា​ (Outbound​ Tour​ Operators​) ត្រូវ​តម្កល់​ប្រាក់ ៧​,០០០ដុល្លារ​អាមេរិក​។ អាជ្ញា​បណ្ណ​ទេសចរណ៍​ ផ្តល់​ដល់​ការី​ទេសចរណ៍​ដែល​នាំ​ភ្ញៀវ​ទេសចរ​ចូល​មក​កម្សាន្ត​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ (Inbound​ Tour​ Operators​) ត្រូវ​តម្កល់​ប្រាក់​ ៥,០០០ដុល្លារ​អាមេរិក​។ អាជ្ញា​បណ្ណ​ទេសចរណ៍​ ផ្តល់​ដល់​ការី​ទេសចរណ៍​ដែល​នាំ​ភ្ញៀវ​ទេសចរ​ កម្សាន្ត​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ (Domestic​ Tour​ Operators​) ត្រូវ​តម្កល់​ប្រាក់​ ៥,០០០ដុល្លារ​អាមេរិក​។ អាជ្ញា​បណ្ណ​ទេសចរណ៍​ ផ្តល់​ដល់​ភ្នាក់ងារ​ទេសចរណ៍​ (Travel​ Agent​) ត្រូវ​តម្កល់​ប្រាក់២​,០០០ដុល្លារ​អាមេរិក​៕

LEAVE A REPLY

Please enter your comment!
Please enter your name here