ដោយៈ រ៉ាណេត
ភ្នំពេញៈ គិតត្រឹមរយៈពេល៨ខែ ក្នុងឆ្នាំ២០១៩ កន្លងទៅនេះកម្ពុជាបានធ្វើការនាំចេញជ័រកៅស៊ូ ទៅកាន់ទីផ្សារអន្តរជាតិបានជិត១៥ម៉ឺនតោន ដែលគិតជាទឹកប្រាក់ស្មើនឹងប្រមាណ២០០លានដុល្លារ។
ផ្អែកតាមរបាយការណ៍ដែលចេញដោយអគ្គនាយកដ្ឋានកៅស៊ូ នៃក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ នៅព្រឹកថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០១៩នេះបានបង្ហាញថា ក្នុងរយៈពេល៨ខែ ឆ្នាំ២០១៩កន្លងទៅនេះ កម្ពុជាបានធ្វើការនាំចេញកៅស៊ូចំនួន១៤៩,២៦៣ តោន កើនឡើង២៤ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន គិតជាទឹកប្រាក់ទទួលបានចំណូលជាង២០០លានដុល្លារអាមេរិក។
របាយការណ៍ដដែលបានបញ្ជាក់ទៀតថា តម្លៃជាមធ្យមរបស់ជ័រកៅស៊ូនៅ៨ខែដំបូងឆ្នាំ២០១៩នេះ មានតម្លៃ ១៣៤០ដុល្លារក្នុង ១តោន បានធ្លាក់ចុះប្រមាណ៣ភាគរយ។ ដូច្នេះបើគិតជាចំណូលដែលកម្ពុជា ទទួលបានពីការនាំចេញជ័រកៅស៊ូរយៈពេល៨ខែ មានចំនួនជាង២០០លានដុល្លារអាមេរិក។ ដោយឡែកសម្រាប់ការនាំចេញជ័រកៅស៊ូ ក្នុងខែសីហា មានចំនួនប្រមាណជាជាង២៣,៣០៨ តោន ខណៈតម្លៃជ័រកៅស៊ូជាមធ្យមក្នុងខែសីហាមានតម្លៃ១ ៣៣៣ ដុល្លារក្នុង១តោន ថយចុះ១.៤៧ ភាគរយ។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ា លឹម ហេង បានមានប្រសាសន៍ថា ការនាំចេញកៅស៊ូពីកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិមានការកើនឡើង ប៉ុន្តែបើនិយាយពីចំណូលរបស់អ្នកផលិតគឺមានការថមថយចុះគួរឱ្យព្រួយបារម្ភ។
លោកឧកញ៉ាបានបន្តទៀតថា “បច្ចុប្បន្ននេះ មានសិប្បកម្មខ្នាតតូចមួយចំនួនបានបិតទ្វារជាបណ្ដើរៗហើយ ដោយសារតែមិនអាចទ្រាំទៅនឹងការចំណាយ និងភាពខាតបង់ជារៀងរាល់ឆ្នាំ”។លោកបន្តថា “អ្វីដែលសំខាន់ ក្រៅពីតម្លៃកៅស៊ូនៅលើទីផ្សារអន្តរជាតិមានការធ្លាក់ចុះ អ្នកជំនួញក្នុងវិស័យនេះ ក៏ដូចជា ក្រុមហ៊ុនដែលធ្វើការនាំចេញត្រូវប្រឈមខ្លាំងនោះគឺការបង់ពន្ធនាំចេញដែលស្ថិតនៅក្នុងកម្រិតមួយខ្ពស់”។
លោកឧកញ៉ាលឹម ហេងបានបន្តថា ពេលនេះសភាពាណិជ្ជកម្មកម្ពុជា បានពិភាក្សា និងធ្វើការស្នើសុំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឱ្យមានការសម្របសម្រួល និងអនុគ្រោះទៅលើការបង់ពន្ធនាំចេញកៅស៊ូ ដោយក្រោមតម្លៃ២០០០ដុល្លារត្រូវបានលើកលែង ខណៈដែលកាលពីពេលកន្លងទៅ ក៏ដូចជាបច្ចុប្បន្ននេះរាល់ការនាំចេញត្រូវបានគិតពន្ធ៥០ដុល្លារ សម្រាប់កៅស៊ូដែលមានតម្លៃ១៥០០ដុល្លារក្នុង១តោន។
លោកឧកញ៉ាបានបញ្ជាក់ថា “ប្រសើនបើការស្នើសុំត្រូវបានខាងលើនេះ មានប្រសិទ្ធភាព គឺជាការជួយសង្គ្រោះ និងលើកទឹកចិត្តដល់អ្នកធ្វើជំនួញក្នុងវិស័យជាខ្លាំង ហើយវាក៏ជាការជួយលើកកម្ពស់ វិស័យដំណាំកៅស៊ូនៅកម្ពុជាមានភាពល្អប្រសើរផងដែរ”។
កាលពីឆ្នាំ២០១៨កន្លងមក កម្ពុជាបាននាំចេញជ័រកៅស៊ូជាង២១ម៉ឺនតោន ទទួលបានចំណូលជិត៣០០លានដុល្លារសហរដ្ឋអាមេរិក ដោយក្នុងនោះភាគច្រើនជ័រកៅស៊ូកម្ពុជា បាននាំចេញទៅកាន់ប្រទេសចិន វៀតណាម សង្ហឹបុរី និងម៉ាឡេស៊ី៕






