អគារ CDC។ រូបថត៖ សហការី
ដោយ វុត្ថា
ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)បានអនុម័តគម្រោងវិនិយោគចំនួន៨មានទឹកប្រាក់៣១៩.៥លានដុល្លារ និងផ្តល់ការងារជូនប្រជាពលរដ្ឋរាប់រយកន្លែង នេះបើតាមរបាយការណ៍កក់ត្រា គំរោងវិនិយោគគិតតែនៅក្នុងខែកញ្ញានេះ។
យោងតាមការផ្សព្វផ្សាយរស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ ២០១៩ ម្សិលមិញនេះបានឱ្យដឹងថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនដូចជា ទី១ ក្រុមហ៊ុន “ MEKO LIGHTING (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រផ្គុំដំឡើងអំពូលភ្លើង និងសម្ភារៈបរិក្ខាអគ្គិសនីគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិចមពល ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ មានទុនវិនិយោគប្រមាណ២,៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣០៦កន្លែង។
-->
ទី២ ក្រុមហ៊ុន- “SILVER BEAUTY (CAMBODIA) ELECTRONIC AND LIGHTING CO., LTD” គម្រោងបង្កើតរោងចក្រផលិតអំពូលភ្លើងគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៣ ភូមិទួលត្បែង ឃុំ ព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ៣,២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន១៧៩កន្លែង។
ទី៣ ក្រុមហ៊ុន “SINE PLASTIC (CAMBODIA) INDUSTRY CO., LTD” គម្រោងបង្កើតរោងចក្រផលិតបំពង់ទឹកជ័រ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិពាម សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៣,៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន១៤០កន្លែង។ ទី៤ ក្រុមហ៊ុន“HONG CHHING (CAMBODIA) INDUSTRIAL DEVELOPMENT CO., LTD” គម្រោងបង្កើត រោងចក្រផលិតសម្ភារៈសំណង់គ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រពាំងស្គន់ ឃុំត្រពាំងរាំង ស្រុកជុំគិរី ខេត្តកំពត មានទុនវិនិយោគប្រមាណ ៥,៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៤៤កន្លែង។
ទី៥ក្រុមហ៊ុន- “MIKOL STONE CO., LTD” គម្រោងបង្កើតរោងចក្រកែច្នៃថ្មម៉ាបផលតិជាគ្រឿងសង្ហារឹម និងសម្ភារៈបរិក្ខារផ្សេងៗ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្ត ព្រះសីហនុ មានទុនវិនិយោគប្រមាណ ២,៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២៥៧កន្លែង។
ទី៦ក្រុមហ៊ុន- “KAM CHING (CAMBODIA) CRAFTS & GIFTS CO., LTD” គម្រោងបង្កើតរោងចក្រផលិតទៀនគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកណ្តឹងធំ ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ មានទុនវិនិយោគប្រមាណ ៣,៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣២០កន្លែង។
ទី៧ក្រុមហ៊ុន- “CUI ZHEN YUAN FOOD CO., LTD.” គម្រោងបង្កើតរោងចក្រកែច្នៃផ្លែឈើគ្រប់ប្រភេទ (ស្វាយ ចេក ម្នាស់ ស្វាយចន្ទី…) ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិក្របីត្រាំ ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ៦,៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៧៧កន្លែង។
និងទី៨ក្រុមហ៊ុន- “ZHENG HENG (CAMBODIA) CO., LTD” គម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលទេសចរណ៍ “តារាសាគរ ឈូងសមុទ្រវែង” រួមមាន៖ សណ្ឋាគារថ្នាក់ផ្កាយ៥ ចំនួន៧០០បន្ទប់ មជ្ឈមណ្ឌលពាណិជ្ជកម្ម រមណីយដ្ឋានទេសចរណ៍ សួនកំសាន្ត ហេដ្ឋារចនាសម្ព័ន្ធ និងគម្រោងផ្សេងៗមួយចំនួនទៀត ដែលមានទីតាំងវិនិយោគស្ថិតនៅឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង មានទុនវិនិយោគប្រមាណ ២៩២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន២.១១៦កន្លែង៕