ដោយ Donald Lee
ប៉េកាំងៈ ទីក្រុងប៉េកាំងបានប្រតិកម្មចំពោះព័ត៌មានរបស់សេតវិមាន ដែលកំពុងពិចារណាអំពីការទប់ស្កាត់ក្រុមហ៊ុនចិន ពីផ្សារហ៊ុនអាមេរិកថាជា “ជំនឿអួតអាង” និង “ ការមើលស្រាលប្រកបដោយគ្រោះថ្នាក់” ចំពោះភាពធន់ និងថាមពលរបស់ខ្លួន”។
ប្រធានាធិបតីអាមេរិក លោក Donald Trump បាននឹងកំពុងពិចារណាអំពីការរាំងខ្ទប់ រាល់ការវិនិយោគរបស់អាមេរិកនៅក្នុងក្រុមហ៊ុនចិន។ នេះបើយោងតាមសេចក្តីរាយការណ៍ ដែលបានផ្សព្វផ្សាយនៅតាមប្រព័ន្ធផ្សព្វផ្សាយនានា កាលពីចុងសប្តាហ៍កន្លងមកនេះ។
ក្រុមអ្នកវិភាគជឿជាក់ថា “សកម្មភាពបែបនេះ នឹងផ្តល់នូវឥទ្ធិពលបន្ថែមដល់លោក Trump នៅក្នុងការចរចាសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន”។
ទីក្រុងប៉េកាំងបានប្រតិកម្មយ៉ាងខ្លាំង ដោយលើកឡើងថា លោក Trump កំពុងមើលស្រាលកម្លាំង និងភាពធន់របស់សេដ្ឋកិច្ចចិន។
កាសែតរដ្ឋចិនបានអត្ថាធិប្បាយថា “ពួកគេ (អាមេរិក) កំពុងលេងជាមួយភ្លើងហើយមើលស្រាលការអភិវឌ្ឍឧស្សាហកម្ម និងក្រុមហ៊ុនផលិតកម្មរបស់ចិន”។
កាសែតនេះបន្តថា “ជំនឿអួតអាងលើការពិត បង្ហាញពីការមើលស្រាលយ៉ាងខ្លាំងនូវអ្វីដែលសេដ្ឋកិច្ច និងសមត្ថភាពរបស់ក្រុមហ៊ុនចិន ។ បន្ទាប់ពីមានការអភិវឌ្ឍអស់រយៈពេល៧០ឆ្នាំកន្លងមកនេះ ប្រទេសចិនបានបង្កើតឧស្សាហកម្មផលិតកម្ម លំដាប់ពិភពលោក និងមានប្រព័ន្ធឧស្សាហកម្មទំនើប និងឯករាជ្យ”។
ទិន្នន័យរបស់ក្រុមហ៊ុន Moody’s បានបង្ហាញរបាយការណ៍ថា សង្គ្រាមពាណិជ្ជកម្មបានធ្វើឱ្យសេដ្ឋកិច្ចអាមេរិក បង្កើតការងារបានតិចជាង ៣០០,០០កន្លែង ហើយអាចឈានដល់ជិតកន្លះលាននាក់នៅចុងឆ្នាំនេះ។
របាយការណ៍នេះបន្តថា សហរដ្ឋអាមេរិក និងចិនកំពុងបង្កអន្តរាយដល់ខ្លួនឯងនៅពេលពួកគេរុញច្រានគ្នាទៅវិញទៅមក ដោយរំពឹងថានឹងមិនចុះសម្រុងនឹងគ្នាឡើយ។
របាយការណ៍របស់ Moody បាននិយាយថា “ប្រទេសទាំងពីរបានអះអាងថា សេដ្ឋកិច្ចរបស់ពួកគេមានកម្លាំងគ្រប់គ្រាន់ ដើម្បីទប់ទល់នឹងភាពចលាចលពាណិជ្ជកម្ម ប៉ុន្តែពួកគេកំពុងបន្តជំរុញគោលនយោបាយ ដើម្បីទូទាត់ការចំណាយនៃសង្គ្រាម”៕






