ដោយ វុត្ថា
ភ្នំពេញ៖ មូលនិធិអារ៉ាប៊ីសាអូឌីតសម្រាប់អភិវឌ្ឍ (Saudi Fund Development-SFD) នៃប្រទេសអារ៉ាប៊ីសាអូឌីត បានបង្ហាញពីបំណងផ្តលហិរញ្ញសហប្រតិបត្តិការជាឥណទានសម្បទានដល់រដ្ឋាភិបាលកម្ពុជា ដើម្បីយកទៅអនុវត្តគម្រោង សំដៅរួមចំណែកបង្កើនល្បឿននៃការអភិវឌ្ឍនៅកម្ពុជា។
លោក Saud F.M. Al Suwelim ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសអារ៉ាប៊ីសាអូឌីតប្រចាំនៅកម្ពុជា នៅក្នុងជំនួបជាមួយលោកអូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅថ្ងៃទី២ ខែតុលា ឆ្នាំ២០១៩ នេះ បានវាយតម្លៃខ្ពស់ចំពោះកម្ពុជា ដែលសម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់ និងប្រកបដោយចីរភាព ក្នុងរយៈពេលជាងពីរទស្សវត្សរ៍កន្លងមកនេះ។
-->
លោកអូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានឱ្យដឹងដែរថា កន្លងទៅថ្មីៗនេះរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវវិធានការកែទម្រង់គ្រប់ជ្រុងជ្រោយ ដើម្បីទាក់ទាញការវិនិយោគ សម្រួលពាណិជ្ជកម្ម និងជំរុញសកម្មភាព សេដ្ឋកិច្ចនៅកម្ពុជា។
លោកបន្តថា “ពេលនេះគឺជាឱកាសដ៏មានសារៈសំខាន់ ដែលវិនិយោគិនអារ៉ាប់ប៊ីសាអូឌីតគួរតែមក ស្វែងយល់អំពីកាលានុវត្តភាពវិនិយោគនៅកម្ពុជា”។ លោកបន្តថា “ បច្ចុប្បន្ន វិសាលភាពនៃកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរកម្ពុជា និងអារ៉ាប៊ីសាអូឌីត នៅមិនទាន់សាកសមជាមួយសក្តានុពល ដែលប្រទេសទំាងពីរមាននៅឡើយ”។
លោកបន្ថែមថា ក្នុងន័យនេះភាគីទាំងពីរ បានឯកភាពជំរុញឱ្យមានការផ្លាស់ប្តូរទស្សនកិច្ចទៅវិញទៅមក រវាងថ្នាក់ដឹកនាំទាំងកម្រិងនយោបាយ ទាំងកម្រិតបច្ចេកទេស ព្រមទាំងថ្នាក់ដឹកនាំធុរកិច្ច នៃប្រទេសទាំងពីរដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែសកម្ម និងស៊ីជម្រៅថែមទៀត។ ដោយឡែក ពាក់ព័ន្ធនឹងសមត្ថកិច្ចរបស់ក្រសួសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ភាគីទាំងពីរនឹងជំរុញកិច្ចសហប្រតិបត្តិការ ផ្នែកហិរញ្ញប្បទានសម្រាប់ការអភិវឌ្ឍ។
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងបន្តពិភាក្សាជាមួយមូលនិធិអារ៉ាប៊ីសាអូឌីតសម្រាប់អភិវឌ្ឍន៍ (Saudi Fund Development-SFD) នៃប្រទេសអារ៉ាប៊ីសាអូឌីតអំពីលក្ខខណ្ឌនៃឥណទាននេះ មុននឹងឈានទៅកំណត់វិស័យអាទិភាព និងលើកសំណើគម្រោង ដើម្បីឱ្យស្របតាមយុទ្ធសាស្ត្រស្តីពី ការគ្រប់គ្រងបំណុលសាធារណៈរបស់រដ្ឋាភិបាលកម្ពុជា សំដៅធនាបាននូវកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព នៅក្នុងរយៈពេលវែង និងមិនមានហានិភ័យបំណុល៕