ក្រុមហ៊ុន​វិនិយោគ​សិង្ហ​បុ​រី​ធំៗ​ចំនួន១៩​ មក​ស្វែងរក​ឱកាស​វិនិយោគ​នៅ​កម្ពុជា

0

​ដោយ​ វុត្ថា​

ភ្នំពេញ​៖ ក្រុមហ៊ុន​ធុរកិច្ច​សិង្ហបុរី​ចំនួន១៩​ ដែល​ដឹកនាំ​ដោយ​ លោក​ Mike​ Lee​ អនុប្រធាន​ទទួលបន្ទុក​ការងារ​អាស៊ាន​ នៃ​ក្រុមហ៊ុន​ Global​ Business​ Division​ និង​មានការ​ចូលរួម​អមដំណើរ​ពី​ក្រុម​មន្ត្រី​ស្ថានទូត​សិង្ហបុរី​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ ដើម្បី​ស្វែងយល់​អំពី​ឱកាស​នៃ​ការ​ធ្វើ​ពាណិជ្ជកម្ម​ និង​វិនិយោគ​នៅ​កម្ពុជា​។

លោក​ Mike​ Lee​ នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​លោក​ទេស​រដ្ឋមន្រ្តី​ ស៊ុន​ ចាន់​ថុល​ រដ្ឋមន្ត្រី​ក្រសួង​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​ នៅ​ពី​ថ្ងៃទី​ ២ ខែតុលា​ម្សិលមិញ​នេះ​ បានឱ្យ​ដឹងពី​គោលបំណង​ គំនិត​ និង​បញ្ហា​អាទិភាព​របស់​ក្រុមហ៊ុន​នេះ​ និង​បាន​សម្តែង​ចំណាប់​អារម្មណ៍​របស់​ខ្លួន​នៅក្នុង​ការពិចារណា​លើ​ឱកាស​ថ្មី​នៃ​ការ​វិនិយោគ​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​កម្ពុជា​។

លោក​ទេស​រដ្ឋមន្រ្តី​ ស៊ុន​ ចាន់​ថុល​ បាន​ស្វាគមន៍​ចំពោះ​ក្រុមហ៊ុន​សិង្ហបុរី​ ដែល​មានបំណង​ចង់​វិនិយោគ​លើ​វិស័យ​ផ្លូវថ្នល់​ ផ្លូវ​ល្បឿន​លឿន​ និង​ផ្លូវដែក​ ដោយ​ផ្អែកលើ​គោលការណ៍​ កសាង​ ប្រតិបត្តិ​ ផ្ទេរ​ (BOT​) និង​បាន​សម្តែង​ការ​គាំទ្រ​ និង​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​ដើម្បី​ស្វាគមន៍​ និង​ជួយ​សម្រួល​ដល់​ក្រុមហ៊ុន​សិង្ហបុរី​ ដទៃទៀត​ដែល​មានបំណង​មក​វិនិយោគ​នៅ​កម្ពុជា​ផង​ដែរ​។

លោក​ទេស​រដ្ឋមន្រ្តី​ បាន​ជម្រាប​ជូន​គណៈប្រតិភូ​អំពី​គោលការណ៍​អាទិភាព​ នៃ​ការ​អភិវឌ្ឍ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ដែល​រួមមាន​៖ ទឹក​ ផ្លូវ​ ភ្លើង​ និង​ធនធានមនុស្ស​ ការ​អភិវឌ្ឍ​បណ្តាញ​ផ្លូវថ្នល់​នៅ​កម្ពុជា​ ដើម្បី​ បម្រើ​ដល់​វិស័យ​ដឹកជញ្ជូន​ ការពង្រីក​ និង​លើកកម្ពស់​គុណភាព​បណ្តាញ​ផ្លូវថ្នល់​ពី២គន្លង​ទៅ៤គន្លង​ និង​ពី​ផ្លូវ​ DBST​ ទៅ​ផ្លូវ​កៅស៊ូ​បេតុង​ (AC​) គម្រោង​កំពុង​ដំណើរការ​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-ក្រុង​ព្រះសីហនុ​ និង​ការ​តភ្ជាប់​ផ្លូវដែក​កម្ពុជា​ ជាមួយ​ប្រទេសជិតខាង​។

ជាមួយគ្នា​នេះ​ផង​ដែរ​ លោក​ទេស​រដ្ឋមន្ត្រី​ បាន​លើកឡើង​អំពី​ការ​ខិតខំ​ប្រឹងប្រែង​ក្នុង​ការស្វែងរក​ដៃគូ​ អភិវឌ្ឍ​ផ្លូវដែក​ពី​ភ្នំពេញ​ ទៅ​វៀតណាម​ ការប្រើ​ប្រាស់​ប្រព័ន្ធ​ស្វ័យប្រវត្តិ​កម្ម​ដើម្បី​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទទួល​បាន​សេវា​សាធារណៈ​ កាន់តែ​មាន​ភាព​ងាយស្រួល​ និង​លឿន​ជាង​មុន​ ក្នុង​នោះ​រួមមាន​៖ការចុះបញ្ជី​យានយន្ត​តាម​ប្រព័ន្ធ​អន​ឡាញ​ ការប្រើ​ប្រាស់​ QR​ Code​ លើ​ផ្លាក​លេខ​យានយន្ត​ បណ្ណ​សម្គាល់​យានយន្ត​ និង​លើ​បណ្ណ​បើកបរ​ ដើម្បី​កាត់បន្ថយ​ការ​ក្លែងបន្លំ​ និង​ការប្រើ​ប្រាស់​កម្មវិធី​ថែទាំ​ផ្លូវ​ (ROAD​ CARE​ Mobile​ App​) ដែល​អាច​ឱ្យ​ ប្រជាពលរដ្ឋ​ថតរូប​ភាព​ផ្លូវ​ខូច​ ផ្ញើ​ទៅកាន់​ក្រុមការងារ​ជួសជុល​ ដើម្បី​ចុះ​មក​ជួសជុល​បាន​ទាន់ពេល​វេលា​។

លោក​ ទេស​រដ្ឋមន្ត្រី​ឱ្យ​ដឹង​បន្ត​ថា​ រាជរដ្ឋាភិបាល​កំពុង​សិក្សា​គម្រោង​ប្រព័ន្ធ​ប្រតិបត្តិ​ការ​រថភ្លើង​ស្វ័យប្រវត្តិ​ (AGT​) និង​ Monorail​ ដើម្បី​សម្រួល​ដល់​ការ​ធ្វើដំណើរ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ ក៏ដូចជា​ដោះស្រាយ​បញ្ហា​កកស្ទះ​ចរាចរណ៍​នៅក្នុង​រាជធានី​ភ្នំពេញ​នា​ពេល​បច្ចុប្បន្ន​ផង​ដែរ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here