អត្រាគ្មានការងារធ្វើនៅកម្ពុជា មានត្រឹម ០,៣0%

0

ដោយ ដែន ចែងចាំង

ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានលើកឡើងថា អត្រាគ្មានការងារធ្វើនៅកម្ពុជាមានត្រឹម០,៣០ភាគរយ គិតត្រឹមដំណាច់ឆ្នាំ២០១៧កន្លងមកនេះ។

 

លោក វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានថ្លែងលើកឡើងនៅក្នុងវេទិការសាធារណៈស្តីពី ថវិការឆ្នាំ២០១៨ នៅទីស្តីការក្រសួង ថ្ងៃទី១៥ ខែកមរា ឆ្នាំ២០១៨ នេះថា នៅក្នុងអណត្តិ៥ឆ្នាំនេះ រាជរដ្ឋាភិបាលបានបង្កើតការងារជាច្រើនជូនប្រជាជន ទាំងក្របខណ្ឌជាតិ ក្របខណ្ឌក្រោមជាតិ និងប្រជាពលរដ្ឋទូទៅ ដោយបានធ្វើឲ្យអត្រាអត់ការងារធ្វើនៅក្នុងឆ្នាំ២០១៧ មានត្រឹមតែ០,៣%ប៉ុណ្ណោះ។ នេះគឺជាចំនួនតិចតូចបំផុត នៃប្រជាជនអត់ការងារធ្វើ ដូចនេះយន្តការបង្កើនផលកំណើន បានបង្កើតការងារយ៉ាងច្រើនជូនប្រជាជន។

 

លោកបន្តថា “នៅក្នុងក្របខណ្ឌបង្កើតការងារនេះ យើងបានខិតខំជម្រុញចំណូលរបស់ប្រជាជនមានការកើនឡើងជាច្រើន ក្នុងនោះនៅក្នុងក្របខណ្ឌមន្រ្តីរាជការ ប្រាក់បៀវត្សរ៍ក៏បានកើនឡើងច្រើនបំផុត បើគិតពីផលទុនជាតិសរុប(GDP) នៅក្នុងរយៈពេល៥ឆ្នាំ គឺបានកើនឡើងជិត៦០ភាគរយនៃ GDP។ ចំណែកប្រាក់ចំណូលនៃមន្រ្តីរាជការ គឺបានកើនឡើងជិត៣ដង (គឺជិត៣០០%) ក្នុងនោះពាក់ព័ន្ធប្រាក់ចំណូលកម្មករវិញ នៅក្នុងឆ្នាំ២០១៣ទទួលបានប្រាក់ខែ ត្រឹមតែ៨០ដុល្លារនៃប្រាក់ខែគោល ហើយមកដល់ឆ្នាំ២០១៨នេះ បានឡើងដល់១៧០ដុល្លារ គឺបានកើនឡើងជាង២ដង បើធៀបទៅនឹងរយៈពេលពីមុន។ ចំណែកទាក់ទិនប្រាក់ចំណូលប្រជាជនវិញ គឺបានកើនឡើងលើស GDP ដែលជាការឆ្លុះបញ្ចាំងនៃការបែងចែកធនធានប្រកបដោយសមធម៌។

 

ទន្ទឹមនឹងប្រាក់ចំណូលកើនឡើង លឿនជាង GDP បែបនេះ ការចំណាយរបស់រដ្ឋាភិបាល ក៏ត្រូវបានដោះស្រាយសមរម្យ នៅក្នុងអតិផរណា៣%ផងដែរ។ បច្ចុប្បន្នរាជរដ្ឋាភិបាលបានលុប និងកាត់បន្ថយពន្ធជាច្រើន ពាក់ព័ន្ធនឹងចំណាយរបស់ប្រជាជនទូទៅ ដែលធ្វើឲ្យប្រសើរដល់អ្នកមានចំណូលទាប ហើយចំណាយបង់រំលោះសាធារណៈក៏បានកាត់បន្ថយ លុបបំបាត់ដូចជា ផាស៊ីពន្ធលើថ្លៃតូបជាដើម។ ក្រៅពីនេះរាជរដ្ឋាភិបាលក៏បានបង្កើនចំណាយថែមទៀតនៅលើសេវាសាធារណៈថ្មីៗ គឺការការគាំពារសង្គម រួមជាមួយបង្កើនចំណាយសាធារណៈមួយចំនួនទៀត ដើម្បីដោះស្រាយតម្រូវការជីវភាព និងអាជីវកម្មរបស់ប្រជាជន ជាពិសេសនៅតាមតំបន់ជនបទ ក្នុងនោះចំណាយវិនិយោគ សាធារណៈក៏បានកើនឡើងជាច្រើន។លោកវង្សី វិស្សុតបញ្ជាក់ឲ្យដឹង៕

LEAVE A REPLY

Please enter your comment!
Please enter your name here