ការសាងសង់ផ្សារព្រំដែនកម្ពុជា-វៀតណាម ជាការជំរុញកំនើនពាណិជ្ជកម្ម

0

ដោយ វុត្ថា

ភ្នំពេញ៖ ផ្សារគំរូព្រំដែនកម្ពុជា-វៀតណាម លើកដំបូងឈ្មោះថា «ផ្សារដា» ដែលមានទីតាំងស្ថិតនៅក្នុងស្រុកមេមត់ ជាប់ព្រំដែនខេត្តត្បូងឃ្មុំ និងខេត្តតៃនិញ ត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវការហើយ ដោយគ្រោងចំណាយទឹកប្រាក់វិនិយោគជាង២លានដុល្លារអាមេរិក។

ថ្លែងនៅក្នុងពិធីបញ្ចុះបឋមសិលា និងបើកការដ្ឋានសាងសង់នៅក្នុងឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃម្សិលម៉ិញ លោកប៉ាន សូរស័ក្តិ បានបង្ហាញជំនឿថា ផ្សារគំរូព្រំដែននេះ នឹងជួយបង្កើនទំហំពាណិជ្ជកម្មនៅតាមព្រំដែន និងលើកកម្ពស់ជីវភាពប្រជាជនកម្ពុជា-វៀតណាម។ លើសពីនេះ លោករដ្ឋមន្រ្តីក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលវៀតណាម ជាពិសេសក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម ព្រមទាំងភាគីពាក់ព័ន្ធ ដែលបានជួយសម្របសម្រួលគម្រោងសាងសង់ផ្សារនេះ ដើម្បីទុកជានិម្មិតរូប និងជាសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ។

លោកបន្តថា “ការបង្កើតផ្សារគំរូនេះ គឺជាការចាប់ផ្តើមទំព័រសករាជថ្មីមួយទៀត នៃការពង្រឹងកិច្ចសហការ និងសម្រួលពាណិជ្ជកម្មនៅតាមព្រំដែននៃប្រទេ​សទាំងពីរ ឱ្យកាន់តែមានភាពងាយស្រួល និងជិតប្រជាពលរដ្ឋ ជាពិសេសឈានទៅសម្រេចឲ្យបាន នូវទំហំពាណិជ្ជកម្មចំនួន៥,០០០លានដុល្លារ តាមផែនការមេដែលបានគ្រោងទុកក្នុងពេលអនាគត”។លោកបន្តថា «ខ្ញុំសង្ឃឹមថាផ្សារនេះ នឹងបម្រើអត្ថប្រយោជន៍ប្រជាពលរដ្ឋកម្ពុជា និងសម្រាប់ដាក់លក់ទំនិញរបស់ប្រជាជននៃប្រទេសទាំងពីរ ជាពិសេសរួមចំណែកដោះស្រាយបញ្ហាប្រឈម និងរបាំងពាណិជ្ជកម្មនានា ដែលតែតែងរាំងស្ទះដល់ធ្វើចរាចរណ៍ទំនិញ និងផលិតផលនៅតាមព្រំដែនកម្ពុជា និងវៀតណាម»។

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា លោកវ៉ូ ហ្គុងមិញបានគូសបញ្ជាក់ថា ពិធីបើកការដ្ឋានសាងសង់ផ្សារដាថ្ងៃនេះ គឺដើម្បីអបអរខួបលើកទី៥០ នៃថ្ងៃបង្កើ​តទំនាក់ទំនងការទូតរវាងកម្ពុជា-វៀតណាម ហើយព្រឹត្តិការណ៍នេះនឹងរួមចំណែ​កពង្រឹងមិត្តភាពប្រពៃណី និងកិច្ចសហប្រតិបត្តិការគ្រប់វិស័យនៃប្រទេសទាំងពីរថែមទៀត។

 

លោកបន្តថា «ខ្ញុំសង្ឃឹមថាការសាង់សង់ផ្សារដានេះ នឹងនាំមកនូវក្តីសង្ឃឹមថ្មីសម្រាប់ប្រជាជនកម្ពុជា និងវៀតណាម ហើយនឹងក្លាយជាគំរូនៃការអភិវឌ្ឍ និងការពង្រីកកិច្ចសហការសេដ្ឋកិច្ច និងពាណិជ្ជកម្មនៅតាមព្រំដែននៃប្រទេសទាំងពីរនៅថ្ងៃអនាគត ប្រកបដោយជោគជ័យ»។

 

គម្រោងសាងសង់ផ្សារនេះ ត្រូវបានអនុម័តលើកដំបូងកាលពីឆ្នាំ២០១៣ ហើយត្រូវបានបន្តអនុវត្តន៍ឡើងវិញនៅឆ្នាំ២០១៦ នៅលើផ្ទែដីទំហំ១៩,៦២៨ម៉ែត្រការ៉េ ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសថារីត្បូងឃ្មុំ ជាមួយទុនវិនិយោគសរុបចំនួន៤៤,៧៦១,៤១១,០០០វៀតណាមដុង ឬប្រមាណជិត២លានដុល្លារអាមេរិក ដែលជាជំនួយរបស់រដ្ឋាភិបាលវៀតណាម។

នៅក្នុងកំឡុង៥ឆ្នាំចុងក្រោយនេះ លំហូរវិនិយោគផ្ទាល់ពីបរទេស(FDI) មក​កម្ពុជា មានតម្លៃចន្លោះពី ១,៧ពាន់លានដុល្លារ ទៅ២ពាន់លានដុល្លារអាមេរិក។ ដោយឡែកទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-វៀតណាម មានការកើនឡើងគួរឲ្យកត់សម្គាល់។ គិតត្រឹមរយ:ពេល១១ខែ នៃឆ្នាំ២០១៧ ប្រទេសទាំងពីរសម្រេចបានទំហំពាណិជ្ជកម្ម៣,៤៣៨លានដុល្លារ កើនឡើង៣១,៥ភាគរយ បើធៀបនឹងឆ្នាំ២០១៦ ដែលមានចំនួនត្រឹមតែ ២,៩២៦លានដុល្លារប៉ុណ្ណោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here