ដោយៈ រ៉ាណេត
ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងទេសចរណ៍ បានត្រៀមខ្លួនរួចជាស្រេចក្នុងការរៀបចំមហាព្រឹត្តិការណ៍ធំៗចំនួន៥នៅចុងឆ្នាំនេះ ដើម្បីជាការបន្ថែមកម្លាំងក្នុងការអូសទាញបណ្តាភ្ញៀវទេសចរមកកាន់កម្ពុជាឱ្យកាន់តែច្រើន។
គិតចាប់ពីដើមខែវិច្ឆិកា រហូតដល់ចុងខែធ្នូ ឆ្នាំ២០១៩ខាងមុខនេះ ក្រសួងទេសចរណ៍នឹងរៀបចំមហាព្រឹត្តិការណ៍ទេសចរណ៍ធំៗចំនួន៥ នៅតាមបណ្តាខេត្ត/ក្រុង ផ្សេងៗ គ្នា។ ព្រឹត្តិការណ៍ទាំង៥ រួមមានដូចជា ទី១ ទិវាសត្វផ្សោតទន្លេមេគង្គ ឆ្នាំ២០១៩ ថ្ងៃទី២៥-២៧ ខែតុលា ធ្វើនៅខេត្តក្រចេះ ទី២ ទិវាបុណ្យកោងកាង ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៩-១១ ខែវិច្ឆិកា នៅសហគមន៍ពាមក្រសោម ខេត្តកោះកុង។ ទី៣ ព្រះរាជពិធីបុណ្យុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលជាបុណ្យប្រពៃណីជាតិខ្មែរដ៏ធំមួយ ចាប់ពីថ្ងៃទី១០-១២ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅរាជធានីភ្នំពេញ។ ទី៤ ព្រឹត្តិការណ៍កីឡាពាក់កណ្តាល Maraton ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៩ និងទី៥ ពិធីបុណ្យសមុទ្រលើកទី៨ ចាប់ពីថ្ងៃទី២០-២២ ខែធ្នូ ឆ្នាំ២០១៩ នៅខេត្តកំពត។
-->
ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោកស្រីឆាយ ស៊ីវលីន បានមានប្រសាសន៍ឲ្យដឹងនាព្រឹកថ្ងៃទី២១ តុលានេះថា ព្រឹត្តិការណ៍ទាំង៥ខាងលើដែលរដ្ឋាភិបាលរៀបចំតាមរយៈក្រសួងទេសចរណ៍នេះ វាគឺជាផលិតផលទេសចរណ៍យ៉ាងសំខាន់ ដែលអាចជាចលករណ៍ ក្នុងការអូសទាញភ្ញៀវទេសចរមកកាន់កម្ពុជាបន្ថែម។
លោកស្រីបានបន្តទៀតថា “ប៉ុន្មានឆ្នាំចុងក្រោយនេះ ដូចជាព្រឹត្តិការណ៍បុណ្យអ៊ុទូក មិនត្រូវបានធ្វើឡើយដោយសារតែកក្តាធម្មជាតិ ហើយក៏ជះឥទ្ធិពលមួយចំណែកក្នុងវិស័យទេសចរណ៍ផងដែរ”។ លោកស្រីបន្តថា “ដោយឡែកនៅក្នុងឆ្នាំនេះ ក្រៅពីរដ្ឋាភិបាលសម្រេច ឱ្យមានព្រឹត្តិការណ៍ព្រះរាជពិធីបុណ្យអ៊ុទូក ថែមទាំងមានព្រឹត្តិការណធំៗចំនួន៤ផ្សេងទៀត ដែលកាន់តែជួយជាកម្លាំងក្នុងការអូសទាញទេសចរ”។
លោកស្រីបានបញ្ជាក់ថា ជាមួយនឹងការរៀបចំព្រឹត្តិការណធំៗ ប្រចាំឆ្នាំទាំង៥ខាងលើនេះ តំណាងឱ្យក្រុមហ៊ុនទេសចរណ៍ឯកជនចំនួន៣០០ ជាសមាជិករបស់សមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា ក្នុងចំណោមក្រុមហ៊ុនទេសចរណ៍សរុប នៅកម្ពុជាប្រមាណ៧០០ សូមបង្ហាញពីការគាំទ្រយ៉ាងពេញទំហឹង និងចូលរួមសហការ ដើម្បីជំរុញឱ្យវិស័យទេសចរណ៍កម្ពុជាមានភាពល្អប្រសើរ។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកថោង ខុន បានមានប្រសាសន៍កាលពីពេលកន្លងទៅនេះថា កម្ពុជាមានមរតកវប្បធម៌ដ៏សម្បូរបែប ជាពិសេសតំបន់ប្រាសាទនានាជាបេតិកភណ្ឌពិភពលោក របស់អង្គការ UNESCO ជាផលិតផលដ៏ពិសិដ្ឋ ព្រមជាមួយធនធានធម្មជាតិ ដែលជាកក្តាលីករទាក់ទាញទេសចរណ៍ មកពីជុំវិញពិភពលោក កាន់តែច្រើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។
រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងទេសចរណ៍ កំពុងខិតខំបន្ថែមទៀត ដើម្បីធ្វើការអភិវឌ្ឍផលលិតផលទេសចរណ៍ នៅតាមគោលដៅសំខាន់ៗផ្សេងទៀត ទាំងនៅសៀមរាប រាជធានីភ្នំពេញ តំបន់ឆ្នេរ ច្រករបៀងភាគខាងត្បូង និងតំបន់អេកូទេសចរណ៍នៅភូមិភាគឦសាន និងភូមិភាគនិរតីដែលមានព្រៃកោងកាងដ៏ស្រស់បំព្រង និងធំជាងគេនៅអាស៊ីអាគ្នេយ៍៕




