កូរ៉េ​ខាងត្បូង​ជាមួយ​អាស៊ាន​នឹង​ជំរុញ​វិស័យ​ទេសចរណ៍​ដែល​ជា​សក្តា​នុ​ពល​សេដ្ឋកិច្ច​នៅ​អាស៊ី​អាគ្នេយ៍​

0

ដោយ​ Donald​ Lee​

ភ្នំ​ពេញៈ​ រដ្ឋមន្រ្តី​រដ្ឋ​កូរ៉េ​ខាងត្បូង​ និង​អាស៊ាន​រួម​ទាំង​កម្ពុជា​បាន​ចាប់ផ្តើម​ពិភាក្សា​យ៉ាង​ខ្លាំង​ស្តី​ពី​វិធី​ជំរុញ​ សក្តា​នុ​ពល​ទេសចរណ៍​រវាង​ប្រទេស​មួយ​ ក្នុងចំណោម​ប្រទេស​មាន​សេដ្ឋកិច្ច​ធំជាង​គេ​នៅ​អាស៊ី​ និង​តំបន់​ដែល​មាន​ប្រជាជន​ជិត ៧០០លាន​នាក់​ និង​ផលិតផល​ក្នុង​ស្រុក​សរុប​កើនឡើង​ដល់៣ទ្រី​លាន​ដុល្លារ​។

ក្រសួងវប្បធម៌​ កីឡា​ និង​ទេសចរណ៍​កូរ៉េ​ខាងត្បូង​ បាន​ថ្លែង​នៅក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ថា​ តាមរយៈ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​វប្បធម៌​នេះ​ យើង​រំពឹង​ថា​នឹង​បង្កើត​សន្ទុះ​មួយ​សម្រាប់​ការ​អភិវឌ្ឍ​យ៉ាង​ខ្លាំង​ នៅក្នុង​កិច្ច​សហប្រតិបត្តិ​ការ​ និង​ផ្លាស់​ប្តូរ​វប្បធម៌​កូរ៉េ​ និង​អាស៊ាន​។

រដ្ឋមន្រ្តី​សង្ឃឹមថា​ “នឹង​បង្កើត​គម្រោង​រួមគ្នា​រយៈពេល​វែង​ រវាង​រដ្ឋ​ជាស​មា​ជិ​កទាំងអស់​”។

ក្រសួង​នឹង​ស្នើ​ឱ្យ​មាន​គម្រោង​សហប្រតិបត្តិ​ការ​ចម្រុះ​ និង​ជាក់ស្តែង​ដើម្បី​ពង្រីក​ការ​ផ្លាស់​ប្តូរ​វប្បធម៌​កូរ៉េ​ និង​អាស៊ាន​ដែល​ជាផ្នែក​មួយ​នៃ​ការងារ​ នៃ​គោលនយោបាយ​ថ្មី​ខាងត្បូង​។

គោលនយោបាយ​ថ្មី​ខាងត្បូង​ ដែល​ជា​គំនិត​ផ្តួចផ្តើម​បង្កើត​ឡើង​ ដោយ​ប្រធានាធិបតី​ Moon​ Jae​-in​ មាន​គោលបំណង​ជំរុញ​ ទំនាក់ទំនង​រវាង​កូរ៉េ​ខាងត្បូង​ និង​អាស៊ាន​ និង​បង្កើន​ទំនាក់ទំនង​ពាណិជ្ជកម្ម​ និង​វិនិយោគ​។

ប្រទេស​កូរ៉េ​បាន​ផ្តោត​ការ​យកចិត្ត​ទុកដាក់​ភាគច្រើន​ លើ​គំនិត​ផ្តួចផ្តើម​របស់​ខ្លួន​នៅ​កម្ពុជា​។ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា​ និង​កូរ៉េ​ខាងត្បូង​បាន​ឈាន​ដល់៨៥​ លាន​ដុល្លារ​ក្នុងរយៈពេល៤ខែ​ដំបូង​នៃ​ឆ្នាំ​ ២០១៩​។ ការនាំចេញ​របស់​កម្ពុជា​ទៅ​កូរ៉េ​ខាងត្បូង​មានតម្លៃ២១​,៦លាន​ដុល្លារ​ កើន៤​,៣៨ភាគរយ​ បើ​ប្រៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។

កូរ៉េ​ខាងត្បូង​បាន​ឈរ​នៅ​លំដាប់​ទី២​ ក្នុង​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​នៅ​កម្ពុជា​។ រហូតមកដល់​ពេលនេះ​ រដ្ឋាភិបាល​កម្ពុជា​បាន​អនុម័ត​គម្រោង​វិនិយោគ​ របស់​កូរ៉េ​ចំនួន​ ២១២​ គម្រោង​ដែល​មាន​ទឹកប្រាក់​ចំនួន៤​,៥៦ពាន់​លាន​ដុល្លារ​។ ក្រុមហ៊ុន​កូរ៉េ​ខាងត្បូង​ជិត៣០០បាន​ធ្វើ​ប្រតិបត្តិ​ការ​នៅ​កម្ពុជា​ ដោយ​ផ្តល់​ការងារ​ដល់​មនុស្ស​រាប់ពាន់​នាក់​។

ពាណិជ្ជកម្ម​ទ្វេភាគី​របស់​កូរ៉េ​ខាងត្បូង​ និង​អាស៊ាន​នឹង​ឈាន​ដល់​ទំហំ​ទឹកប្រាក់​ ២០០ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ២០២០​។ គោលដៅ​ដើម​នៃ​ការ​ឈាន​ដល់២០០ពាន់​លាន​ដុល្លារ​ នៅក្នុង​ពាណិជ្ជកម្ម​ទ្វេភាគី​ត្រូវ​បាន​ផ្តួចផ្តើម​ឡើង​ក្នុង​ឆ្នាំ២០១៤​។

ប្រទេស​កូរ៉េ​ខាងត្បូង​ បាន​កត់ត្រា​អតិរេក​ពាណិជ្ជកម្ម​យ៉ាងច្រើន​ ដែល​មាន​ចំនួន​ ៩៣​,៤ពាន់​លាន​ដុល្លារ​ជាមួយ​អាស៊ាន​កាលពី​ឆ្នាំមុន​។

ការនាំចេញ​ភាគច្រើន​ទៅកាន់​អាស៊ី​អាគ្នេយ៍​ គឺ​បន្ទះ​ឈី​បកុំព្យួទ័រ​ និង​វាយនភ័ណ្ឌ​។ នេះ​យោង​តាម​របាយការណ៍​របស់​ធនាគារ​កូរ៉េ​។

ទំហំ​ពាណិជ្ជកម្ម​សរុប​រវាង​កូរ៉េ​ និង​តំបន់​អាស៊ាន​ បាន​កើនឡើង​ដល់១៦០ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ២០១៧​ គឺ​កើនឡើង​ទ្វេដង​ បើ​ប្រៀបធៀប​នឹង​ឆ្នាំមុន​មួយទៀត​ ហើយ​គ្រោង​នឹង​ឈាន​ដល់​ ទំហំ​ទឹកប្រាក់២០០ពាន់​លាន​ដុល្លារ​នៅ​ចុងឆ្នាំ២០២០​៕

LEAVE A REPLY

Please enter your comment!
Please enter your name here