ចិនលូកដៃកាន់តែជ្រៅដើម្បីជំរុញការនាំចេញផលិតផលកសិកម្មពីកម្ពុជា

0

ដោយ ដួង ចន្រ្ទា

ភ្នំពេញ៖ ប្រទេសចិនបានលូកដៃកាន់តែជ្រៅចូលក្នុងសេដ្ឋកិច្ចកម្ពុជា តាមរយៈការបង្កើតការផលិតពូជស្រូវថ្មី ក្នុង​គោលដៅជំរុញការនាំចេញនូវផលិតផលកសិកម្មកម្ពុជា។

រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទលោក វេង សាខុន បានថ្លែងបន្ទាប់ពីពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា រវាងក្រសួងកសិកម្ម និងមជ្ឈមណ្ឌលស្រូវហាយប្រ៊ីត ហ៊ូណាន និងក្រុមហ៊ុនបច្ចេកវិទ្យាកសិកម្មជាងស៊ូឡុងអានស្តីពី ការស្រាវជ្រាវផលិតពូជស្រូវហាយប្រ៊ីតប្រភេទជប៉ុននីកាកាលពីម្សិលម៉ិញនេះថា ការចុះហត្ថលេខានាពេលនេះ ពិតជាបានឆ្លើយតបទៅនឹងការសន្យា របស់លោកនាយកដ្ឋរដ្ឋមន្ត្រី នៃសាធារណៈរដ្ឋប្រជាមានិតចិន ក្នុងដំណើរទស្សនកិច្ចជាផ្លូវការមកកាន់កម្ពុជា កាលពីពេលកន្លងទៅថ្មីៗនេះ។លោកបន្តថា មួយវិញទៀតពិធីនេះ គឺស្របពេលដែលក្រសួងកសិកកម្មបាន និងកំពុងជំរុញឲ្យប្រជាកសិករធ្វើការផ្លាស់ប្តូរដំណាំ ពីដំណាំដែលផ្តល់ទិន្នផលតិច និងគ្មានទីផ្សារ ទៅធ្វើដំណាំដែលផ្តល់ទិន្នផលខ្ពស់ប្រកបដោយ គុណភាពនិងមានទីផ្សារល្អ សំដៅដល់ការជំរុញផលិតភាពផលិតកម្មបង្កើនសន្តិសុខស្បៀង និងបង្កើនសមត្ថភាពចិញ្ចឹមលើផ្ទៃដីដដែល។

 

យោងតាមព៌តមានដែលបានចែកចាយលើលើបណ្តាញសង្គមហ្វេសប៊ុកលើផេករបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឲ្យដឹងថា ពិធីចុះហត្ថលេខាយោគយល់គ្នានេះ ក្នុងគោលបំណងជំរុញផលិតកម្មពូជស្រូវប្រភេទជប៉ុននីកាផ្យព្វផ្សាយដល់ប្រជាកសិករ យកទៅដាំដុះរួចធ្វើការកែច្នៃ ដើម្បីនាំចេញទៅកាន់ទីផ្សារចិន និងទីផ្សារអន្តរជាតិ។ ភាគីចិនក៏បានសន្យានឹងព្យាយាមអនុវត្តរាល់ខ្លឹមសារ នៃអនុស្សារណៈយោគយល់គ្នានេះឲ្យបានល្អប្រសើរដើម្បីជាប្រយោជន៍របស់ប្រទេសទាំងពីរ ជាពិសេសដើម្បីការអភិវឌ្ឍន៍វិស័យកសិកម្ម (ដំណាំស្រូវ) នៅកម្ពុជានាពេលអនាគត។

 

លោកវេង សាខុនបានបន្តថា “វាជាការរិតចំណងមិត្តភាព សាមគ្គីភាព ជាប្រពៃណីរវាងរដ្ឋាភិបាលទាំងពីរ និងជាពិសេសរវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ និងក្រសួងកសិកម្មនៃសាធារណៈរដ្ឋប្រជាមានិតចិន ហើយក៏ដូចជាការអនុវត្តគោលនយោបាយ ខ្សែប្រវ៉ាត់ និងផ្លូវរបស់ប្រធានាធិបតីស៊ី ជិនភីងផងដែរ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here