រដ្ឋមន្រ្តីពាណិជ្ជកម្មសន្យាជំរុញបង្កើនការនាំចេញអង្ករ

0

ដោយ វ៉ាវី

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ឯកឧត្តមប៉ាន សូស័ក្តិបានមានប្រសាសន៍ថា ក្រសួងបាននិងកំពុងប្តេជ្ញា​ពង្រឹង​សង្វាក់តម្លៃអង្ករកម្ពុជា ដើម្បីប្រកួតប្រជែងនៅលើទីផ្សារអន្តរជាតិ ស្របពេលទីផ្សារអង្ករកម្ពុជាកាន់តែធ្វើពិពិធកម្មកើន​ឡើង។

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានថ្លែងឲ្យដឹងក្នុងពិធីបិទវេទិកាស្រូវ អង្ករលើកទី៦កាលពីម្សិលម៉ិញថា លោក​នឹងខិត​ខំ​សហការជាមួយបណ្តាក្រសួង-ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍នានា ព្រមទាំងសហព័ន្ធស្រូវអង្ករកម្ពុជា ធ្វើកិច្ចការចំពោះ​មុខជាច្រើនទៀត ទាក់ទងនឹងការអភិវឌ្ឍខ្សែសង្វាក់តម្លៃអង្កររបស់កម្ពុជា រួមមានការពង្រឹងបច្ចេកទេសផលិត និងកែច្នៃ​អង្កររបស់កម្ពុជា ការកាត់បន្ថយតម្លៃនាំចេញ និងដោះស្រាយបញ្ហាប្រឈមនានា និងការពង្រីកទីផ្សារឲ្យបានជាអតិបរិមា ដើម្បីលើកកម្ពស់សមត្ថភាពប្រកួតប្រជែងអង្ករកម្ពុជានៅលើទីផ្សារអន្តរជាតិ។

លោកប៉ាន សូស័ក្តិក៏បានលើកឡើងពីកិច្ចប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម ក្នុង​ការ​អភិ​វឌ្ឍសង្វាក់តម្លៃអង្ករ តាម​រយៈគម្រោងពិពិធកម្ម និងពង្រីកការនាំចេញរបស់កម្ពុជាដំណាក់កាលទី១ នៃកម្មវិធី​ពង្រឹ​ង​ក្រប​ខណ្ខសមាហរណកម្ម (EIF) រាប់ចាប់ពីការប្រើប្រាស់គ្រាប់ពូជ ដែលមានគុណភាព ទៅជាការផលិត និងកែច្នៃអង្ករ ដើម្បី​ផ្គត់ផ្តង់ទីផ្សារក្នុងស្រុក និងនាំចេញដោយជោគជ័យជាង៤៤ពាន់តោនកាលពីឆ្នាំ២០១៣ ព្រមទាំងធ្វើឲ្យអង្ករកម្ពុជាឈ្នះ​ពានរង្វាន់អង្ករ​គុណភា​ពលំដាប់ពិភពលោក ចំនួន៣ឆ្នាំជាប់គ្នា។

លើសពីនេះ លោករដ្ឋមន្ត្រី ក៏បានបន្តជម្រាបជូនអំពីការចូលរួមចំណែករបស់ក្រសួងពាណិជ្ជកម្ម ក្នុងការកាត់​បន្ថយថ្លៃដើមផលិត កែច្នៃ និងនាំចេញអង្ករ តាមរយៈការលុបចោលកម្រៃសេវានានា ការដាក់ឲ្យអនុវត្តន៍ប្រព័ន្ធស្វ័យ​ប្រវត្តិកម្មវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ និងការសម្រួលការចុះបញ្ជីម៉ាកវិញ្ញាតកម្មទំនិញអង្ករឈ្មោះ «ម្លិះអង្គរ» ជា​ដើម។ បន្ថែមលើនេះឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តដល់សហព័ន្ធស្រូវអង្ករ ចូលរួមឲ្យបានកាន់តែសកម្ម​ក្នុងកិច្ច​ការផ្សព្វផ្សាយម៉ាកអង្ករកម្ពុជា និងការជំរុញការនាំអង្ករចេញទៅកាន់ទីផ្សារអន្តរជាតិទាំងបច្ចុប្បន្ន និងអនាគត។

ដើម្បីអភិវឌ្ឍន៍សង្វាក់តម្លៃផលិតផលកសិកម្មចំនួន៥ប្រភេទ រួមទាំងស្រូវអង្ករ ក្រសួងពាណិជ្ជកម្មបានដាក់ឲ្យ​អនុវត្តន៍គម្រោង «ជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច» ហៅថាAIMSកាលពីខែឧសភា ឆ្នាំ២០១៧ សំដៅពង្រឹ​ង​សមត្ថ​ភា​ព និងបច្ចេកទេសដាំដុះរបស់ប្រជាកសិករ ក្នុងការផលិតស្រូវឲ្យមានគុណភាព និងទិន្នផលខ្ពស់ និងតភ្ជាប់សមាគមក​សិករជាមួយរោងម៉ាស៊ីនកិនស្រូវ ក៏ដូចជាទីផ្សារទាំងក្នុង និងក្រៅប្រទេស៕

LEAVE A REPLY

Please enter your comment!
Please enter your name here