ដោយ វុត្ថា
ភ្នំពេញ៖ វិស័យអាកាសចរណ៍កម្ពុជាកាន់តែបង្ហាញសញ្ញាវិជ្ជមាន ដោយនៅពេលឆាប់ៗខាងមុខនេះ ក្រុមហ៊ុនអាកាសចរណ៍មួយមកពីប្រទេសតួគី នឹងភ្ជាប់ជើងហោះហើរត្រង់មកកាន់កម្ពុជា។
ក្នុងជំនួបជាមួយសម្តេចអគ្គមហាពញ្ញាចក្រីហេង សំរិនប្រធានរដ្ឋសភាជាតិនាព្រឹកថ្ងៃទី២៦ មករានេះ លោក អ៊ីលហាន កេម៉ាល់ តាគ (H.E.Mr. ILHAN Kemal Tug) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋតួគី ដែលត្រូវបានចប់អាណត្តិពីកម្ពុជា បានលើកឡើងថា លោកមានការខកចិត្តយ៉ាងខ្លាំង ក្នុងកិច្ចខិតខំប្រែងរបស់លោក ក្នុងបេសករយៈពេល៤ឆ្នាំក្នុងប្រទេសកម្ពុជាកន្លងមកនេះ ដោយមិនបានសម្រេចក្នុងការរៀបចំឲ្យ មានជើងហោះហើរត្រង់ពីប្រទេសតួគីមកកម្ពុជា។
លោកបន្តថា “ការមិនមានជើងហោះហើរត្រង់មកកម្ពុជានេះ ដោយសារតែប្រទេសតួកគីបានជួបប្រទះ នូវវិបត្តិសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ ដែលបានធ្វើឲ្យមានការផ្អាកនូវគម្រោងហោះហើរនេះ”។ ទោះជាយ៉ាងណាក៏ដោយលោករំពឹងថា ក្នុងអាណត្តិឯកអគ្គរដ្ឋទូតថ្មី ដែលមកដល់ប្រទេសកម្ពុជាខាងមុខដ៏ខ្លីនេះ នឹងជំរុញអោយមានជើងហោះហើរ ដឹកអ្នកដំណើរត្រង់ពីតួគីមកកម្ពុជា និងពីកម្ពុជាទៅតួគីវិញ។
លោកឯកអគ្គរដ្ឋទូតបានបញ្ជាក់ថា កន្លងមកនេះ ក៏មានជើងយន្តដឹកទំនិញហោះហើរពីរជើង ក្នុងមួយសប្តាហ៍ពីតួគីមកកម្ពុជា។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានគាំទ្រដល់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដែលរដ្ឋាភិបាលនៃប្រទេសទាំងពីរបានធ្វើរួមគ្នា និងបន្តបង្កើននូវកិច្ចសហប្រតិបត្តិការថ្មីៗថែមទៀត ជាពិសេសវិស័យពាណិជ្ជកម្ម និងទេសចរណ៍ ដើម្បីឧត្តមប្រយោជន៍ប្រជាជាតិទាំងសងខាង ដើម្បីបង្កើនទំហំពាណិជ្ជកម្ម និងសេដ្ឋកិច្ចប្រទេសទាំងពីរ៕